អត្ថន័យ ទង់ព្រះពុទ្ធសាសនា


អត្ថន័យ ទង់ព្រះពុទ្ធសាសនា

● ទង់​ព្រះពុទ្ធសាសនា​

តាំងពី​ព្រះ​សម្មាសម្ពុទ្ធ​បរមគ្រូ​ទ្រង់​បរិនិព្វាន​ទៅ​ពុំ​ទាន់​មាន​ ប្រទេស​ ពុទ្ធសាសនិក​ណា​មួយ​បាន​ផ្តើម​បង្កើត​ទង់​ព្រះ​ពុទ្ធសាសនា​ឱ្យ​មាន​រូប​រាង​ ឡើង​ពិត​ប្រាកដ​ដូច​ក្នុង​ប្រពៃណី​ឯ​ទៀត​ឡើយ​នោះ​ទេ​ ។

លុះ​ដល់​ថ្ងៃ​ អង្គារ ៦ រោច ខែ ជេស្ធ ឆ្នាំខាល ទោស័ក ព.ស. ២៤៩៤ ត្រូវ​នឹង​ថ្ងៃ​ទី ៦ ខែ មិថុនា គ.ស ១៩៤០(?) ទើប​ពុទ្ធិក​ប្រទេស​ទាំង ២៩ មាន​ប្រទេស​ស្រី​លង្កា​ជា​ដើម បាន​បង្កើត​ពុទ្ធិក​សមាគម​ពិភពលោក ហើយ​បាន​ធ្វើ​សន្និ​សីទ​លើកទី ១ នៅ​ប្រទេស​ស្រី​លង្កា ដែល​មាន​គណៈ​ប្រតិភូ​ខ្មែរ​យើង មាន​សម្តេច​ព្រះ​មហាសុមេធា​ធិបតី ជួន ណាត ជោតញ្ញាណោ ព្រះ​សង្ឃនា​យក​គណៈ មហា​និកាយ​​ជា​ប្រធាន​ទៅរួម​ប្រជុំ​ផង បាន​មូល​មតិ​គ្នា​បង្កើត​ទង់​សាសនា​ឡើង​ហៅថា ទង់​ពុទ្ធិក សមាគម​ពិភព​លោក ​(តាមលក្ខន្តិកៈ​នៃ​សមាគម​ដែល​មាន​ ២៧ មា​ត្រា) ត្រង់​មាត្រា​២៦​ ចែង​ថា៖

ទង់​របស់​ពុទ្ធិក​សមាគម​ពិភព​លោក ជា​ទង់​មាន​ពណ៌ ៦​ តម្រូវ​នឹង​ឆព្វណ្ណរង្សីរបស់​ព្រះ​សម្ពុទ្ធ​ជាម្ចាស់​ ជា​មូល​ដ្ឋាន​តាំង​គំរូដែល​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​ការ​បាន​ធ្វើ​ហើយ ។ ដូច្នេះ​ទង់​ព្រះ​ពុទ្ធ​សាសនា ក៏​បាន​ឧបត្តិក​ឡើង​ជា​ស្ថាពរ​តាំង​ពី​កាល​នោះ​មក ។

~        ព្រះបរម​លោក​នាថ ព្រះអង្គ​មាន​រស្មី ៦ ពណ៌ ផ្សាយ​ចេញ​ពីព្រះវរកាយ​យ៉ាង​នេះ​ដោយ​លទ្ធផល​នៃ​ទាន​បរមត្ថ​បារមី ដែល​ព្រះ​អង្គ​បាន​សាង​មក​ពី​អតីត​ភាព​យ៉ាង​អស្ចារ្យ ហើយ​ដែល​​គ្មាន​នរណា​ម្នាក់​​អាច​ធ្វើ​បាន​ដូច​ព្រះ​អង្គ​ឡើយ ឯ​រស្មី​នីមួយ​ៗ ជា​តំ​ណាង​ព្រះ​ជាតិ​របស់​ព្រះ​អង្គ​នីមួយ​ៗ​ដែរ​ គឺ​ ៖

១-​​ ពណ៌​ខៀវ ជា​តំ​ណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​ព្រះ​បាទ​ស្រី​ភិ​រាស្ត្រ ។ កាល​នោះ ព្រះ​ឥន្ទ្រា​ធិរាជ​បាននិម្មិត​ខ្លួន​ជា​ព្រាហ្មណ៍​ចាស់​ម្នាក់​ចូល​មក​សូម​ ព្រះ​នេត្រ​ព្រះអង្គ​ទាំង​គូ  ព្រះ​អង្គ​ទ្រង់​ឆ្កៀល​ព្រះ​នេត្រ​ព្រះ​អង្គ​ទាំ​ងពីរ​ឱ្យ​ទៅ​ឥន្ទ​ ព្រាហ្មណ៍។

២- ពណ៌​លឿង ជា​តំ​ណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​វិ​នី​បណ្ឌិត ។ កាល​នោះ​ព្រះ ឥន្ទ្រាធិរាជ​បាន​និម្មិត​ខ្លួ​ន​ជា​យក្ស​ធ្វើ​ជា​ជាង​មាស ។ វិនី​បណ្ឌិត​បាន​អារ​សាច់​ខ្លួន​ឱ្យ​​ជាង​មាស ដើម្បី​ផែ​ធ្វើ​ជា​មាស​បិទ​ព្រះ​ពុទ្ធ​រូប ។

៣- ពណ៌​ក្រហម ជា​តំណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​បទុម​មាណព ។ គ្រា​នោះ មាន​ពស់​មួយ​ប្រកប​ដោយ​ពឹស​ដ៏​ពន្លឹក​ចឹក​មាតា​ព្រះ​អង្គ ព្រះ​អង្គ​ទ្រង់​យក​កាំបិត​មក​ពុះ​ទ្រូង លូក បេះ​ដូង​មក​ផ្សំ​ថ្នាំ​មើល​មាតា​ឱ្យ​​បាន​គង់​ជីវិត ។

៤- ពណ៌​ស ជា​តំណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​ព្រះ​វេស្សន្តរ​បាន​ប្រទាន​ដំរី មង្គល​មួយ​ឈ្មោះ បច្ច័យនា​គេន្ទ្រ ជា​សត្វ​សម្រាប់​រាជ្យ ដ៏​មាន​អវៈយវៈ​ស​សុទ្ធ​ដល់​ពួក​ព្រាហ្មណ៍​កលិង្គ​រដ្ឋ​។ ពួក​អ្នក​នគរ​ស្រី​ពិ​រាស្ត្រ ក៏​នាំ​គ្នា​ខឹង​បំបរ​បង់​ព្រះអង្គ​ឱ្យ​​ទៅ​នៅ​នា​វង្កត​បព៌ត ។

៥- ពណ៌​ហង្សបាទ (ស៊ី​ជម្ពូ​ខ្ចី​ដូច​ជើង​ហង្ស) ជា​តំណាង​ព្រះ​អង្គ​កាល​ទ្រង់​សោយ​ព្រះ​ជាតិជាវិជ្ជាធរ ។ មាតា​ព្រះ​អង្គ ត្រូវ​យក្ស​ចាប់​យក​បាន ​ព្រះ​អង្គ​ទ្រង់​អារ​សាច់​ឱ្យ​យក្ស​បរិភោគ​ជំនួស​ជីវិត​មាតា ។

៦- ពណ៌ផ្លេក​ (គឺជា​ពន្លឺពេជ្រ គឺ​គេ​យក​ពណ៌​ទាំង​ ៥ ខាង​ដើមនី​មួយ ៗ មក​ដាក់​បញ្ចូល​គ្នា​ក្នុង​ផ្ទាំងទី ​៦ នេះ​ជា​ពណ៌​មួយ) ជា​តំ​ណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​ទន្សាយ​ឈ្មោះសោម​បណ្ឌិត មាន​ព្រះ​តម្លា​សទ្ធា​ចង់​បំពេញ​ទាន​បរមត្ថ​បារមី។ គ្រា​នោះ​ព្រះ​ឥន្ទ្រា​ធិរាជបាន​និម្មិត​ខ្លួន​ជាព្រាហ្មណ៍​ចាស់​ម្នា​ក់​ អត់​អាហារ​ដើរ​ចូល​មក។ ទន្សាយ​សោម​បណ្ឌិតបាន​រលាស់​ខ្លួន ៣ ដងដើម្បី​ឱ្យ​សត្វ​ល្អិត​ជ្រុះ​ចេញ​ពី​រោម​របស់​ព្រះ​អង្គ រួច​ក៏​លោត​ចូល​ក្នុង​ភ្នក់​ភ្លើង​ទៅ ដើម្បី​ចម្អិន​សាច់ព្រះ​អង្គ​ឱ្យ​ដល់​ឥន្ទព្រាហ្មណ៍​បរិភោគ ។​

រស្មី​ ទាំង​ ៦ ពណ៌​នេះ បាន​ផ្សាយ​ចេញ​អំពី​ព្រះវរកាយ​ព្រះ​អង្គ ក្នុង​ពេល​ត្រាស់​ដឹង​នូវ​អនុត្តរសម្មា​សម្ពោធិ​ញ្ញាណ ក្នុង​ពេល​សម្ដែង បាដិហារ្យ​ដើម្បី​កម្ចាត់​បង់​នូវ​អស្មិមានះ​នៃ​ព្រះ​ញាតិ​របស់ ព្រះ​អង្គ ដែល​មាន​សេចក្តី​សម្គាល់​ថា ព្រះ​អង្គ​ជា​មនុស្ស​នៅ​ក្មេង​មិន​គួរ​គោរពនិងក្នុង​ពេល​ព្រះ​អង្គ​ធ្វើយមក​ បាដិហារ្យ​ផ្ទាញ់​ពួក​និ​គ្រន្ថ​លើ​ដើម​គណ្ឌាមព្រឹក្ស (ដើម​ស្វាយ​របស់​នាយ​គណ្ឌៈ) ។

ដូច្នោះ​ហើយ បាន​ជា​ពុទ្ធិកសមាគម​ពិភព​លោក​ដែល​នៅ​ប្រទេស​ស្រី​លង្កា​លើក​ទី១ នោះ ផ្តើម​ធ្វើ​ទង់​ពុទ្ធសាសនា​មាន ៦ ពណ៌តម្រូវ​នឹង​ឆព្វណ្ណ​រង្សី​របស់​ព្រះពុទ្ធ​ជា​ម្ចាស់ ។

ដកស្រង់ពី កម្ពុជាសូរិយា ឆ្នាំ ១៩៦២ របស់លោក ថង់ វង

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s