អានិសង្ស​សាង​ព្រះពុទ្ធរូប ជួសជុល​ព្រះ​ចេតិយ និង​ទោស​ខ្វេះ​ភ្នែក​សត្វ


រឿង​កុនាលរាជ​កុមារ
(ចាក​ អ. ម.)
(អានិសង្ស​សាង​ព្រះពុទ្ធរូប ជួសជុល​ព្រះ​ចេតិយ និង​ទោស​ខ្វេះ​ភ្នែក​សត្វ)

 

 

 

 

 

 

 

សម័យ​ក្រោយ​ពុទ្ធកាល ព្រះ​នាង​អសន្ធ​មិត្តា ជា​ឯក​អគ្គមហេសី​ព្រះបាទធម្មាសោក មាន​ព្រះ​រាជបុត្រ​មួយអង្គ​ប្រកប​ដោយ​រូប​ឆោម​សមល្អ​អស្ចារ្យ ក្នុង​ពេល​ប្រសូត្រ​ហើយ សេនា​ប​តី​​មួយ​រូប បានទៅ​ថ្វាយ​ដំណឹង​ព្រះ​បាទ​ធម្មាសោក​ថា សូម​មហារាជ​ក្សាន្ត​ព្រះ​រាជ​ហ​ឫ​ទ័យ​​ចុះ ព្រោះ​ព្រះ​រាជ​បុត្រ​ដ៏​ល្អ​អស្ចារ្យ​បាន​ប្រសូត្រ​ហើយ។

ព្រះ​រាជា មាន​ព្រះទ័យ​ត្រេកអរ ទ្រង់​បន្លឺ​ព្រះសូរសី​ហនាទថា រាជ​ត្រកូល​យើង​បាន​ថ្កើន​រុង​រឿង​ដល់​ថ្នាក់​ខ្ពស់​បំផុត​ហើយ ព្រោះ​យើង​បាន​គ្រប់​គ្រង​រាជ្យ​ប្រកប​ដោយ​ធម៌​ទើប​បាន​រាជបុត្រ​ប្រសើរ​បែប ​នេះ សូម​ឲ្យ​វា​បាន​ទំនុក​បំរុង​ពុទ្ធសាសនា ឲ្យ​ចម្រើន​ក្រៃ​លែង​ទៀត។

ពេល​នោះ​ ភីលៀង​បាន​នាំ​ព្រះ​រាជ​បុត្រ​ទៅ​ថ្វាយ​ទង​ព្រះរាជា​ទត​ហើយ សព្វ​ព្រះទ័យ​ណាស់ ទ្រង់​ត្រាស់​ថា ចក្ខុ​របស់​ទារកនេះ​ស្អាត​ណាស់ វាបាន​ប្រកប​ដោយ​មហាកុសលធំ​ណាស់ ដូច​ជា​ផ្ដា​ឧប្បល​ទើប​នឹង​រីក មាន​ភក្ត្រ​ល្អ​ស្រស់​ប្រិមប្រិយ អ្នក​ណា​បាន​ឃើញ អ្នក​នោះ​នឹង​បាន​សប្បាយ​រីករាយ​គ្រប់​គ្នា។ តើ​លោក​សេនាបតី​ធ្លាប់​បាន​ឃើញ​មនុស្ស​មាន​ភ្នែក​ល្អ​ ដូច​ចក្ខុ​ទារក​ខ្ញុំ​ដែរឬ?

សេនាបតី​ក្រាប​បង្គំ​ទូល​ថា ភ្នែក​របស់​មនុស្ស​ក្នុង​លោក​នេះ មិន​មាន​ល្អ​ដូច​ព្រះនេត្រ​រាជ​ទារក​នេះ​ឡើយ​មាន​តែ​បក្សី​ម្យ៉ាង​នៅ​កំពូល​ ភ្នំ​ហេមពាន្ត​ឈ្មោះ​កុនាលៈ ទើប​មាន​ភ្នែក​ល្អ ប្រដៀង​នឹង​ព្រះនេត្រ​ព្រះ​រាជទារក​នេះ។

គ្រា​នោះ​ ព្រះរាជា​បាន​ប្រើ​យក្ស​ជាសេនា ឲ្យ​ទៅ​ចាប់​បក្សី​កុនាលៈ​នោះ​មកថ្វាយ​ទត លុះ​បាន​ទត​ភ្នែក​បក្សី​នោះ​ហើយ ត្រាស់​ថា អើហ្ន ! ភ្នែក​បក្សី​នេះ​ល្អ​ដូច​នេត្រា​ទារក​អញ ដូច្នេះ​យើង​ថ្វាយ​នាម​ទារក​យើង​ថា “កុនាលរាជកុមារ”ព្រះនាម និង​ព្រះ​នេត្រ​ដ៏​ល្អ​នេះ ក៏​ល្បី​ទូទាំង​ជម្ពូទ្វីប។ លុះ​ព្រះរាជកុមារ កុនាលៈពេញវ័យ​ហើយ ព្រះញាតិ​វង្ស​បាន​ថ្វាយ​រាជកុមារី​ម្នាក់​ឈ្មោះ​កាញ្ចន​មាលា​ជាព្រះ​ជាយា។

ថ្ងៃ​មួយ ព្រះរាជា​បាន​នាំ​ព្រះរាជ​កុមារ​កុនាលៈ ទៅ​វត្ត​កុក្កុដារាម ថ្វាយ​បង្គំ​ព្រះ​យសត្ថេរ ៗ បាន​ពិចារណា​ព្រះ​រូប​ឆោម​ដ៏​ល្អ​ស្រស់​របស់​ព្រះកុនាលៈ​ហើយ ជ្រាប​ថា តទៅ​ថ្ងៃ​មុខ ព្រះរាជ​កុមារ​នេះ​នឹង​ខូច​ព្រះ​នេត្រ​ទាំង​ពីរ ព្រោះផល​កម្ម​ខ្វេះ​ភ្នែក​សត្វ​ពីអតីតជាតិ លុះ​ខូច​ព្រះនេត្រ​ហើយ​នឹង​បាន​សម្រេច​មគ្គផល​ថ្នាក់​សកទាគាមិ ព្រោះ​ផល​ល្អ​ដែល​បាន​សាង​ព្រះ​ពុទ្ធ​រូប និង​ជួស​ជុល​ព្រះ​ចេតិយ។ លោក​ជ្រាប​ដូច្នេះ​ហើយ ទើប​ថ្វាយ​ព្រះពរ​ព្រះរាជា​ថា បពិត្រ​មហារាជ​ហេតុអ្វី​បាន​ជា​ទ្រង់​មិន​អនុញ្ញត​ឲ្យ​ព្រះ​អង្គ ម្ចាស់​កុនាលៈ​ស្ដាប់​ធម៍​ដោយ​គោរព?

ព្រះ​រាជា ទ្រង់​អនុញ្ញាត​ឲ្យព្រះ​រាជបុត្រ ធ្វើ​តាម​ឱវាទ​ព្រះថេរៈ ព្រះរាជកុមារ ក៏​ចូល​ទៅ​ជិត​ថ្វាយ​បង្គំ ប្រុងស្ដាប់​ធម៌ ព្រះថេរៈ​មាន​ថេរដីកា​ថា សូម​ព្រះ​រាជ​កុមារ​យក​ព្រះ​ទ័យ​ទុក​ដាក់ ព្យាយាម​ពិចារណា​នូវ​វិបស្សនា​កម្មដ្ឋាន​ជានិច្ច​រាល់​ថ្ងៃ​ថា “ចក្ខុនោះៗ មិន​មែន​ជា​របស់​ខ្លួន​ឡើយ” បើ​ព្រះ​រាជកុមារ បាន​ពិចារណា​ស្ទាត់​ជំនាញ​ហើយ សេចក្ដី​សុខ​ដ៏​ធំ​ទូលាយ នឹង​កើត​មាន​ដល់​ព្រះ​រាជ​កុមារ​មិន​ខាន។ តាំង​ពី​ពេល​នោះ​មក ព្រះកុនាល​រាជកុមារ ខំ​ព្យា​យាម​​ពិចារណា​តាម​ថេរដីកា​ឥត​ធ្វេស​ប្រហែស​ឡើយ។

ថ្ងៃ​មួយ បាន​ចូល​ទៅ​សម្ងំ​ពិចារណា​ក្នុង​ព្រះរាជ​ដំណាក់​ស្ងាត់ ស្រាប់​តែ​នាង​តិស្សរក្ខិតា ជាព្រះ​មាតាចុង​ដែល​មាន​សេចក្ដី​ស្នេហា​ព្រះ​រូប​ឆោម​រាជកុមារ បាន​ចូល​ទៅឱប​រឹត និយាយ​ប្រលោម​ក្នុង​ផ្លូវ​កាម​តណ្ហា ព្រះ​រាជ​កុមារ​សុំអង្វរ​ហើយ​មាន​បន្ទូល​ថា ទូល​បង្គំ​មិន​ចង់​ឮ​វាចា​អពមង្គល​នេះ​ឡើយ ព្រះ​អង្គ​ក៏​ជា​មាតា​ទូល​បង្គំ​ដែរ មិន​គួរ​មក​ធ្វើ​កម្ម​ដ៏​លាមក​ដូច្នេះ​សោះ អំពើ​នេះ​នឹង​នាំ​ព្រះអង្គ​ទៅ​នរក​មិន​ខាន សូម​ព្រះ​អង្គ​យាង​ចេញ​ពី​បន្ទប់​ដ៏​ស្ងាត់​របស់​ទូល​បង្គំ​នេះ​ទៅ កុំ​នៅ​បង្អង់​យូរ ទូល​បង្គំ​សុខ​ចិត្ត​លះ​បង់​ជីវិត​ ដើម្បី​សុចរិត​ធម៌ ទូល​បង្គំ​មិន​បំពេញ​បំណង​អាប់​យស​របស់​ព្រះ​អង្គ​ឡើយ។

នាង​តិស្សរក្ខិតា កាល​មិន​បាន​សម្រេច​ដូច​បំណង​ហើយ ក៏​ត្រលប់​ទៅ​មហាប្រាសាទ​វិញ មាន​សេចក្ដី​អៀន​ខ្មាស់​ក្រៃ​លែង ចាប់​ពី​ថ្ងៃ​នោះ​មក នាង​ខំ​ស្វែង​រក​ទោស​ដើម្បី​សម្លាប់​ព្រះ​រាជកុមារ​ជា​ការ​សងសឹក។

ក្នុង​ពេល​មួយ​ ដែរ​មាន​ការ​បះបោរ នា​ក្រុង​តក្កសិលា​ក្នុង​ដែន​គន្ធារៈ ព្រះ​រាជា​សព្វ​ព្រះ​ទ័យ​ទៅ​បង្ក្រាប​ផ្ទាល់​ព្រះអង្គ។ ពួក​សេនាបតី​ក្រាប​បង្គំ​ទូល​ថា បពិត្រ​មហារាជ ការ​បះបោរ​នោះ​មិន​ធំ​ប៉ុន្មាន​គួរ​នឹង​យាង​ទៅ​បង្ក្រាប​ផ្ទាល់​ព្រះ​អង្គ​ ឡើយ គ្រាន់​តែ​ចាត់​ព្រះ​រាជបុត្រ​អង្គ​ណាមួយ​ទៅ​បង្ក្រាបបាន​ហើយ។

ព្រះរាជា​ត្រាស់​សយរ​ទៅ​កុនាលៈថា កូន​អាច​ទៅ​បង្ក្រាប​បាន​ឬ​ទេ?
ព្រះ​កុនាលៈ​ក្រាប​បង្គំ​ទូល​ថា ខ្ញុំ​ព្រះអង្គ​អាច​ទៅ​បង្ក្រាប​ថ្វាយ​បាន។

កាល​ព្រះ​កុនាលៈ យាង​ទៅ​ជិត​ដល់​ក្រុង​តក្កសិលា​អ្នក​នគរ​នាំ​គ្នា​ស្អិត​ស្អាង​ផ្លូវ សម្អាត​ទី​ក្រុង​នាំ​យក​គ្រឿង​សក្ការបូជា ទៅ​ថ្វាយ​ក្នុង​ទី​កន្លះយោជន៍ ក្រាប់​បង្គំ​ទូល​ថា​ពួក​យើង​ខ្ញុំ​ មិន​ក្បត់​ព្រះ​រាជាខ្លួន​ឡើយ ដែល​បះ​បោរ​នេះ ប្រឆាំង​ចំពោះ​តែ​អ្នក​រាជការ​ទុច្ចរិត ដែល​ជាអ្នក​ធ្វើការ​ថ្វាយ​ព្រះ​រាជា មិនយុត្តិធម៌ ទើប​នាំ​គ្នា​ហែហម​ព្រះកុនាលៈ​រាជកុមារ ចូល​ទៅ​ក្នុង​ក្រុង​ដោយ​សេចក្ដី​គោរព​ក្រៃលែង។

ក្នុង​វេលា​នោះ ព្រះបាទធម្មាសោក ទ្រង់​ប្រឈួន​យ៉ាង​ខ្លាំង​ធ្លាក់​ឧច្ចារៈ​តាម​ព្រះ​ឱស្ឋ និង​ចេញ​ព្រះ​លោហិត​ស្អុយ​ឆ្អេះ​ឆ្អាប​តាម​ព្រះ​លាមក ឲ្យ​ទៅ​យាង​ព្រះកុនាលៈ​មក​អភិសេក​ឲ្យ​សោយ​រាជ្យ ព្រោះ​ព្រះអង្គ​គ្មាន​សង្ឃឹម​ថា នឹង​មាន​ព្រះជន្ម​តទៅ​ទៀត​ឡើយ។

ព្រះ​នាង​តិស្សក្ខិតា ជាមហេសីចុង បាន​ឮ​ព្រះ​ឱង្ការ​នោះ​ហើយ គិត​ថា បើ​កុនាលៈ​បាន​សោយ​រាជ្យ ខ្លួន​អញ​ពិត​ជា​ស្លាប់ គិត​ដូច្នេះហើយ ក៏​ក្រាប​ទូល​ព្រះរាជាថា សូម​ព្រះ​អង្គ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ម្ចាស់​ព្យាបាល​សិន ពី​ថ្ងៃ​នេះ​ទៅ កុំ​ឲ្យ​ពេទ្យ​ចូល​មក​ព្យាបាល​ទៀត ចាំខ្ញុំ​ម្ចាស់​រក​ឱសថព្យាលបាល​ឲ្យ​ក្សាន្ត​ព្រះទ័យ ជា​ព្រះ​រោគ​ក្នុង​ពេល​ឆាប់​ៗ។ ព្រះ​រាជា​សព្វ​ព្រះ​ទ័យ​តាម​សំណូម​ពរ​នាង ក៏​ហាម​ឃាត់​ពេទ្យមិន​ឲ្យ​ចូល​មក​ទៀត។

ព្រះនាង​តិស្សរក្ខិតា បាន​ចេញ​ប្រកាស​ប្រាប់​អ្នក​នគរ​ថា បើ​មាន​បុរស​ស្ត្រី​ណា​កើត​រោគ​ដូច​រោគ​ព្រះរាជា ត្រូវ​បញ្ជូន​អ្នក​ជម្ងឺ​នោះ​មក​ក្នុង​វាំង ដើម្បី​ព្រះ​នាង​ព្យាបាល​សាក​ល្បង​មើល។

បន្ទាប់​មក​រាជ​បុរស បាន​នាំ​បុរស​ម្នាក់​មាន​ជម្ងឺ​ដូច​ព្រះរាជា មក​ថ្វាយ​ព្រះ​នាង ៗ ឲ្យ​សម្លាប់​បុរស​នោះ​វះ​ពោះ​មើល ឃើញ​មាន​ដង្កូវ​ធំ​មួយ​ក្នុង​ក្រពះ កាល​ដង្កូវ​នោះ​ស្ទុះ​ឡើង​លើ ឧច្ចារៈ​ក៏​ច្រាល​ឡើង​ក្អួត​ឈាម​ចេញ​មក កាល​បើ​ស្ទុះ​ទៅ​ក្រោម​ ឧច្ចារៈ​ក៏​ចុះ​រាគ​តាម​បាត​ទៅ។ ព្រះ​នាង​បាន​យក​ថ្ងាំ​គ្រប់​យ៉ាង​មក​សម្លាប់​ដង្កូវ​នោះ​មិន​ស្លាប់ យកម្រេច​ដាក់​ក៏​មិន​ស្លាប់ ដល់​យក​ខ្ទឹម​ស​បុក​ដាក់ ដង្កូវ​នោះ​ក៏​ស្លាប់​ភ្លាម។ ព្រះ​នាង​បាន​ចូល​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​រាជា​ឲ្យ​សោយ​ខ្ទឹម​។

ព្រះ​រាជា​ត្រាស់​ថា យើង​ជា​ជាតិក្សត្រ នឹង​សោយ​ខ្ទឹម​ដូចម្ដេច​បាន។
ព្រះ​នាង​ក្រាប​បង្គំ​ទូល​ជា​ច្រើន​ដង​ថា ការ​សោយ​ខ្ទឹម​នេះ ជា​ឱសថ​ពូកែ​សក្ដិសិទ្ធិអាចរំងាប់​ព្រះ​រោគ​ព្រះ​អង្គ​បាន។

ព្រះ​រាជា​ចង់​បំបាត់​រោគ​ចម្លែក​នោះ ក៏​សព្វ​ព្រះ​ទ័យ​សោយ​ខ្ទឹម​ជា​ច្រើន ដង្កូវ​ក្នុង​ព្រះ​ឧទរ ត្រូវ​ជាតិ​ខ្ទឹម​ហើយ ក៏​ស្លាប់​ធ្លាក់​មកតាម​បាទ ព្រះ​អង្គ​បាន​ជា​ស្រឡះ​ចាក​រោគា​ពាធ​មួយ​រំពេច​ក្នុង​ពេល​នោះ ទ្រង់​មាន​ព្រះទ័យ​ត្រេកអរ​ចំពោះ​ព្រះ​នាង​តិស្សរក្ខិតា បាន​ព្រះ​រាជទាន​ពរ​ដល់​ព្រះ​នាង​ថា បើ​ចង់​បានអ្វី នឹង​ព្រះ​រាជទាន​តាម​បំណង។

ព្រះ​នាង​បាន​ឱកាស​ល្អ​នឹង​សងសឹក ចំពោះ​ព្រះ​កុនាលរាជ​កុមារ ហើយ​ក៏​ក្រាប​បង្គំ​ទូល​ថា ខ្ញុំម្ចាស់​ចង់​សោយរាជ្យ​សម្បត្តិ​បាន ៧ ថ្ងៃ ព្រះរាជា​បាន​ប្រទាន​រាជ្យ ៧ ថ្ងៃ​ចំពោះ​ព្រះនាង​ ដោយ​ព្រះ​ទ័យ​រីករាយ។

លុះ​ព្រះ​នាង​បាន​សោយ​រាជ្យ​ហើយ ក៏​ក្លែង​លិខិត​ថាព្រះ​បាទធម្មាសោក បង្គាប់​ទៅ​អ្នក​នគរ​តក្កសិលា​ឲ្យ​នាំ​គ្នា​ឆ្កៀល​ភ្នែក​ទាំង​ពីរ​របស់​ ព្រះកុនាលៈ​ចេញ ព្រោះ​វាមាន​កំហុស​ទទឹង​ទាស់​ចំពោះ​ព្រះ​រាជអាជ្ញា។ លុះសរសេរ​លិខិត​ចេះ​ចប់​ហើយ ព្រះនាង​ក៏​ធ្វើ​ជា​ចូល​ទៅ​គាល់​ ដើម្បី​លួច​ប្រថាប់​ត្រា​ព្រះ​ទន្ត​របស់​ព្រះរាជា ព្រោះ​ថា ព្រះបាទធម្មាសោក​មាន​ការ​ប្រុង​ប្រយ័ត្ន​ណាស់ ព្រះ​រាជសារ​ព្រះ​អង្គ​ដែល​ចេញ​ប្រើ​ជា​ផ្លូវ​ការ សុទ្ធ​តែ​ប្រថាប់​ដោយ​ព្រះ​ទន្ត(ធ្មេញ) ព្រះអង្គ អាស្រ័យ​ហេតុ​នេះ​ហើយ ទើប​ព្រះ​នាង​តិស្សរក្ខិតា​នៅ​រង់​ចាំ​ព្រះរាជា​ផ្ទំ​លក់​នឹង​លួច​ប្រថាប់​ ព្រះ​ទន្ត។

ក្នុង​ពេល​ព្រះអង្គ​ផ្ទំ​លក់ ព្រះ​នាង​កំពុង​តែ​រៀប​ប្រថាប់​ព្រះ​ទន្ត ស្រាប់​តែ​ព្រះរាជា​មាន​សុបិន​អាក្រក់​ស្ទុះ​ឡើង មាន​ព្រះ​បន្ទូល​ថា យើង​សុបិន​អាក្រក់​ណាស់ ឃើញ​ត្មាត​ វា​ចង់​ចោះ​កែវ​ភ្នែក កុនាលៈ កូន​យើង។ មាន​បន្ទូល​ហើយ​ក៏​ផ្ទំ​លក់​ទៅ​វិញ ព្រះ​នាង​ប្រុង​ប្រថាប់​ព្រះទន្ត​ទៀត​ សុបិន​អាក្រក់​ក៏​កើត​ឡើង​ចំពោះ​ព្រះរាជា​ទៀត ព្រះអង្គ​ស្ទុះ​ឡើង​មាន​បន្ទូល​ថា យើង​ឃើញ​កុនាលៈ កូន​យើង​មាន​សក់​ ពុកមាត់ ពុកចង្កាវែង​ អង្គុយ​ផ្ទាល់​លើ​ផែន​ដី។ ព្រះ​នាង​តិស្សរក្ខិតា​ក្រាប​ទូល​ថា ព្រះ​កុនាលៈ មាន​បុណ្យ​បារមី​ណាស់ ពុំ​មាន​នរណា​បៀតបៀន​ឡើយ។ ព្រះ​រាជា​ក៏​ផ្ទំ​លក់​ទៅ​ទៀត ព្រះ​នាង​ក៏​លួច​ប្រថាប់​ព្រះ​ទន្ត​បាន​ក្នុង​ពេល​នោះ​ហើយ​ចេញ​ទៅ ព្រះ​រាជា​ទ្រង់​សុបិន​ទៀត​ថា ព្រះទន្ត​របស់​ព្រះអង្គ​បាក់​ជ្រុះ​អស់។ លុះ​ព្រឹក​ឡើង​ ព្រះរាជា​បាន​ហៅ​ហោរា​ឲ្យ​មក​កាត់​សុបិន​ថ្វាយ ហោរា​ក្រាប​បង្គំ​ទូល​ថា ព្រះអង្គម្ចាស់​កុនាលៈ ពិត​ជា​មាន​គ្រោះ​ថ្នាក់​ខូច​ព្រះនេត្រ​ទាំង​ពីរ​មិន​ខាន។

ព្រះ​រាជា​ទ្រង់​ព្រះ​សណ្ដាប់​ពាក្យ​ហោរា​ហើយ ទ្រង់​ប្រណម្យ​អញ្ជលី​នមស្សការ​គ្រប់​ទិស​ទាំង​ ៤ បួង​សួង​វត្ថុ​សក្តិ​សិទ្ធិ មាន​ព្រះ​រតនត្រ័យ​ជា​ដើម សូម​ជួយ​រក្សា​ព្រះរាជ​បុត្រ​ឲ្យ​បាន​សុខ​ផុត​គ្រោះ​ថ្នាក់។

ថ្លែង​ពី​ពួក​អ្នក​នគរ​តក្កសិលា កាល​បើ​បាន​ទទួល​ព្រះ​រាជសារ​ក្លែនោះ​ហើយ មាន​ចិត្ត​តក់​ស្លុត​អាណិត​ព្រះ​កុនាលៈ​គ្រប់ៗ​គ្នា មិន​ដាច់​ចិត្ត​ថ្វាយ​ព្រះ​រាជសារ​ឲ្យ​ព្រះ​អង្គ​ជ្រាប​ឡើយ។ កាល​បើ​នឹក​ឃើញ​ដល់​ព្រះ​រាជអាជ្ញា ដែល​មិន​មាន​នរណា​ទប់​ទល់​បាន ក៏​ដាច់​ចិត្ត​ថ្វាយ​ព្រះរាជសារ​នោះ​ចំពោះ​ព្រះ​កុនាលៈ ៗ បាន​ទទួល​ហើយ​មិន​រំភើប​ព្រះទ័យ​ឡើយ​មាន​បន្ទូល​ថា អ្នក​ទាំង​ឡាយ​ចូរ​ឆ្កៀល​ភ្នែក​ខ្ញុំ​តាម​ព្រះ​រាជសារ​ចុះ​ខ្ញុំ​មិន​ប្រកែក មិនទោមនស្សឡើយ ខ្ញុំ​ពេញ​ចិត្ត​គោរព​តាម​ព្រះរាជសារ​បិតា​ខ្ញុំ​ហើយ។

ពួកអ្នក​នគរ​តក្កសិលា​ទូល​ថា យើង​ខ្ញុំ​សុខ​ចិត្ត​ឆ្កៀល​ភ្នែក​របស់​ខ្លួន​ជំនួស​ព្រះ​អង្គ​វិញ យើង​ខ្ញុំ​មិន​ហ៊ាន​ប៉ះ​ពាល់​ព្រះអង្គ​ឡើយ។

ព្រះ​កុនាលៈ​បាន​យកប្រអប់​មាស​មួយ​តម្លៃ​ ១ សែន​តម្លឹង​ប្រទាន​ឲ្យ​ពួក​ចណ្ឌាលជា​រង្វាន់ ឲ្យ​ឆ្កៀល​ព្រះ​នេត្រ​ថ្វាយ​ព្រះ​បិតា ពួក​ចណ្ឌាល​ប្រកែក​គ្រប់​ៗគ្នា។

ជួន​ជា​ពេល​នោះ កម្ម​ពី​អតីត​ជាតិ​បាន​ផ្ដល់​មក​បណ្ដាល​ឲ្យ​មនុស្ស​វិកល​វិការ​ម្នាក់​ស្ទុះ ​ចូល​ទៅ​សុំ​ឆ្កៀល​ព្រះ​នេត្រ​ព្រះ​កុនាលៈ ៗ នឹក​ឃើញដល់​វិបស្សនា​ធម៌ ដែល​ព្រះ​យសត្ថេរ​ឲ្យ​ចម្រើន​ជា​យូរ​មក​ហើយ​នោះ​ថា ភ្នែកជា​របស់​មិន​ទៀង ទើប​ព្រះ​អង្គ​ម្ចាស់​កុនាលៈ ត្រាស់​ចំពោះ​មនុស្ស​វិកលវិកាថា ចូរ​អ្នក​ឆ្កៀល​ម្ខាង​ទៀត មនុស្ស​នោះ​ក៏​ឆ្កៀល​ព្រះ​នេត្រ​ម្ខាង​ដាក់​ទៅ​លើ​ព្រះ​ហស្ថ​ថ្វាយ។

ពួក​អ្នក​នគរ​មាន​សេចក្ដីតក់​ស្លុត ស្រែក​ទ្រហឹង​អឹង​កង​ឡើង​ថា ឱ! ព្រះ​នេត្រ​ដ៏​ល្អ​ត្រកាល​ដូច​ដួង​ច័ន្ទ ឥឡូវ​ធ្លាក់​ចុះ​ហើយ ក៏​នាំ​គ្នា​ទួញ​យំ ដោយ​សេចក្ដី​សោក​ស្ដាយ​និង​អាណិត​អាសូរ​ចំពោះ​ព្រះ​កុមារ។

ពេល​នោះ​ព្រះ​កុនាលរាជកុមារ ទត​ព្រះ​នេត្រ​ដែល​នៅ​លើ​បាត​ព្រះហស្ថ ពិចារណា​វិបស្សនា​កម្មដ្ឋាន តាម​ឱវាទ​ព្រះ​យសត្ថេរ ក៏​បាន​សម្រេច​សោតា​បត្តិផល ទើប​ត្រាស់​បង្គាប់​មនុស្ស​វិកលវិការ​នោះ​ថា ចូរ​អ្នក​ឆ្កៀល​ភ្នែក​ខ្ញុំ​ម្ខាង​ទៀត​ដាក់​មក​លើ​បាត​ដៃ​ខ្ញុំ​ម្ខាង​ទៀត​ ចុះ។ មនុស្ស​នោះ​ក៏​ឆ្កៀល​ថ្វាយ​មួយ​រំពេច ទទួល​យក​រង្វាន់​ប្រអប់​មាស​នោះ​ទៅ។

ព្រះកុនាល​រាជកុមារ បាន​ពិចារណា​វិបស្សនាកម្មដ្ឋាន​ទៀត ក៏​បាន​សម្រេច​ជា​សកទាគាមិ ជ្រាប​ច្បាស់​នូវ​អរិយសច្ចធម៌ ហើយ​មាន​ព្រះ​បន្ទូល​ថា មំសចក្ខុ​របស់​អញ​វិនាសអស់​ហើយ អញ​បាន​នូវ​បញ្ញាចក្ខុ គឺធម្មចក្ខុ ដ៏ប្រសើរ​ជំនួស​វិញ ព្រះបិតា​បោះបង់​អញ​ជាបុត្រ​ចោល​ហើយ​ក្នុង​វដ្ដ​សង្សារ អញ​ត្រឡប់​បាន​ជា​បុត្រ​របស់​ព្រះពុទ្ធ​ជា​ធម្មារាជា​វិញ បើ​ទុក​ជា​អញ​វិនាស​ហើយ​ចាក​រាជសម្បត្តិ​ ក៏​អញ​បាន​នូវ​ធម្ម​សម្បត្តិ រួច​ស្រឡះ​ចាក​សេចក្ដី​ទុក្ខ​ព្រួយ​ហើយ។ ព្រះ​រាជកុមារ​បាន​ជ្រាប​ដោយ​បញ្ញាចក្ខុ​ក្នុង​ពេល​នោះ​ថា ព្រះ​រាជសារ​ឲ្យ​ឆ្កៀល​ព្រះ​នេត្រ​នោះ ជា​សារ​ក្លែង​ក្លាយ​របស់​ព្រះ​នាង​តិស្សរក្ខិតា ធ្វើ​សងសឹក​ព្រះអង្គ ដែល​មិន​ព្រម​រួម​រ័ក្ស​ស្នេហា​ជា​មួយ ព្រះអង្គ​ក៏​ផ្សាយ​មេត្តា​ចិត្ត ឲ្យ​ព្រះ​នាង​បាន​សុខ​ចម្រើន មាន​ព្រះជន្មវែង ថ្កុំ​ថ្កើន​ក្នុង​រាជសម្បត្តិ​ទៅ​ព្រោះ​ព្រះ​នាង​មានគុណ​ធំ បាន​ធ្វើ​ឲ្យ​ព្រះ​អង្គ​បាន​សម្រេច​មគ្គផល​រួច​ចាក​ទុក្ខ​ទាំង​ពួង។

គ្រា​នោះ​នាង​កាញ្ចានមាលា​ជា ជាយា​ព្រះ​កុនាលៈ​បាន​ជ្រាប​ថា គេ​ឆ្កៀល​ព្រះនេត្រ​ព្រះ​ស្វាមី​ហើយ​ ក៏​ស្ទុះ​ម្នីម្នា​ទៅ​រក ឃើញ​លោហិត​កំពុង​ហូរ​ចេញ​ពី​ព្រះនេត្រ​ទាំង​គូរ ក៏​ស្រែក​យំ​រន្ធត់​សន្លប់​បាត់​ស្មារតី លុះ​មាន​ស្មារតី​វិញ ក៏​ទ្រង់​ព្រះ​កន្សែង​រៀប​រាប់​សោក​ស្ដាយ​ថា “ព្រះនេត្រា​ដ៏បរិសុទ្ធ​ល្អ​ផុត​កក្នុង​លោក​វិនាស​អស់​ហើយ ធ្វើ​ម្ដេច​ឡើយ​និង​មាន​ដូច​ដើម​វិញ”។

ព្រះ​កុនាលៈ​ត្រាស់​លួងលោម​ថា “អំពើអកុសល​ដែល​បង​បាន​ធ្វើ​ហើយ​ពី​អតីតជាតិ បង​ត្រូវ​ទទួល​អំពើ​នោះ​ផ្ទាល់​ខ្លួន​វិញ សេចក្ដី​ទុក្ខសោក ជាការ​ធម្មតា​របស់​សត្វ​លោក ចូរ​ប្អូន​លះ​បង់ចេញ គ្មាន​ប្រយោជន៍​អំពី​ការ​យំសោក​ឡើយ” យើង​ត្រូវ​ចេញ​អំពី​នេះ​តាម​ព្រះ​រាជសារ ដែល​ឲ្យ​ឆ្កៀល​ភ្នែក ហើយ​ឲ្យ​បំបរ​បង់​ចេញ​អំពី​នគរ​តក្កសិលា​នេះ។

ព្រះនាង​កាញ្ចានមាលា បាន​ដឹក​ព្រះ​ហស្ថ​ព្រះ​កុនាលៈ​ជា​ស្មាមី​ លា​មហាជន​ក្នុង​ទី​ប្រជុំ​ចេញ​ចាក​ក្រុង​តក្កសិលា​យា​ត្រា​ផ្ទាល់​ព្រះ​បាទ​ លើ​ផែន​ដី សុំ​ទាន​អាហារ​អ្នក​ស្រុក​សោយ ដោយ​ដេញពិណ នឹង​ច្រៀង​ឲ្យ​ម្ចាស់​ទាន​ស្ដាប់ ជា​ច្រើន​ថ្ងៃ​ខែ ទើប​បាន​ដល់​ក្រុង​បាតលីបុត្រ។

ព្រះ​កុនាលៈ មាន​បំណង​ចង់​ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះបិតា បាន​ឲ្យ​ព្រះជាយា​នាំ​ទៅ​សុំ​ផ្លូវ​អ្នក​យាម​ទ្វារ ៗ មិនឲ្យ​ចូល ក៏​ផ្ទំ​ក្បែរ​រោង​ដំរី​ជិត​ទ្វារ​ព្រះ​រាជវាំង លុះ​ព្រលឹម​ស្រាងៗ ឡើង​ទ្រង់​ដេញពិណ ច្រៀង​រៀប​រាប់​ជីវប្រវត្តិ​របស់​ព្រះអង្គ​ដ៏​សែន​រន្ធត់ អ្នក​ដែល​បាន​ស្ដាប់​ឮ​ទាំង​ប៉ុន្មាន​កើត​ធម្ម​សង្វេគ​គ្រប់ៗ​គ្នា។

ចំណែកព្រះបាទធម្មាសោក កាល​បានឮ​សម្លេង​ពិណ​និង​ច្រៀង​នោះ​ហើយ ក៏​ភ្នក​ព្រះទ័យ នឹក​ព្រះ​កុនាលៈ​ជា​រាជបុត្រ មាន​ព្រះ​ទ័យ​សង្ស័យ​ដូច​ជា​សម្លេង​រាជបុត្រ ក៏​ប្រើ​រាជ​បម្រើ​ឲ្យ​ទៅ​មើល។ រាជ​បម្រើ​ទៅ​ដល់​មិន​ស្គាល់​ព្រះ​កុនាលៈ​និង​ព្រះ​ជាយាឡើយ​ ព្រោះ​មាន​អាការៈស្គាំង​ស្គម ព្រះ​កេសាវែង ព្រះពស្ដ្រារហែក​ប្រឡាក់​ក្រខ្វក់ ក៏សម្គាល់​ថា​អ្នក​សុំទាន ត្រឡប់​ទៅ​ក្រាប់​បង្គំ​ទូល​ព្រះរាជា​វិញ​ថា អ្នក​ដេញពិណហើយ​ច្រៀង​នោះ គឺ​ស្មូម​ខ្វាក់​ម្នាក់​ស្គម​កំព្រឹង អង្គុយ​ជិត​ប្រពន្ធ​វា ដែល​មាន​សំលៀកបំពាក់​ក្រខ្វក់​រហែក​យ៉ៃ។

ព្រះ​រាជា​ទ្រង់​ព្រះ​សណ្ដាប់​ហើយ ទ្រង់​រលឹក​ដល់​សុបិន​ដែល​ឃើញ​ត្មាត​ចោះ​ព្រះនេត្រ​ព្រះ​រាជបុត្រ ក៏​ហាក់​ដូច​ជ្រាប​ច្បាស់​ថា ព្រះរាជបុត្រ​ត្រូវ​ខ្វាក់​ព្រះ​នេត្រ ហើយ​ពិត​ជា​អ្នក​សុំទាន​នោះ​ឯង ក៏​ប្រើ​ព្រះ​រាជបម្រើ​ថា ឯង​ទៅ​ឲ្យ​គេ​ចូល​មក​ឆាប់ ៗ អញ​នឹក​កូន​អញ​ណាស់។ រាជ​បម្រើ​បាន​ទៅ​នាំ​អ្នក​សុំទាន​នោះ​មក​ថ្វាយ​ភ្លាម​មួយ​រំពេច។

ព្រះរាជា​ចំណាំបុត្រ​មិន​បាន គ្រាន់តែ​ប្រហាក់​ប្រហែល ​ក៏​ត្រាស់​សួរ​ថា “ឯងជាកកុនាលៈ មែនទេ?” អ្នកសុំ​ទាន​ត្រាស់​បង្គំ​ទូល​ថា ព្រះ​ករុណា​ថ្លៃ​វិសេស​ទូល​ព្រះ​បង្គំ​នេះ​ហើយ​ជា​កុនាលៈ ត្រូវ​ជា​បុត្រ​ព្រះអង្គ​ភរិយា​ទូលបង្គំ​នេះ​ឈ្មោះ​កាញ្ចានមាលា។

ព្រះ​រាជា​កាល​បាន​ទត​ច្បាស់ ជ្រាប​ច្បាស់​នូវ​ការ​ពិត​នេះ​ហើយ ទ្រង់​ស្លុត​ព្រះ​ហឫទ័យ សន្លប់​បាត់​ស្មារតី​ ដោយ​សេចក្ដី​ស្នេហា និង​ការ​អាណិត​អាសូរ​បុត្រ​សំណប់​ព្រះទ័យ។ លុះ​មាន​ស្មារតី​វិញ ក៏​ទ្រង់​លើក​បី​ត្រកង​បុត្រ​ដាក់​លើ​ព្រះ​ឱរូ​ស្ទាប​ព្រះ​នេត្រ​បុត្រ ហើយ​ទ្រង់​ព្រះ​កន្សែង​ថា “គ្រា​មុននេត្រាបុត្រ​ល្អ​ដូច​ភ្នែក​បក្សីកកុនាលៈ ឥឡូវ​បុត្រ​វិនាស​ចាក​នេត្រា​ដ៏​ល្អ​នោះ​ទៅ​ហើយ ដូច​ជា​ផ្ទៃ​មេឃ​ប្រាស​ចាក​ដួង​ចន្ទ​តើ​នរណា​ឃោរឃៅ ហ៊ាន​មក​បំផ្លាញ​នេត្រា​បុត្រ ចូរ​ប្រាប់​បិតា​ឆាប់ ៗ មក បិតា​មាន​ការ​ឈឺ​ចាប់​សោក​ស្ដាយ​ណាស់”។

ព្រះ​កុនាលរាជ​ឱរស ឱន​ព្រះសីរក្រោប​ជិត​បាទា​ព្រះ​បិតា ហើយ​ក្រាប​បង្គំ​កុំ​សោក​ស្ដាយ​លួងលោម​ព្រះ​បិតាដោយ​ធម្ម​កថា​ថា “សូម​ព្រះ​បិតា​កុំ​សោក​ស្ដាយ ក្រេវក្រោធ ចំពោះ​អំពើ​ដែល​កន្លង​ហួស​ទៅ​ហើយ កម្ម​ទាំង​ឡាយ​ជា​កុសល និង​អកុសល​ដែល​ខ្លួន​បាន​ធ្វើ​ហើយ ខ្លួន​ត្រូវ​ទទួល​ផល​កម្ម​នោះ​វិញ​ដោយ​ខ្លួន​ឯង គ្មាន​បុរស​បុគ្គល​ណា​ផ្ដល់​ឲ្យ​ឡើយ សូម្បី​ព្រះ​អរហន្តទាំង​ឡាយ មាន​ព្រះពុទ្ធ​ជាដើម ក៏​ត្រូវ​តែ​ទទួល​ផល​កម្ម​នោះ​ដែរ”។ ចំណែក​ទូល​បង្គំ ដែល​បាន​ទទួល​ផល​អាក្រក់​ដូច្នេះ ក៏​ដោយ​អំពើ​អកុសល​របស់​ខ្លួន​ទួល​បង្គំ​ដែរ មិន​គួរ​ស្ដីបន្ទោស ផ្ចាញ់​ផ្ចាល​ធ្វើ​ទោស​អ្នក​ដទៃ​ឡើយ។

ព្រះបាទធម្មាសោក ទោះបី​បាន​ស្ដាប់​កម្មកថា​របស់​បុត្រ​សំណប់​​ព្រះ​ទ័យ​នេះ​ហើយ ក៏​នៅ​តែ​ក្ដៅ​ឆេះ​ឆួលសោក​ស្ដាយ​ដដែល ទើប​ត្រាស់​សួរ​ព្រះ​រាជបុត្រ​ទៀត​ថា “តើ​ជន​ណា​ឃោរឃៅ​ចិត្ត​គំនិត​បំផ្លាញ​នេត្រា​ទាំង​គូរ​របស់​បុត្រ?”

ព្រះ​កុនាលៈ​ជ្រាបថា មិន​អាច​លាក់​បាំង​បាន ក៏​ទូល​ថា “នេត្រា​របស់​ទូល​បង្គំ ត្រូវ​វិនាស​ដោយ​អំណាច​ព្រះរាជ​សារព្រះ​បិតា ដែល​បាន​ប្រថាប់​ព្រះទន្ត ឲ្យ​គេ​ឆ្កៀល​នេត្រា​របស់​បុត្រ ហើយ​ឲ្យ​បំបរ​បង់​បុត្រ​ចេញ​ពី​ក្រុង​តក្កសិលា”។

ព្រះ​រាជា​ទ្រង់​បន្លឺ​ព្រះ​សូរសីហនាទថា បើ​បិតា​បង្គាប់​ឲ្យ​គេ​ឆ្កៀល​នេត្រា​មែន បិតា​នឹង​កាត់​ជិវ្ហា គាស់ព្រះទន្ត​ចោល​ចេញ​ដោយ​ខ្លួន​ឯង។

ក្នុង​ពេល​នោះ ដោយ​អំណាច​កម្ម​អកុសល បណ្ដាល​ឲ្យ​ព្រះ​នាង​តិស្សរក្ខិតា កើត​វិប្បដិសារី​យ៉ាង​ខ្លាំង បាន​ហៅ​ទាសី​ជំនិត​មក​ប្រាប់​ថា នាង​ឯង​ឆ្កៀល​ភ្នែក​អញ​ចុះ អញ​នឹង​នាំ​បុត្រ​ដើរ​សុំទាន​គេ​ចិញ្ចឹម​ជីវិត។

ព្រះរាជា​ទ្រង់​ព្រះសណ្ដាប់​ឮទាន់​ពាក្យ​នោះ ក៏​បាន​យល់​ច្បាស់​ថា ពិត​ជា​នាង​តិស្សរក្ខិតា​នេះ​ឯង ក្លែង​ព្រះរាជ​សារ ឲ្យ​គេ​ឆ្កៀល​នេត្រា​កុនាលៈកូន​សម្លាញ់​អញ ទោសៈក៏​កើត​ឡើង​ឆេះ​ឆួល​ក្នុង​ព្រះ​ឱរា ទ្រង់​សម្លឹង​ចំពោះ​ព្រះនាង​មិន​ដាក់​ព្រះនេត្រ ហើយ​គម្រាម​គួរ​ឲ្យ​តក់​ស្លុត​ថា “ហង​ឯងលួច​ក្លែង​ព្រះរាជសារ ឲ្យ​គេ​បំផ្លាញ​ភ្នែក​កូន​អញ ហង​ឯង​ជា​ស្រី​ចង្រៃ អញ​នឹង​ហែក​ហួរ​ខ្លួន​ហង​ឯង​ឲ្យ​ខ្ទេច​ខ្ទី នឹង​ចាក់​ហងឯង​ទាំង​រស់ ដោយ​ឈើអណ្ដោត និង​ច្រៀក​ហងឯង​ដោយ​ចម្រៀក​តូចៗ ដោយរណារ និង​កាត់​អណ្ដាត​ហងឯង​ដោយ​កាំបិត និង​ក្របែលឆ្អឹង​ហងឯង​ដោយ​ពូថៅធំ​មុខ​គម្រិល និង​បោះ​ចោល​ហង​ឯង​ទៅ​ក្នុង​ភ្នក់​ភ្លើង និង​បង្អកមាត់​ហង​ឯង​ដោយ​ថ្នាំ​ពិស​ពុល​គ្រប់​មុខ”។

ព្រះ​រាជា​មាន​ព្រះឱង្ការ​ដូច្នេះចប់​ហើយ ព្រះ​កុនាលៈ​ក្រាប​ទូល​បិតា​ ដោយ​ព្រះ​ទ័យ​ប្រកប​ដោយ​មេត្តា​ករុណា​ចំពោះ​នាង​តិស្សរក្ខិតាថា “បពិត្រព្រះ​បិតា នាង​តិស្សរក្ខិតាបាន​ប្រព្រឹត្ត​ខុស​ហើយ សូម​ទ្រង់​ព្រះរាជ​ទាន​ទោស​ចំពោះ​ព្រះ​នាង សូម​កុំឲ្យ​មាន​ការ​ពិឃាត​ព្យាបាទ​ជន​ណា​ឡើយ”។

ព្រះ​រាជា​មិន​ស្ដាប់​តាម​ព្រះ​រាជបុត្រ បាន​ឲ្យ​ពិជ្ឈឃាត​ នាំ​នាង​តិស្សរក្ខិតា និង​អ្នក​ក្រុង​តក្កសិលា ដែល​រួម​គំនិត​គ្នា ទៅ​ដុត​ទាំង​រស់​ក្នុង​ពេល​នោះ។

ចំណែក​ភិក្ខុ​សង្ឃ​ទាំង​ឡាយ បាន​ឃើញ​ហេតុ​អស្ចារ្យ​ដូច្នេះហើយ ក៏​នាំ​គ្នា​សួរ​បុព្វកម្ម​របស់​ព្រះ​កុនាលៈ ចំពោះ​ព្រះ​ឧបតុត្ក​ ៗ សម្ដែង​ប្រាប់​ថាៈ

កាល​ពី​ព្រេង​នាយ មាន​ព្រាន​ព្រៃ​ម្នាក់ នៅ​ក្នុង​ក្រុង​ពារាណសី ក្នុង​ហេមន្ត​រដូវ តែង​ទៅ​បរបាញ់​សត្វ​ក្នុង​ព្រៃ​ភ្នំ​ទាំង​ឡាយ រហូត​ដល់​ភ្នំ​ហិមពាន្ត។ ពេល​មួយ​មាន​ភ្លៀង​ធំធ្លាក់​មក មាន​ព្រិស​ពាស​ពេញ​ព្រៃ ពួក​ម្រឹក​ទាំង​ឡាយ​នាំ​គ្នា​រត់​ចូល​ទៅ​ពួក​ក្នុង​រូង​ភ្នំ​មួយ ដើម្បី​ការ​ពារ​ខ្លួន​កុំ​ឲ្យ​ធាតុ​ត្រជាក់​បៀតបៀន។ ព្រាន​ឃើញ​ម្រឹក​ចូល​ទៅ​ក្នុង​រូង​ភ្នំ​ដូច្នោះ ក៏​បិទ​មាត់​រូង​ ហើយ​គិត​ថា ម្រឹគ​ច្រើន​យ៉ាងនេះ បើ​អញ​សម្លាប់​ទាំង​អស់​តែ​ម្ដង នឹង​ស្អុយ​សាច់​ខូច​ ដូច្នេះ​អញ​ត្រូវ​ឆ្កៀល​ភ្នែក​វា​ចេញ​កុំ​ឲ្យ​រត់​រួច ហើយ​អញ​សម្លាប់​ស៊ី​មួយ​ថ្ងៃ​មួយ​ជា​លំដាប់​ទៅ ក៏​ចាប់​ម្រឹគ​នោះ​ឆ្កៀល​ភ្នែក​បាន​ចំនួន ៥០០ ក្បាល​ឲ្យ​ខ្វាក់​ទាំង​អស់។

ព្រាន​ព្រៃ​ក្នុង​កាល​នោះ គឺ​ព្រះ​កុនាលរាជ​នេះ​ឯង​កម្ម​នោះ​តាម​ឲ្យ​ផល ត្រូវ​គេ​ឆ្កៀល​ភ្នែក​ទាំង​ពីរ​ឲ្យ​ខ្វាក់​ចំនួន​ ៥០០ ជាតិ​ និងជាតិ​នេះ​ឯង។

ព្រះ​ឧបគ្គត្ត​ត្ថេរ សម្ដែង​ទៀត​ថា ដែល​ព្រះ​កុនាលរាជកុមារ មានព្រះ​រូបឆោម​ល្អ កើត​ក្នុង​ត្រកូលខ្ពស់ ហើយ​បាន​សម្រេច​មគ្គផល ដល់​ថ្នាក់​សកទាគាមិ​នោះ ដោយ​អំណាច​កុសលកម្ម ដែល​បាន​ធ្វើ​ពី​អតីត​ជាតិ​ដែរ គឺ​ក្នុង​សាសនា​ព្រះពុទ្ធកកុលសន្ធៈ កាល​ព្រះ​អង្គ​បរិនិព្វានហើយ ព្រះបាទសោកៈ បាន​សាង​ព្រះ​ចេតិយ ដោយ​កែវ ៧ ប្រការបញ្ចុះ​ព្រះ​បរមធាតុ​ព្រះសម្ពុទ្ធ​អង្គ​នោះ។ ខាង​ក្រោយ​មក​មាន​ព្រះ​រាជា​មួយ​អង្គ​ទៀត​ព្រះ​នាម អសន្ធៈ មិន​ជ្រះថ្លា​ចំពោះ​ព្រះពុទ្ធសាសនា បាន​ឲ្យ​គេ​គាស់​កកាយ​ព្រះ​ចេតិយ​នោះ​យក​កែវ​ ៧ ប្រការអស់។ ពេល​នោះ មាន​កុលបុត្រមួយ​រូប​មាន​សទ្ធា​ជ្រះ​ថ្លា​ចំពោះ​ព្រះពុទ្ធសាសនា បាន​សូម​ព្រះរាជានុញ្ញាត សាង​ជួសជុល​ព្រះចេតិយ​ដោយ​កែវ​ ៧ ប្រការ​ដូចដើម​វិញ នឹង​បាន​កសាង​ព្រះ​ពុទ្ធ​រូប​មួយ​អង្គ​មាន​ព្រះ​រូប​ឆោម​ល្អ ស្រដៀងទៅ​នឹង​ព្រះពុទ្ធ​កកុសន្ធៈ ហើយ​តាំង​សេចក្ដី​ប្រាថ្នា​ថា “ក្នុង​អនាគត​ជាតិ ខ្ញុំសូម​ឲ្យ​មាន​រូប​ឆោម​សមល្អដូច​ព្រះ​ពុទ្ធរូប ដែល​ខ្ញុំ​បាន​កសាង​ហើយ​នេះ និង​សូម​ឲ្យ​បាន​ត្រាស់​ដឹង​នូវ​អមត​និព្វាន”។

លុះ​ដល់​មក​បច្ចុប្បន្ន​នេះ កុលបុត្រ​នោះ បាន​មក​កើត​ជា​ព្រះ​កុនាលរាជ​កុមារ​នេះ​ឯង គឺ​ផល​នៃ​ការ​ជួសជុល​ព្រះ​ចេតិយនោះ នាំ​ឲ្យ​កើត​ក្នុង​ត្រកូល​ខ្ពស់​មាន​ឫទ្ធិ​អំណាច​ច្រើន។ ផល​នៃ​ការ​សាង​ព្រះ​ពុទ្ធ​រូប បាន​បណ្ដាល​ឲ្យ​មាន​រូប​ឆោម​សម​ល្អ ហើយ​បាន​សម្រេច​មគ្គផល ជា​ព្រះ​សកទាគាមី។

ស្រង់​ចេញពី​សៀវ​ភៅ​និទាន​ជាតក

ដោយ​៥០០០​ឆ្នាំ​

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s