ពិធី​ស្រង់​ព្រះ តើធ្វើយ៉ាងមិច? សូមទស្សនា


ពិធី​ស្រង់​ព្រះ ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​និយម​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​៣ នៃ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ជា​រៀង​រាល់​ឆ្នាំ។ ក៏​ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​ដែរ ដែល​មិន​បាន​ដឹង​ថា ពិធី​នេះ​មាន​អត្ថន័យ​ប៉ុណ្ណា​ទេ។
ពិធី​ស្រង់​ព្រះ ៣០៥

ពុទ្ធបរិស័ទ​នាំ​គ្នា​ធ្វើ​ពិធី​ស្រង់​ព្រះ ក្នុង​វត្ត​នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៥ មេសា ឆ្នាំ​២០១៣។

តើ​ពិធី​ស្រង់​ព្រះ មាន​អត្ថន័យ​ដូច​ម្ដេច​ខ្លះ?

នៅ​ពេល​ចូល​ឆ្នាំ​ខ្មែរ​ម្ដងៗ ជា​ពិសេស​នៅ​ថ្ងៃ​ទី​បី ដែល​ជា​ថ្ងៃ​បុណ្យ​ឆ្លង​ចូល​ឆ្នាំ​ថ្មី យើង​តែង​សង្កេត​ឃើញ​ពលរដ្ឋ​ខ្មែរ​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​ភាគ​ច្រើន​នាំ ​គ្នា​ទៅ​វត្ត ហើយ​ស្រោច​ទឹក​លើ​ពុទ្ធបដិមា​ដោយ​ទឹក​ចិត្ត​អំណរ។ ការ​ប្រតិបត្តិ​ពិធី​ស្រោច​ទឹក​លើ​ពុទ្ធ​បដិមា ដែល​មាន​អប់​ផ្កាភ្ញី និង​ទឹក​អប់​ផង យើង​តែង​ហៅ​ថា ពិធី​ស្រង់​ព្រះ។

លោក​តាជី ឈ្មោះ ម៉ី ផន នៅ​វត្ត​កណ្ឋារាម ហៅ​វត្ត​តាខ្មៅ ខេត្ត​កណ្ដាល មាន​ប្រសាសន៍​ថា ពិធី​ស្រង់​ព្រះ​នេះ មិន​ត្រឹម​តែ​ស្រោច​ទឹក និង​លាង​សម្អាត​ព្រះ​ពុទ្ធ​បដិមា​ប៉ុណ្ណោះ​ទេ គឺ​គេ​អាច​ស្រោច​ទឹក ឬ​ងូត​ទឹក​ថ្វាយ​ព្រះសង្ឃ ឪពុក​ម្ដាយ ឬ​ចាស់​ទុំ​ដែរ៖ «លោក​ស្រង់​ទៅ​ ស្រោច​ទឹក​អី​អ៊ីចឹង​ទៅ ស្រោច​ទឹក។ អញ្ជើញ​ចាស់ៗ​មក យើង​ក្មេងៗ ដុស​សាប៊ូ​ជូន ឬ​ប្រគេន​លោក​ទៅ។ ប្រុសៗ ដុស​ប្រគេន​លោក​ទៅ ហើយ​ស្រីៗ ចាស់ៗ​ហ្នឹង ក្មេងៗ យក​ទៅ​ស្រោច​ដុស​ក្អែល ដុស​សាប៊ូ ជូន​គាត់​ទៅ​បាន​បុណ្យ។ អា​ហ្នឹង​ព្រះពុទ្ធ​សាសនា»

ទាក់ទង​នឹង​ពិធី​ស្រង់​ព្រះ ឬ​ហៅ​ពាក្យ​ធម្មតា​ថា ងូត​ទឹក​ឱ្យ​ព្រះ​នេះ គេ​មិន​ដឹង​ថា មាន​ប្រវត្តិ​ពី​ត្រឹម​ណា​មក​ទេ។ ឯកសារ​ខ្លះ​បាន​សរសេរ​ថា មាន​អ្នក​ប្រតិបត្តិ​ពិធី​នេះ កាល​ពី​ជំនាន់​ព្រះ​គង់​នៅ ហើយ​អ្នក​ដែល​បាន​ស្រោច​ទឹក​ព្រះសង្ឃ ឪពុក​ម្ដាយ គ្រូ​ឧបជ្ឈា បាន​ទទួល​ផល​បុណ្យ​ច្រើន​ទៅ​ជាតិ​ក្រោយ​ ដោយ​បាន​ទៅ​កើត​ក្នុង​ឋាន​ទេវតា និង​មាន​សេចក្ដី​សុខ​ទៀត​ផង។

ក៏​ប៉ុន្តែ គ្រូ​បង្រៀន​ព្រះធម៌​ពុទ្ធសាសនា​មួយ​រូប នៅ​វត្ត​កណ្ឋារាម ហៅ​វត្ត​តាខ្មៅ គឺ​ធម្ម​ព្រឹទ្ធាចារ្យ អ៊ូ ម៉េង មាន​ប្រសាសន៍​ថា ពិធី​ស្រង់​ព្រះ​នេះ ពុំ​មាន​ចែង​ច្បាស់លាស់​នៅ​ក្នុង​គម្ពីរ​ព្រះពុទ្ធ​សាសនា​ទេ។ រី​ឯ​ការ​ប្រតិបត្តិ​ពិធី​របស់​ពលរដ្ឋ​ខ្មែរ​ស្រោច​ទឹក ឬ​ងូត​ទឹក​ឱ្យ​ព្រះ រហូត​មក​ដល់​សព្វ​ថ្ងៃ គឺ​លោក​ពន្យល់​ថា គ្រាន់​តែ​ជា​ប្រពៃណី​មួយ​ដែល​ពលរដ្ឋ​ខ្មែរ​មាន​ទម្លាប់​ធ្វើ​តៗ គ្នា​តាំង​ពី​បុរាណកាល​មក។

ព្រឹទ្ធាចារ្យ អ៊ូ ម៉េង៖ «ជំនឿ ព្រោះ​ជំនឿ​ខាង​ពុទ្ធសាសនា ដែល​មាន​ជាប់​ផ្នត់​តាំង​ពី​ជីដូន​ជីតា​មក គឺ​ទៅ​ត្រកូល​គោត្ត សែ នីមួយៗ គឺ​ថា​តែ​ដល់​ពេល​ហ្នឹង មាតាបិតា​តែង​តែ​ថា ទៅ​ស្រង់​ព្រះ។ ម្ល៉ោះ​ហើយ​កូនៗ ត​មក​ទៀត ឃើញ​ទំនាក់​ហ្នឹង ចេះ​តែ​ធ្វើ​ត​ជា​បន្តបន្ទាប់​មក។ បំណង គឺ​ថា​ចង់​បាន​សេចក្ដី​សុខ​អ៊ីចឹង​តែ​ម្ដង។ គឺ​ត្រជាក់ត្រជំ។ ឆ្នាំ​ចាស់​ដាច់​ទៅ​ឆ្នាំ​ថ្មី​ចូល​មក ដើម្បី​ឱ្យ​បាន​ត្រជាក់ត្រជំ​សុខដុមរមនា​ត​ទៅ​មុខ​ទៀត»

ចំពោះ​អត្ថន័យ​នៃ​ពិធី​ស្រង់​ព្រះ​វិញ លោក​ធម្ម​ព្រឹទ្ធាចារ្យ អ៊ូ ម៉េង ពន្យល់​ថា អ្នក​ប្រតិបត្តិ​គ្រាន់​តែ​នឹក​គិត​ដល់​គុណ​ប្រយោជន៍​នៃ​ទឹក​ត្រជាក់​ដែល​ ស្រោច​ទៅ​នោះ ធ្វើ​ឱ្យ​អ្នក​ដែល​បាន​ទទួល​ទឹក​ស្រោច​នោះ បាន​ត្រជាក់​កាយ ហើយ​និង​អាច​ធ្វើ​ឱ្យ​ចិត្ត​សប្បាយ​បាន​រីក​ស្រស់​ស្រាយ​ឡើង​វិញ។ ការ​ដែល​បាន​ស្រស់ស្រាយ​ហើយ​នោះ អ្នក​ដែល​បាន​ទទួល​ទឹក​ស្រោច​នោះ តែង​តែ​បង្ហាញ​នូវ​ភាព​អំណរ ហើយ​ជូន​ពរ​ដល់​អ្នក​ស្រោច​ទឹក​នោះ​វិញ ឱ្យ​បាន​សេចក្ដី​សុខ​ដូច​ធាតុ​ទឹក​ដែល​បាន​ស្រោច​នោះ។ដោយ​កម្លាំង​នៃ​ជំនឿ​ មុតមាំ​លើ​ការ​ជូន​ពរ​ឱ្យ​បាន​សេចក្ដី​សុខ​នេះ ធ្វើ​ឱ្យ​អ្នក​ប្រតិបត្តិ​បាន​សប្បាយ​ចិត្ត​ដែរ ដែល​បណ្ដាល​ធ្វើ​ឱ្យ​មាន​ការ​ប្រតិបត្តិ​តៗ រៀង​មក។

ព្រឹទ្ធាចារ្យ អ៊ូ ម៉េង៖ «ក្នុង​ពិធី​ស្រង់​ព្រះ​នេះ ជា​ទំនៀម​ប្រពៃណី​របស់​ជនជាតិ​ខ្មែរ ដែល​មាន​ជា​យូរ​មក​ហើយ។ បើ​សិន​ថា ឱ្យ​មាន​ចង្អុល​ក្នុង​គម្ពីរ​នេះ​ថា ត្រូវ​តែ​ធ្វើ​ដូច​ជា​មិន​មិន​ទាន់​មាន​ដែរ។ ច្រើន​តែ​រក្សា​ប្រពៃណី​ជា​ទំនៀម​ដ៏​ល្អ​មួយ ដែល​យើង​គួរ​រក្សា​ទុក ព្រោះ​ថា មនុស្ស​ម្នាក់​ដែល​ធ្វើ​ពិធី​ស្រោចស្រព​ព្រះ​ពុទ្ធ​បដិមា​នេះ គឺ​សំដៅ​ថា​ធ្វើ​ម៉េច (ឱ្យ) បាន​ព្រះ​អង្គ​ត្រជាក់ត្រជំ រួច​ហើយ​សុំ​ឱ្យ​ខ្ញុំ​ហ្នឹង​បាន​សេចក្ដី​សុខ​ត្រជាក់ត្រជំ​ដែរ។ ហ្នឹង​វា​មាន​លក្ខណៈ​អ៊ីចឹង។ មាន​បែប​ហ្នឹង​ប៉ុណ្ណឹង»

ជា​ធម្មតា ពុទ្ធ​បរិស័ទ​តែង​ស្វែង​រក​ការ​ប្រសិទ្ធិពរ​ជ័យ​ពី​ព្រះ ព្រះសង្ឃ ឪពុក​ម្ដាយ និង​គ្រូ​ព្រឹទ្ធាចារ្យ ឬ​អ្នក​ដែល​មាន​ឋានៈ ឬ​បុណ្យ​បារមី ឬ​តេជៈ​ខ្ពង់ខ្ពស់​ជាង​ខ្លួន។ ដូច្នេះ ក្នុង​ពិធី​ស្រោច​ស្រង់​ទឹក ឬ​ងូត​ទឹក​ឱ្យ​ដល់​បុគ្គល​ទាំង​នេះ គឺ​សំខាន់​ចង់​ជ័យ​ផង និង​ចង់​បង្ហាញ​ការ​ដឹង​គុណ​ផង។

លោក​យាយ​វ័យ ៨០​ឆ្នាំ ឈ្មោះ ចាន់ ផន ដែល​បាន​ទទួល​ការ​ភ្ងូត​ទឹក​ពី​កូន​ចៅ នៅ​ឯ​វត្ត​តា​ខ្មៅ នៅ​ថ្ងៃ​ទី​ពីរ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ ថ្លែង​ថា គាត់​បាន​សប្បាយ​រីករាយ ពេល​ដែល​ឃើញ​កូន​ចៅ​នាំ​គ្នា​មក​ជុំ ហើយ​ស្រោច​ទឹក​ឱ្យ​គាត់​ជា​ឪពុក​ម្ដាយ៖ «កូន​ចៅ​មក​ជុំ​គ្នា​អ៊ីចឹង​ទៅ ស្រោច​ទឹក​ឱ្យ​អរ។ ឱ្យ​កូន​ចៅ​ត្រជាក់ត្រជំ​ ដូច​ថា​គ្នា​ចង់​បាន​បុណ្យ​អ៊ីចឹង​ដែរ។ ឱ្យ​បាន​បុណ្យ​ទៅ​កូន ឱ្យ​បាន​កូន​សុខ​សប្បាយ​អ៊ីចឹង​ទៅ»

ទោះ​ជា​មាន​អត្ថន័យ​យ៉ាង​ណា​ក្ដី សម្រាប់​កូន​ស្រី​របស់​លោក​យាយ ចាន់ ផន គឺ​អ្នកស្រី ចាន់ ខេមា ដែល​តែង​ប្រតិបត្តិ​ពិធី​ស្រោច​ទឹក​ដល់​ឪពុក​ម្ដាយ​រៀង​រាល់​ឆ្នាំ​ថ្លែង​ថា ជា​កិច្ច​តប​ស្នង​មួយ​នៅ​ពេល​ដែល​ឪពុកម្ដាយ​នៅ​រស់៖ «រាល់​រដូវ​ភ្ជុំ​ ចូល​ឆ្នាំ តែង​តែ​មក​ស្រោច​ទឹក​ជូន​ម្ដាយ​ឪពុក​ជូន​លុយ​ជូន​កាក់​រណ្ដាប់​ភស្តុភារ​ ទាំង​អស់ បង្សុកូល​ចេតិយ​អី​ហ្នឹង ដើម្បី​សង​គុណ​លោក​ដូច​យើង​ធ្វើ​ខែ​ភ្លឺ​អ៊ីចឹង​ឱ្យ​គាត់​ឃើញ​នឹង​ភ្នែក​ គាត់។ គាត់​រំភើប​ត្រេក​អរ​ណាស់​រាល់ៗ ដង។ គាត់​តែង​ទឹក​ភ្នែក​ពេល​ខ្លះ។ សប្បាយ​ចិត្ត​ជា​អនេកអនន្ត។ អរ​ណាស់​ដែល​បាន​ធ្វើ​នៅ​ពេល​គាត់​មាន​ជីវិត»

ពិធី​ស្រង់​ព្រះ​ជា​ទូទៅ ខ្មែរ​យើង​តែង​តែ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​បី​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ។ លោក​ធម្ម​ព្រឹទ្ធាចារ្យ អ៊ូ ម៉េង ពន្យល់​ថា ថ្ងៃ​ទី​បី នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ មាន​ឈ្មោះ​ថា ថ្ងៃ​ឡើង​ស័ក ដែល​មាន​ន័យ​ថា ជា​ថ្ងៃ​ចូល​សករាជ​ថ្មី​នៃ​ពុទ្ធសាសនា។

លោក​ធម្ម​ព្រឹទ្ធាចារ្យ​មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ឡើង​ស័ក ចូល​សករាជ​ថ្មី​នេះ ពុទ្ធបរិស័ទ​មួយ​ចំនួន ដែល​មាន​ជំនឿ​ថា ជា​ល្អ​សម្រាប់​ឆ្នាំ​ថ្មី ក៏​និមន្ត​ព្រះសង្ឃ​ឱ្យ​ស្រោច​ប្រសិទ្ធិ​ពរ​ជ័យ​ដល់​ខ្លួន​ដែរ ក្រៅ​ពី​ការ​ស្រង់​ព្រះ។

លោក​ធម្ម​ព្រឹទ្ធាចារ្យ អ៊ូ ម៉េង មាន​ប្រសាសន៍​ថា ទឹក​គឺ​តំណាង​ឱ្យ​ភាព​ត្រជាក់ត្រជំ និង​សេចក្ដី​សុខ។ លោក​ថា នៅ​ក្នុង​សង្គម​ខ្មែរ ពិធី​ស្រោច​ទឹក គឺ​ពិធី​ពេញ​និយម​មួយ​សម្រាប់​ជួយ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​សេចក្ដី​សុខ។ ដូច្នេះ ការ​ស្រង់​ព្រះ​បដិមា​នៅ​ឯ​វត្ត និង​ព្រះ​រស់ គឺ​ឪពុក​ម្ដាយ​នៅ​ផ្ទះ សុទ្ធ​តែ​ជា​វិធី​ធ្វើ​ឱ្យ​ចិត្ត​ត្រេក​អរ និង​មាន​ជំនឿ​ក្នុង​ចិត្ត​ថា នឹង​មាន​សេចក្ដី​សុខ។

ធម្ម​ព្រឹទ្ធាចារ្យ អ៊ូ ម៉េង៖ «បើ​ពិនិត្យ​ពី​តម្លៃ​នោះ ទី​មួយ​ដូច​ថា ព្រះ​ពុទ្ធ​ហ្នឹង គឺ​សំដៅ​ព្រះ​អង្គ​ត្រាស់​ដឹង​ឡើង សម្ដែង​ធម៌​ប្រោស​មនុស្ស​សត្វ​ទូទៅ​អស់​រយៈ​កាល ៤៥​ឆ្នាំ រួច​ព្រះ​ធម៌​របស់​អង្គ​ហ្នឹង​ទុក​មក​ដល់​សព្វ​ថ្ងៃ​នេះ ពុទ្ធ​បរិស័ទ​តែង​តែ​គោរព​បូជា​រក្សា​រំឭក​គុណ​របស់​ព្រះ​អង្គ​មួយ​ចំណែក​ ទៅ។ មួយ​ចំណែក​ទៀត​ដែល​យើង​ជា​កូន​ចៅ​ប្រុស​ស្រី​មក​ស្រោច​ទឹក​ហ្នឹង ក៏​រឭក​ឃើញ​ដូច​បាន​រៀបរាប់​មក​ខាង​ដើម​ដែរ។ បើ​និយាយ​ពី​តម្លៃ​ទៅ ព្រះ​លោក​ថា មាតា​បិតា​មាន​ដូច​ជា​គុណ​ធ្ងន់​ជាង។ ហ្នឹង​ដូច​ជា​ថា ព្រះ​កន្លោង គឺ​ថា បើ​បូជា​ដល់​ព្រះ​សង្ឃ​ត្រូវ​តែ​បូជា​មាតា​បិតា​សិន​សឹម​យក​ទៅ​វត្ត»

ហេតុផល​មួយ គឺ​ការ​ស្រោច​ទឹក​ឱ្យ​ឪពុក​ម្ដាយ​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ នៅ​ក្នុង​ខែ​ចែត្រ ដែល​មាន​អាកាសធាតុ​ក្ដៅ​ខ្លាំង ពិត​ជា​ធ្វើ​ឱ្យ​រាងកាយ​របស់​លោក​ត្រជាក់​មែន។ ដូច្នេះ ពិធី​ស្រង់​ព្រះ គឺ​ជា​ការ​ស្រោច​ទឹក​ស្រង់​ព្រះ​បដិមា ព្រះ​សង្ឃ ឪពុកម្ដាយ និង​ចាស់​ព្រឹទ្ធាចារ្យ ដើម្បី​ឱ្យ​បាន​ត្រជាក់​កាយ និង​សប្បាយ​ចិត្ត ទាំង​អ្នក​ស្រោច និង​អ្នក​ដែល​គេ​ស្រោច​ឱ្យ។ ការ​ស្រង់​ព្រះ​ពុទ្ធ​បដិមា គឺ​ជា​ការ​មាន​ជំនឿ​ថា ព្រះ​អង្គ​នឹង​ផ្ដល់​សេចក្ដី​សុខ​ដល់​អ្នក​ស្រោច​វិញ តាម​រយៈ​តេជៈ​បារមី​របស់​ព្រះអង្គ​តាម​ជំនឿ​នៃ​ពុទ្ធ​បរិស័ទ៕វិទ្យុអាស៊ីសេរី (RFA)

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s