វាលុកចេតិយ ឬ ការពូនភ្នំខ្សាច់


វាលុកចេតិយ

CH-0215
វាលុកចេតិយពាក្យ​សាម​ញ្ញ ​ហៅ​ថា «ពូនភ្នំខ្សាច់» ។ ការ​ពូន​ភ្នំនេះ​គឺ​គេ​យក​ខ្សាច់​សុទ្ធ​មក​ចាក់​នៅ​កន្ដាល​ទីធ្លា​ដែល​គេ​ បាន​កំនត់ រួចពូនអោយ​ចេញ​ជា​រាង​ចេតិយបែរមុខទៅទិសខាងកើត ហើយ​គេ​សន្មត់​ហៅ​ថា «វាលុកចេតិយ» គឺ​តំនាង​អោយ​ព្រះចូលាមនីចេតិយ​ដែល​សាង​សំរាប់​បញ្ចុះ​ព្រះកេសា និង​ព្រះចង្កូមកែវ​នៃ​ព្រះពុទ្ធបរមគ្រូ ។ ការពូន​ភ្នំ​នេះ បច្ចុប្បន្ន​តំបន់​ខ្លះ គេ​និយម​ពូន​ភ្នំ​អង្ករនៅសាលា​​ឆាន់ រឺ​ក្នុង​ព្រះវិហារ​ផង​ដែរ។ ភ្នំខ្សាច់​ដែល​គេ​ពូន​មិន​មាន​កំនត់​ថា ត្រូវ​មាន​ខ្នាត​តូច​ខ្ពស់​ទាប​ប៉ុណ្ណា​ទេ គឺ​ប្រព្រឹត្ត​ទៅ​តាម​ការពេញ​ចិត្ត​របស់​អ្នក​ស្អាង​។ ប៉ុន្តែ​ចាំ​បាច់​ត្រូវ​មាន​ភ្នំ​មួ​យ​នៅ​កន្ដាល ហើយ​ត្រូវ​មាន​ភ្នំ​តូច​ៗ ៤ ​ព័ទ្ធ​ជុំវិញ​គ្រប់​ទិស​តូច​ទាំង ៤ ។ នៅ​ជុំវិញ​ភ្នំ​គេ​មាន​ធ្វើរាជ​វត័ តុប​តែង​លំអ​ស្លឹក​ដូង ស្លឹក​រំសែ​ជា​បួន​ជ្រុង​មាន​ទ្វារ ចេញ​ចូល​តាម​ទិស​ធំ​ទាំង ៤ ។ នៅ​ជុំវិញរាជ​វ័តគេ​មាន​រៀប​រាន​ទេវតា​គ្រប់​ទិស​ទាំង ៨។ នៅ​លើ​រាន​ទេវតា​និមួយៗ​គេ​រៀប​ស្លាធម៌​មួយ​គូ​បាយ​សី​មួយ​ថ្នាក់ មួយ​គូ ទៀន​៥ ធូប​៥ ផ្កាភ្ញី និង​អុជ​ទៀន​ធូប​ថ្វាយ ។ នៅ​ពី​មុខ​ភ្នំ​ខ្សាច់​ក្រៅ​រាជវត័ គេ​រៀប​រាន​ធំៗ​បី​ទៀត សំរាប់​ថ្វាយ​ព្រះយម​រាជ ស្ថិត​នៅកន្ដាលខាង​ឆ្វេង​រាន​ព្រះយម​រាជ គឺ​រាន​ព្រះពុទ្ធ​គុណ និង​ខាងស្តាំ​គឺ​រាន​ព្រះពិស្នុ​ការរាន​ធំ​ទាំង​បី​នេះ គឺ​គេ​រៀប​គ្រឿង​សក្ការៈ​បូជា​ដូច​រាន​ទេវតា​ដែរ តែ​បាយ​សី​ខ្ពស់​រហូត​ដល់ ៩​ថ្នាក់ និង​មាន​ដាក់​សំលៀកបំពាក់​ឆ្វេងស្តាំ ហើយ​មាន​ដាក់​ក្រយា​ថ្វាយ​សោយ​ទៀត​ផង។ ការ​សាង​វា​លុក​ចេតិយ​នេះ ដោយ​គេ​សំគាល់​ថា នឹង​បាន​ជា​ផល្លា​និសង្ស​វិសេស​វិសាល​ណាស់ ដូច​មាន​សំដែង​ក្នុង​រឿង «អានិសង្សវាលុកចេតិយ» មហា​សំការ​សូត្រ ។
រួមអានិសង្ស
ព្រះ​បរម​សាស្តា​ទ្រង់​បាន​សំដែង​អំពី អានិសង្ស​ដែល​បាន​កសាង​បុណ្យ​កុសល ក្នុង​ឱកាស​ដាច់ ឆ្នាំ​ចាស់ ចូល​ឆ្នាំថ្មី ដោយ​ពិស្តារ​ អ្នក​ដែល​បាន ផ្ងូត​ទឹក​ឲ្យ​មាតា​ បិតា គ្រូ​ឧបជ្ឈាយ៍ អាចារ្យ ឬ​ព្រះសង្ឃក្នុងឱកាសសង្ក្រាន្តនោះ រមែងជាស្តេចម្ចាស់ផែនដី មានឫទ្ធិដ៏​មហិមា សំបូរ​ដោយ​រតនៈ​ ៧ ប្រការ ដេរដាស​ដោយ​ពពួក​នាង​នារី​ដែល​មាន​រូប​ឆោម​ល្អ និង សំបូរ​ដោយ​ចតុរង្គសេនា ជាអ្នកបាន​សេចក្តី​សុខ​គ្រប់​យ៉ាង ។ អ្នក​ដែល​បាន​លែង​សត្វតិរច្ឆាន ដូចជា​ មាន់ ទន្សោង បក្សី ត្រី អណ្តើក (ជាដើម) ដោយ​អំណាច​ដែលបាន​លេងសត្វអំបាលនោះ អ្នក​នោះ​រមែង​ជា​អ្នក​មាន​អាយុ​យឺន​យូរ ជា​អ្នក​មាន​សុខ​ច្រើន ឥត​មាន​រោគ​ភ័យ​មក​បៀត​បៀន​ក្នុង​កាល​ទាំង​ពួង​ប្រកប​តែ​សេចក្តី​សុខ ។ ដោយ​ផល្លានិសង្ស​ដែល​បាន​ស្រង់​ព្រះ​សង្ឃ អ្នក​នោះ​ទោះទៅកើតក្នុងភពណាៗ​រមែង​មាន​រូប​ឆោម​ល្អ​ជា​ទី​ជ្រះ​ថ្លា​ដល់​ អ្នក​បាន​ឃើញ​ ជា​អ្នក​មាន​សំបុរកាយ​ផូរផង់ ជា​ទី​គាប់​ចិត្ត​ជាទីគួរ​ឲ្យ​មើល ជា​អ្នក​មាន​ប្រាជ្ញាស្រួច ជា​អ្នក​ក្លាហាន ជាអ្នកទ្រទ្រង់នូវព្រះសូត្រ និងព្រះវិន័យ ជាអ្នកទ្រទ្រង់ និង ចេះ​ចប់​នូវ​ព្រះបិដក ជា​អ្នក​មាន​អាយុ​យឺន​យូរ​រាល់ៗជាតិ ជាអ្នកមានបុត្រ ភរិយានូវ​គណញាតិ សុទ្ធ​តែ​ជា​អ្នក​ឧត្តម​ថ្លៃ​ថ្លា។ ទាំង​នេះ​ជា​អានិសង្សផ្ងូតទឹកក្នុងពេលចូលឆ្នាំ ។ ដោយប្រការដូច្នេះហើយ បានជានៅឱកាសចូលឆ្នាំមនុស្សទាំងឡាយតែងនាំគ្នាដោះលែង សត្វផ្សេងៗ តែងនាំគ្នាធ្វើបុណ្យផ្សេងៗ ដើម្បី​បាន​ទទួល​នូវ​អានិសង្ស​ទាំង​នោះ ។
អានិសង្សវាលុកចេតិយ
ក្រៅពី មហាសំការសូត្រ នៅមាននិទាន​មួយ​ទៀតហៅថា «អានិសង្សវាលុកចេតិយ» ជារឿងដែលគេតាក់​តែងជាភាសាខ្មែរ​យូរ​លង់​ណាស់​មក​ហើយ ​មានចំនួន ១ ខ្សែ សំដែងអំពីការសាងវាលុកចេតិយថា មានផល្លានិសង្សជាអនេកប្បការ វេលាឆ្លង វាលុកចេតិយ គេច្រើនយក​រឿងនេះទេសន៍ ។ ក្នុង​រឿង​អានិសង្ស​វាលុកចេតិយ​នោះ និទាន​​មួយ​​ក្នុង​​ចំណោម​​និទាន​​ទាំង​ ៣ នោះ​ត្រូវ​បាន​លើក​យក​មក​ធ្វើ​ជា​ឧទាហរណ៍ គឺ ៖

  • និទានទី១ ដំនាលពីព្រះពោធិសត្វ នាមបារិកៈ ជាអ្នកឈ្មួញសំពៅ ។ នាសម័យមួយ បារិកៈ បើក​សំពៅ​ទៅ​ជួញ​បាន​ប្រទះ​ឃើញ​ផ្នូក​ខ្សាច់​ស​ល្អ​នៅ​តាម​ឆ្នេរ​សមុទ្រ ក៏​បបួល​ពួក​ ពាណិជ​ ដែល​ទៅ​ជួញ​ជា​មួយ​គ្នា បើក​សំពៅ​ឆៀង​ចូល​ចត​នៅ​ទៀប​ផ្នូក​ខ្សាច់​នោះ ហើយ​នាំ​គ្នា​ក​ជា​វាលុកចេតិយ ឧទ្ទិសជាតំណាង​ ចូលាមុណីចេតិយ ដែល​​បញ្ចុះ​ព្រះ​ចង្កូម​កែវ​របស់​ព្រះ​ពុទ្ធ​ ​នៅ​ឋាន​ត្រៃត្រឹង្ស​ ។ ស្រេច​ហើយ​ពួក​ពាណិជទាំង​​នោះ​ក៏​បេះ​យក​ផ្កា​ឈើ​មក​បូជា ដើរ​ប្រទក្សិណ ៣ ជុំ ហើយ​នាំ​គ្នា​ចុះ​សំពៅ​បើក​ចេញ​ទៅ​ជួញ​​បន្ត​ទៀត ។ បារិកពោធិសត្វ និង ​ពួក​ឈ្មួញ​អម្បាល​នោះ លុះ​រំលាយ​ខន្ធ​ទៅ ហើយបានទៅកើតជាទេវ​បុត្រ​នៅ​ឋាន​សួគ៌ជា​ច្រើន​ជាតិ លុះ​ច្យុត​ពី​សួគ៌ បាន​កើត​ក្នុង​មនុស្ស​លោក​បាន​ជា​ស្តេច​ឯករាជ្យ​ជា​ច្រើន​ជាតិ និង ត្រា​រាប់​ពុំ​បាន​ឡើយ​ ។ ក្នុង​​ទី​បំផុត ​បារិកពោធិសត្វ ក៏បានត្រាស់ជាព្រះពុទ្ធដោយ​អំណាច​ផល្លានិសង្ស ដែល​បាន​សាង​ វាលុកចេតិយ ។
  • វិភាគ​ និង​កំណត់​សម្គាល់៖

បើ​អ្នក​អាន​វិភាគ​បន្តិច​លើ​សាច់​រឿង​និទាន​នេះ គេ​អាច​រក​ឃើញ​ថា​ វា​ប្រហែល​ជា​រឿង​និទាន​​ដែល​ប្រឌិត​ឡើង​ដោយ​​ពួក​អ្នក​កាន់​​ លទ្ធិព្រាហ្មណ៍ ឬ​ពួក​អ្នក​កាន់​ពុទ្ធសាសនា​និកាយ​មហាយាន​​ ដែល​ប្រជាជន​នៅ​ប្រទេស​ឥណ្ឌា, ណេប៉ាល់, ទីបេ, ភូតាន (Bhutan), ចិន, ម៉ុងហ្គោល, ទូវ៉ា (Tuva), កាល់​មីគា (Kalmykia), ជប៉ុន, កូរ៉េ, តៃវ៉ាន់, វៀតណាម ។ល។ គោរព​រាប់ទុក​​ថា​ជា​ពុទ្ធសាសនា​របស់​ខ្លួន ។ ពុទ្ធសាសនា​និកាយ​មហាយាន​​មាន​ទស្សនវិជ្ជា​និង​កិច្ច​បូជា​​ស្រដៀង​គ្នា​នឹង ​លទ្ធិព្រាហ្មណ៍​ ដោយ​លាយ​ចម្រុះ​ជា​មួយ​នឹង​កិច្ច​ខាង​សាសនា​របស់​ជនជាតិ​ដើម​របស់​អ្នក​ ស្រុក​នៃ​ប្រទេស​ទាំង​នោះ​ផង ។ ក្នុង​ពុទ្ធ​សាសនា​និកាយ​មហាយាន គេ​សង្កេត​ឃើញ​មាន​ភាព​ខុស​គ្នា​ច្រើន​​ទាំង​ខាង​ទ្រឹស្តី និង ការ​អនុវត្ត ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​​ ដែល​មាន​វប្បធម៌ និង ​សាសនា​ដើម​​របស់​មនុស្ស​ម្ចាស់​ស្រុក​ផ្សេង​ៗ​គ្នា​ ។​​ ដូច្នេះ​ហើយ​ទើប​គេ​ឃើញ​មាន​ការ​បែក​ខ្ញែក​ជា​ច្រើន​និកាយ​បន្ត​ទៅ​ទៀត​នៅ​ ក្នុង​ពុទ្ធសាសនា​មហាយាន សូម្បី​នៅ​ទីបេ​​​ក៏​មាន​និកាយ​ធំ​ៗ​ចំនួន​ ៤ និង​និកាយ​តូច​ៗ​ច្រើន​ទៀត ។ ពួក​គេ​​ឲ្យ​តម្លៃ​ខ្លាំង​ទៅ​លើ​ពោធិសត្វ​ច្រើន​រាប់​មិន​អស់ ដែល​ទុក​ដូច​ជា​កប៉ាល់ (យានធំ)​ កំពុង​រង់​ចាំ​ជួយ​ស្រោច​ស្រង់​ចម្លង​​មនុស្ស​យក​ទៅ​ដាក់​នៅ​ស្ថាន​ សុខាវតី (Sukhavati or Pure Land) ដែល​គេ​ជឿ​​ថា​ជា​ស្ថាន​​ស្ថិត​នៅ​ចម្ងាយ​មួយ​លាន​គីឡូម៉ែត្រ​ភាគ​ខាងលិច​ ផែន​ដី ដែល​នៅ​ទី​នោះ​មាន​ព្រះ​ពុទ្ធ​មួយ​អង្គ​​ព្រះ​នាម​ អមីតាភៈ (Buddha Amitabha)។ ពួក​គេ​បង្រៀន​ថា​ ព្រះ​ពុទ្ធ​​ អមិតាភៈ បាន​សន្សំ​កុសល​រាប់​ម៉ឺន​ជាតិ​ទើប​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ដែល​កំពុង​គង់ ​មាន​ជីវិត​នៅ​ឯ​ស្ថាន​ សុខាវតី ។ ពួក​អ្នក​កាន់​ពុទ្ធសាសនា​និកាយ​មហាយាន​​ជឿ​ថា​ បើ​មនុស្ស​ណា​ម្នាក់​បាន​សូត្រ​ឈ្មោះ​ព្រះ​ពុទ្ធ​ អមិតាភៈ ឲ្យ​បាន​ដប់​ដង​មុន​ពេល​ស្លាប់​​ ពេល​នោះ​គេ​នឹង​បាន​ទៅ​កើត​នៅ​ស្ថាន ​សុខាវតី ។ អ្នក​បួស​នៅ​ក្នុង​ពុទ្ធ​សាសនា​និកាយ​មហាយាន​ ជាពិសេស​នៅ​ទីបេ ត្រូវ​ស្បថ​ (ទាំង​អស់​មានចំនួន ៤៨) ថា​បើ​ខ្លួន​បាន​ក្លាយ​ជា​ព្រះ​ពោធិសត្វ​ពេល​ណា​ គេ​មិន​ត្រូវ​ចូល​ទៅ​ស្ថាន​ សុខាវតី​ចោល​មនុស្ស​លោក​ទេ ពោល​គឺ​នៅ​រង់ចាំ​ចម្លង​មនុស្ស​លោក​ឲ្យ​អស់​ពី​ផែនដី​ទៅ​ដាក់​ទី​នោះ​សិន​ ទើប​ខ្លួន​អាច​ចូល​ទៅ​តាម​ក្រោយ ។ ក្នុង​រាល់​អំពើ​ និង ការ​បង្រៀន​ទាំង​អស់ ពួក​គេ​សង្កត់​ធ្ងន់​ទៅ​លើ​ពាក្យ​ មេត្តា (compassion) ពោល​គឺ​ការ​ផ្សាយ​មេត្តា​ចំពោះ​គ្រប់​សត្វ​ទាំង​អស់​ ជា​ពិសេស​មនុស្ស ។​ សង្ឃ​ក្នុង​និកាយ​នេះ​មិន​ឆាន់​សាច់​សត្វ​ទេ ព្រោះ​ពួក​លោក​យល់​ថា​​វា​គឺ​ជា​​ទង្វើ​ដែល​​​លើក​ទឹក​ចិត្ត​ដល់​ការ​ សម្លាប់​សត្វ​មាន​ជីវិត​បន្ត​ទៀត ។​ ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​សិក្សា​ឲ្យ​ដឹង​ខ្លះ​ៗ​នូវ​ទ្រឹស្តី, ជំនឿ និង កិច្ច​នានា​នៃ​ពុទ្ធសាសនា​មហាយាន ? យើង​ត្រូវ​តែ​សិក្សា​ឲ្យ​យល់​ខ្លះ​ ព្រោះ​ខ្មែរ​ក៏​ធ្លាប់​កាន់​ពុទ្ធសាសនា​និកាយ​មហាយាន​ដែរ ហេតុ​នេះ​ហើយ​ទើប​​​យើង​ឃើញ​មាន​និទាន​ឬ​ជាតក​ច្រើន​រាប់​សឹង​មិន​អស់​ដែល​ ពោល​សរសើរ​ពី​អានិសង្ស​អស្ចារ្យ​​នៃ​ទាន​​នេះ​ឬ​ទាន​នោះ​ សូម្បី​តែ​វត្ថុ​ទាន​តែ​​បន្តិច​ក៏​អាច​បាន​ទៅ​កើត​នៅ​ស្ថាន​សួគ៌​ រស់​នៅ​ក្នុង​​​វិមាន​ស្កឹម​ស្កៃ​ បើ​កើត​នៅ​លើ​​ផែនដី​ក៏​បាន​ជា​មនុស្ស​មាន​អំណាច​ផុត​គេ​​ប្រកប​ដោយ​​អ្នក​ បម្រើ​ ឬ​ប្រពន្ធ​រាប់​មិន​អស់​ ។ ការ​បង្រៀន​បែប​នោះ​​គឺ​ឲ្យ​តម្លៃ​តែ​ទៅ​លើ​ការ​ឲ្យ​វត្ថុ​ទាន និង​មិន​ឲ្យ​តម្លៃ​ទៅ​លើ​ការ​សិក្សា​​ និង​ប្រតិបត្តិ​តាម​ធម៌​ពិត​របស់​ព្រះ​ពុទ្ធ​ទេ ។ វា​ជា​ការ​បង្រៀន​ដែល​នាំ​ឲ្យ​មនុស្ស​ច្រើន​នាក់​យល់​ច្រឡំ​ថា​ជា​ពាក្យ​ របស់​ព្រះ​ពុទ្ធ​ ។

  • និទានទី ២ ដំណាលពី​នាយ​នេសាទម្នាក់ (មិនប្រាកដឈ្មោះ)។ នាយ​នេសាទ​នោះ​ធ្វើ​តែ​បាប សំលាប់​សត្វ​បរិភោគ​តាំង​ពី​តូច​រហូត​ដល់​ចាស់​ មិន​ដែល​បាន​ធ្វើ​បុណ្យ​​ម្តងសោះ​ ។ នា​ថ្ងៃ​មួយ មានភិក្ខុ​សង្ឃ ១​រូប នឹក​អាណិត​នាយ​នេសាទ​ខ្លាំង​ណាស់​ ក៏​គិត​រក​ឧបាយ​ឲ្យ​គាត់​បាន​សាង​បុណ្យ​កុសល​ខ្លះ ។ លុះគិតរួច​ហើយ ភិក្ខុ​អង្គ​នោះ​ក៏គ្រង​ចីវរ​កាន់​យក​នូវ បាត្រដើរទៅរង់ចាំផ្លូវនាយនេសាទ ។ ថ្ងៃ​នោះ​វេលា​ព្រឹក​នាយ​នេសាទ​លី​លំពែង ១ និង ពុន​បាយ ១​កញ្ចប់​ចេញ​​ទៅ​ព្រៃ​ដើម្បី​ស្វែង​រក​សត្វ​មក​ចិញ្ចឹម​ជីវិត​ដូច​កាល​សព្វ ​ដង ។ ដំបូង​នាយ​នេសាទ​ប្រកែក​ដាច់​ថា មិន​ព្រម​ប្រគេន តែ​ភិក្ខុ​នោះ​ចេះ​តែ​​ទទូច​សុំ ។ អត់មិនបាន​ក៏​រំលែក​បាយ ១ ពំនូត​ប្រគេន ។ ក្រោយ​មក កាល​នាយ​នេសាទ​រំលាយ​ខន្ធ​ស្លាប់​ទៅ​ត្រូវ​ពួក​យមបាល​ ឬ យមភូបាល​យក​ខ្លួន​ទៅ​សួរ​យក​ចម្លើយ អំពី​រឿង​កាល​នៅ​មនុស្ស​លោក​នោះបានធ្វើបុណ្យខ្លះ​ទេ ? នាយ​នេសាទ​តប​ថា ៖ មិន​បាន​​ធ្វើ​​បុណ្យ​​ទេ ធ្វើ​តែ​បាប​តាំង​ពី​តូច​មក ។ ពួកយមបាលក៏នាំគ្នាចាប់បោះទៅក្នុងរណ្តៅ​ភ្លើង​នរក តែមិនឆេះ ត្រលប់ជាខ្ទាតចេញមក​​វិញ​ យមបាល​នឹក​ឆ្ងល់ ក៏សួរ​បញ្ជាក់​ថែម​ទៀត ។ ទទួល​នាយនេសាទក្រលេក​ទៅ​ឃើញ​អណ្តាត​ភ្លើង​មាន​ពណ៌​ដូច​ចីវរ​លោកសង្ឃ​ ក៏​នឹក​ឃើញ​ដល់​ទាន​ដែល​ខ្លួន​បាន​ធ្វើ ទើបឆ្លើយថា កាល​នៅ​មនុស្ស​លោក​បាន​ធ្វើ​ទាន​បាយ​មួយ​​ពំនូត​ដល់ភិក្ខុ ១រូប​ដែរ ។ ពួកយមបាល​​ប្រាប់​ថា បើ​ដូច្នេះ​អ្នក​ឯង​ត្រូវ​ទៅ​កើត​ឯឋានសួគ៌​មួយ​អាទិត្យ លុះ​ដល់​ថ្ងៃ​ទី ៨ យើង​នឹង​យក​ខ្លួន​មកទទួល​ទោស​នៅ​ឋាន​នរក​នេះ​វិញ ។ ក្នុង​មួយ​រំពេច​នោះ​វិញ្ញាណ​របស់​នាយ​នេសាទ ក៏បាន​ទៅ​កើត​នៅ​ឋាន​សួគ៌​ ឈ្មោះថា អន្នំលោកង្សិន៍​​ទេវបុត្រ មានទំហំ ១២ យោជន៍​បរិបូ​ណ៌ទៅ​ដោយ​សម្បត្តិ​ និង ស្រី​ទេព​កញ្ញា​បំរើ​ត្រៀប​ត្រា​ មាន​នាង​សុវណ្ណឱរ៉ៃ ជាទេពី ។ អន្នំលោកង្សិន៍​​ទេវបុត្រ​សោយ​សម្បត្តិ​​បាន ៦ ថ្ងៃ នឹក​ឃើញ​ដល់​ពាក្យ​របស់​យមបាល ក៏​កើត​សេចក្តី​ទុក្ខ​ទោមនស្ស​ពន់​ពេក​ ហើយចូល​ទៅ​​ដេក​ទួញ​យំ នាង​សុវណ្ណ​ឱរ៉ៃ ឃើញ​ដូច្នេះ​ ក៏​ចូល​ទៅ​សួរ​អន្នំលោកង្សិន៍​ទេវបុត្រ​ក៏​រ៉ាយ​រឿង​ប្រាប់​តាំង​​ពី​ដើម​ រហូត​ដល់​ចប់ ។ នាង​សុវណ្ណ​ឱរ៉ៃ​លួង​លោម​ថា បើដូច្នោះ​សូម​ព្រះ​អង្គ​កុំ​ជា​ទុក្ខ​ទោមនស្ស​ឡើយ ត្បិត​ព្រះ​ពុទ្ធ​សំដែង​ថា​ «ទោះ​អ្នក​ណា​ធ្វើ​បាប​អម្បាលម៉ាន​ក្តី បើ​ចង់​ឲ្យ​រួច​អំពី​កម្ម​ពៀរ​ដែល​ខ្លួន​ធ្វើ​ហើយ គប្បី​សាង​វាលុកចេតិយ​ធ្វើ​បុណ្យ​ឆ្លង ហើយ​និងង​រួច​អំពី​​កម្ម​ពៀរ​នោះ​ហោង» ហេតុ​នេះសូម​ព្រះអង្គ​ធ្វើ​តាមព្រះពុទ្ធបន្ទូលនេះចុះ ទៀងជាដោះរួចចាកកម្មពៀរជាមិនខាន ។ អន្នំលោកង្សិន៍​ទេវបុត្រ​បាន​ឮ​ដូច្នោះ​ក៏​សោមនស្ស​ទើប​ចាត់​ការ​សាង​ វាលុកចេតិយ និង ធ្វើ​បុណ្យ​ឆ្លង​ហើយ​ស្រេច​ក្នុង​រវាង ៧ ថ្ងៃ​នោះ ។ លុះ​ដល់​ថ្ងៃទី​ ៨ វេលាព្រឹកព្រហាម ពួក​យមបាល​ក៏​ទៅ​ដល់​ស្រែក​ហៅ​រក​​អន្នំលោកង្សិន៍​ទេវបុត្រ​ឲ្យ​ចេញ​មក គ្រា​នោះ​អន្នំលោកង្សិន៍ទេវបុត្រ​គេច​មុខ​ចេញ ទុក​ឲ្យ​នាង​សុវណ្ណឱរ៉ៃ​ចេញ​មក​ទទួល ។ នាង​បដិសេធ​​​យមបាល​ ដោយ​​​​មិន​ព្រម​បើក​យក​ស្វាមី​របស់​នាង​ទៅ​ឡើយ​ ។ នាង​អះ​អាង​ថា​៖ ស្វាមីរបស់​​យើង​បាន​សាង​វាលុកចេតិយ និង ធ្វើ​បុណ្យ​ឆ្លង​រួច​ហើយ ។ បាបកម្ម​ទាំង​ពួង​ក៏​ជ្រះ​អស់​អំពី​ខ្លួន​ហើយ តែ​បើ​នៅតែត្រូវការយកខ្លួន​គាត់​ទៅធ្វើទោស ចូរ​​រាប់​ខ្សាច់​ ១​ពែង​នេះឲ្យ​អស់ ​ទើប​អាច​យក​ទៅ​បាន​ ។ យមបាល​តប​ថា ៖ មិន​សល់​ក្រ​អ្វី​ទេ ការ​រាប់​ខ្សាច់ ១ ពែង ប៉ុណ្ណោះ ។ រួច​នាំ​គ្នា​រាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់​ ។ គ្រាប់​ខ្សាច់​ដែល​យក​ចេញ​ពី​ពែង​រាប់​ដាក់​ទៅ​ខាង​ក្រៅទៅ​ជា​គំនរ​យ៉ាង​ធំ​ កំពស់​ស្មើ​ចុង​ត្នោត ​តែ​ខ្សាច់​ក្នុង​ពែង​នៅ​ដដែល​ គ្មាន​ស្រក​ស្រុត​ទៅ​ណា​សោះ ​។ ពួក​យម​បាល​ទាល់​ចំណេះ​នឹង​រាប់​ត​ទៅ​ទៀត​ ក៏​នាំគ្នា​ត្រលប់​ទៅយមលោកវិញ ។ រីឯ​អន្នំលោកង្សិន៍​ទេវបុត្រ​បាន​នៅ​សោយ​សម្បត្តិ​ក្នុង​ទេវ​លោក​អស់​កាល​ អង្វែង​ត​មក​ទៀត ។ គាត់​មិន​បាន​ទៅ​សោយ​ទុក្ខ​ក្នុង​នរក​ដូច​​ដែល​យមបាល​កំនត់​ទុក​នោះ​ទេ ។ ទាំង​នេះ​ក៏​ដោយ​អំណាច​ផល្លានិសង្ស​ដែល​បាន​សាង​វាលុកចេតិយ និង ធ្វើ​បុណ្យ​ឆ្លង​ដូច​ពោល​​ហើយ ។
  • និទានទី៣ ដំណាល​អំពៅ​ចៅកំជិលខ្សាច់ ។ មានក្មេង ១ នាក់ចេះ​តែ​ទៅ​ភ្នំ​ខ្សាច់​នោះ​រាល់​ៗ​ថ្ងៃ ​ប្រលាក់​ទៅ​ដោយ​ដីខ្សាច់រាល់ថ្ងៃ ទាល់​តែ​គេ​ហៅ​ថា «ចៅកំជិល​ខ្សាច់​» ។ ថ្ងៃមួយ ព្រះឥន្ទ្របើកទិព្វចក្ខុមើលឃើញចៅកំជិលខ្សាច់ពូនភ្នំដូច្នោះ ក៏ចាត់អោយនាងទេពធីតា ១ អង្គ​ចុះមកធ្វើ​ជា​ប្រពន្ធចៅកំជិលខ្សាច់ ។ ដំបូងចៅកំជិលខ្សាច់ប្រកែកមិនព្រមយក ដោយថ្លែងថា ខ្លួននៅក្មេងណាស់មិនទាន់ចេះរកស៊ីចិញ្ចឹមនាង​​ទេព​ធីតា​ទេ ។ ទើប​ព្រះ​នាង​ទៅរកម្តាយ​ឪពុក​ចៅ​កំជិល​ខ្សាច់ ដោយ​បាន​ថ្លែងប្រាប់ថា ខ្លួនជាទេពធីតា ព្រះឥន្ទ្រ​ប្រើ​ឲ្យ​ចុះ​មក​ធ្វើ​ជា​ប្រពន្ធ​ចៅ​កំជិល​​ខ្សាច់ ។ មាតាបិតាឃើញនាងទេពធីតា ក៏ពេញចិត្តដោយនាងមានរូបឆោមល្អ ទើបលួងលោមចៅកំជិលខ្សាច់​ទាល់​​តែ​ព្រម​យក​ ។ ចៅ​កំជិល​ខ្សាច់ តាំងពីបាននាងទេព​ធីតា​ជា​ប្រពន្ធ​ហើយ ខ្លួន​ប្រាណ​ក៏​ស្អាត​បាត ផូរផង់ ល្អ​ជាង​ពីមុនមក​ឆ្ងាយ​ណាស់​ដោយ​នាង​ទេពធីតា​ជួយ​ថែ​សំអាត ទាំង​សមរម្យ​គ្នានឹងប្រពន្ធនោះ​ណាស់ ។ ទាល់តែ​ល្បីកេរ្តិ៍ឈ្មោះ​ទៅថា ចៅកំជិលខ្សាច់បាន​​នាង​ទេពធីតា​ជា​ភរិយា​ល្អ​សម​គ្នាណា​ស់ ។ គ្រា​​នោះ​​ពួក​​មន្ត្រី​សេនាបតី​ជាដើម ក៏បានទៅពិនិត្យមើលឃើញដូចពាក្យគេដំណាល ។ ទទួល​វេលា​នោះ​ស្តេច​ម្ចាស់​ផែនដី​សុគត គ្មាន​អ្នក​ទទួល​រាជ​សម្បត្តិ​គ្រប់​គ្រង​ផែន​ដី គេ​គិត​ឃើញ​ថា ចៅកំជិលខ្សាច់សមគួរ​​ជា​ព្រះរាជាម្ចាស់ផែនដី ក្រោយ​នោះ​គេ​ក៏​ធ្វើ​ការ​ផ្សង​បុស្បុក​រក​អ្នក​មាន​បុណ្យ​ធ្វើ​ជា​ម្ចាស់​ ផែន​ដី ។ បុស្បុក​ក៏ទៅត្រូវលើចៅកំជិល​ខ្សាច់ គេទើបនាំគ្នាអញ្ជើញទៅឲ្យ​សោយរាជ្យ ព្រមទាំងនាងទេពធីតា ។ ផល​ដែល​ជា​ទិដ្ឋធម្មវេទនីយ​ដូច្នេះ លោកថាបានដោយ​ហេតុដែលបានពូនភ្នំខ្សាច់នោះ ។ កាល​កើត​មានរឿងសំដែងអំពីអានិសង្សនៃការស្អាងវាលុកចេតិយ ដូច្នេះ​ហើយ​ពួកខ្មែរ​យើងបានដឹងរឿងទាំងនេះហើយ ក៏កើតសេចក្តីជឿ និង ជ្រះថ្លា ទើបបាននាំគ្នាស្អាងវាលុកចេតិយជាប់ជាប្រវេណីដរាបមកដល់​បច្ចុប្បន្នកាល ។
  • បំបួសភ្នំ

លោកអាចារ្យសូត្រធម៌ អធិដ្ឋាន វាលុកចេតិយឲ្យតំណាងព្រះចូលាមណីចេតិយ រួចយកកំណាត់​សប្រវែងប្រមាណមួយម៉ែត្រកន្លះ ទៅ​ពានា​ពាក់​ឆៀង​ព្រះ​ចេតិយ ដែលតាមសម្តីអ្នកស្រុកហៅថា «បំបួសភ្នំ» ។ ក្នុងឱកាសនោះដែរ ព្រះសង្ឃសូត្រធម៌ចំរើន​​ព្រះ​បរិត្ត​ នៅ​ធម្មសាលា​ដោយ​បន្ត​អំបោះ​មក​ដល់​ភ្នំ​ទាំង​អស់ ។ ភ្នំ​ដែល​បាន​ឡើង​ជា​អង្គ​ចេតិយ​ហើយ អ្នក​ណាមួយទៅជាន់រំលង ឬ​រំលាយ​មុន​គេ​ផ្សឹក​ ទុក​ត្រូវ​ទទួល​បាប ។

  • កំណត់​សម្គាល់៖

តាម​ការ​​ពិនិត្យ​មើល​ និង វិភាគ​នូវ​កិច្ច​ខាង​សាសនា​ទាំង​អស់​ ដែល​ធ្វើ​ឡើង​ក្នុង​ពេល​ពូន​ភ្នំ​ខ្សាច់​​ឬ​កិច្ច​ដទៃ​ទៀត​​ខាង​សាសនា យើង​អាច​សន្និដ្ឋាន​បាន​ថា​ វា​ជា​កិច្ច​ខាង​សាសនា​ព្រាហ្មណ៍ ដែល​បន្សល់​ទុក​នៅ​ក្នុង​ទំនៀម​ទម្លាប់​របស់​ខ្មែរ​ ព្រោះ​ខ្មែរ​បាន​ទទួល​រង​ឥទ្ធិពល​លទ្ធិព្រាហ្មណ៍​ជា​ច្រើនរយ​ឆ្នាំ ។ ដូច្នេះ​ ទោះ​បី​ជា​ខ្មែរ​បែរ​មក​កាន់​ព្រះ​ពុទ្ធសាសនា​ក៏ដោយ ក៏​ល្បែង​របាំ និង ប្រពៃណី​របស់​សាសនា​ព្រាហ្មណ៍​នៅ​បន្ត​មាន​សេសសល់​ក្នុង​ផ្នត់​គំនិត​ និង កិច្ច​នានា​ខាង​សាសនា​ផង​ដែរ ។ ​ ដោយ​សារ​តែ​ប្រជាជន​ខ្មែរ​ភាគច្រើន​ជា​អ្នក​កាន់​ព្រះ​ពុទ្ធសាសនា ​ដើម្បី​រក្សា​ទុក​នូវ​កិច្ច​ទាំង​ឡាយ​ខាង​សាសនា​ព្រាហ្មណ៍​កុំ​ឲ្យ​សាប​ សួន្យ​ អ្នក​និពន្ធ​បាន​ប្រឌិត​រឿង​ជា​ច្រើន​ដោយ​ភ្ជាប់​សាច់​រឿង​ទៅ​នឹង​តួអង្គ​ ព្រះ​ពុទ្ធ ឬ​ព្រះ​ពុទ្ធសាសនា ។ នេះ​គឺ​ជា​សិល្បវិធី​ដូរ​សម្បក​វេច​ខ្ចប់​ទំនិញ​ចាស់ ឬ​ទំនិញ​លែង​មាន​ការ​ពេញ​និយម​ដើម្បី​បញ្ឆោត​ភ្នែក​អ្នក​ទិញ ឲ្យ​នៅ​តែ​បន្ត​ជាវ​របស់​នោះ​ប្រើ​​ទៀត ។ វិធី​ងាយ​ស្រួល​សម្រាប់​សម្គាល់​រក​មើល​កិច្ច​ខាង​លទ្ធិព្រាហ្មណ៍​ដែល​បន្លំ ​​ខ្លួន​ចូល​ក្នុង​កិច្ច​ខាង​ពុទ្ធសាសនា​ នោះ​គឺ​ការ​រក​មើល​ឲ្យ​ឃើញ​នូវ​រាល់​អន្តរាគមន៍​ពី​សំណាក់​តួអង្គ​អាទិទេព​​ ណាមួយ​ នៅ​ក្នុង​ជីវិត​របស់​មនុស្ស​សាមញ្ញ​ ឬ​ការ​រក​មើល​ឲ្យ​ឃើញ​សាច់​រឿង​ទាំង​ឡាយ​ណា​ដែល​គេ​តាក់​តែង​ឡើង​ឲ្យ​​តួ​ អង្គ​ព្រះ​ពុទ្ធ​សម្តែង​ភាព​អស្ចារ្យ អាច​ហោះ​ឡើង​ស្ថាន​សួគ៌, ចុះ​ស្ថាន​នរក ឬ​អាច​ដឹង​កំណើត​របស់​ខ្លួន​រាប់​ម៉ឺន​ជាតិ ។
អ្នក​កាន់​ពុទ្ធសាសនា​និកាយ​ថេរវាទ​បរិសុទ្ធ​​ ឲ្យ​តម្លៃ​ទៅ​លើ​​ប្រាកដ​និយម, លើ​ការ​ពិចារណា​ និង ពិសោធន៍​រក​ការពិត; ពួក​គេ​​បដិសេធ​ចោល​រាល់​អច្ឆរិយភាព​ (ភាព​អស្ចារ្យ)​ ដែល​គ្មាន​​តថភាព ឬ​មនុស្ស​និយម ។ ព្រះ​ពុទ្ធ​មិន​ដែល​ពោល​អួត​ខ្លួន​ថា​ជា​អាទិទេព​​​ អាច​បែរ​ត្រឡប់​ក្រោយ​​ចុះ​មក​ជួយ​ស្រោច​ស្រង់​មនុស្ស ឬ ឲ្យ​ពរ​មនុស្ស​ម្តង​ណា​សោះ ប៉ុន្តែ​មនុស្ស​ជំនាន់​ក្រោយ​ៗ​ ចេះ​តែ​ប្រឌិត​រឿង​​​លើក​តម្កើង​តួ​អង្គព្រះ​ពុទ្ធ ។ ការ​ធ្វើ​ដូច្នោះ​គឺ​ជា​វិធី​​អួត​យក​ឈ្នះពួក​​អ្នក​កាន់​លទ្ធិ​ព្រាហ្មណ៍ និង​ អ្នក​កាន់​សាសនា​ដទៃ​ទៀត ​ដែល​ពូកែ​អួត​សរសើរ​អាទិទេព​របស់​ពួក​គេ​​​ថា​ ​ជា​​អាទិទេព​អាច​​បង្កើត ​និង​​​​រំលាយ​ផែន​ដី​និង​លំហ​មេឃ​ រួច​បង្កើត​វិញ​តាម​អំពើ​ចិត្ត​, ឬ​អួត​ថា​ជា​ព្រះ​ពិត ​ឬ​ព្រះ​អង្គ​សង្គ្រោះ​ ដែល​​​បាន​​បង្កើត​​ផែន​ដី ​​និង​វត្ថុ​សព្វ​យ៉ាង​លើ​ផែន​ដី, ​​ឬ​ថា​អាច​ហោះ​ហើរ​ដើរ​លើ​អាកាស, ជ្រែក​ទឹក​ជ្រែក​ដី, ស្លាប់​ហើយ​រស់​វិញ, អាច​ចុះ​ស្ថាន​នរក ឬ​ឡើង​ស្ថាន​សួគ៌​តាម​​ចិត្ត, ឬ​ថា​​នឹង​ត្រឡប់​មក​វិញ​ឆាប់​ៗ ​ដើម្បី​សង្គ្រោះ​មនុស្ស​ដែល​ជឿ​​​លើ​ព្រះ​នោះ​ ។
ព្រះ​ពុទ្ធបាន​​ទូន្មាន​ឲ្យ​សាវ័ក​ព្រះ​អង្គ​​យក​ធម៌​ ឬ ទ្រឹស្តី​​របស់​ព្រះ​អង្គ​មក​ពិចារណា បើ​ឃើញ​ថា​ត្រូវ​ក៏​យក​ទៅ​អនុវត្ត​ចុះ បើ​ឃើញ​​ត្រង់​ណា​ខុស​ ឬ​មិន​ទាន់​សម័យ​និយម ឬ​ក្បួន​វិទ្យាសាស្ត្រ ក៏​បោះ​ចោល​ទៅ​ ។ ព្រះ​ពុទ្ធ​បាន​ប្រដៅ​សាវ័ក​របស់​ព្រះ​អង្គ​ ក៏​ដូច​ជា​មនុស្ស​ជំនាន់​ក្រោយ​ ថា​កុំ​ឲ្យ​ជឿ​នរណា​ម្នាក់​ដោយ​សារ​តែ​គេ​ពោល​អួត​ខ្លួន​ថា​ជា​បណ្ឌិត ​ឬ​គ្រូ​អាចារ្យ​ ឬ​សាមណ​សង្ឃ ។ ព្រះ​ពុទ្ធ​បាន​ប្រ​ដៅ​​មនុស្ស​ឲ្យ​​ប្រើ​ប្រាជ្ញា (បញ្ញា) ដើម្បី​យក​សម្តី​មនុស្ស​នោះ ​ឬ​ព័ត៌​មាន​នោះ​ គម្ពីរ​នោះ ឬ​កិច្ច​វិធី​នោះ​ មក​ពិចារណា​ប្រៀប​ធៀប​ និង​ពិសោធ​​រក​ការ​ពិត​សិន សឹម​សម្រេច​ចិត្ត​ថា​គួរ​ជឿ​ ឬ​មិន​ជឿ​ ។ ព្រះ​ពុទ្ធ​បាន​បរិនិព្វាន (សោយ​ទិវង្គត) អស់​រយៈកាល​ជាង​ ២៥០០ ឆ្នាំ​ហើយ ។ កាល​​ព្រះ​អង្គ​ត្រាស់​ដឹង ព្រះ​អង្គ​បាន​សម្តែង​ទុក​ថា តថាគត​​ឈប់​​​វិល​ចូល​ក្នុង​រង្វង់ (វដ្ត) កើត​ស្លាប់​ៗ​​ (សំសារៈ) ដែល​​ជា​អន្ទាក់​ដែល​ពួក​មនុស្ស​កាន់​លទ្ធិព្រាហ្មណ៍​បាន​បង្កើត​ឡើង ​ដើម្បី​បោក​ប្រាស់ និង​គាប​សង្កត់​​ជន​សាមញ្ញ​ ទៀត​ហើយ (នោះ​គឺ​ការ​សម្រេច​និព្វាន) ។ ព្រះ​អង្គ​បាន​ហាម​មិន​ឲ្យសាវ័ក​របស់​ព្រះ​អង្គ​សាង​រូប​សំណាក​អ្វី​មួយ​, ឬ​​យក​រូប​កាយ​ ឬ​សំណល់​រូប​កាយ​របស់​ព្រះ​អង្គ ​ទៅ​ទុក​គោរព​បូជា​​ដូច​ពួក​អ្នក​កាន់​លទ្ធិព្រាហ្មណ៍​បាន​ធ្វើ​ចំពោះ​តួ​ អង្គ​អវតារ ​នៃ​អាទិទេព​របស់​ពួក​គេ​នោះ​ទេ ព្រោះរូប ​​ឬ​សំណល់​កាយ​របស់​ព្រះ​អង្គ​ ​​គ្មានសេស​​សល់​អ្វី​ជា​ខ្លឹមសារសម្រាប់​អ្នក​គោរព​ឡើយ ។ ព្រះ​ពុទ្ធ​បាន​ត្រាស់​ដឹង​ជា​ព្រះ​អរហន្ត​​​រួច​ហើយ គឺ​ព្រះ​អង្គ​បាន​ជា​បុគ្គល​ដែល​លះដាច់​​ហើយ​នូវ​វត្ថុ​សម្ភារៈ​សព្វ​យ៉ាង​ កើត​ឡើង​ឬ​ច្នៃ​​​ឡើង​​ពី​វត្ថុ​បាន​ពី​​ផែន​ដីនេះ​​; ព្រះ​អង្គ​លែង​ជាប់​ជំពាក់​នឹង​សេចក្តី​ស្អប់, សេចក្តី​ស្រឡាញ់, ឬ​ពាក្យ​ពោល​សរសើរ ​របស់​មនុស្ស​សាមញ្ញ​ហើយ ។ លើស​ពី​នោះ​ទៀត ព្រះ​ពុទ្ធ​ក៏​បាន​បរិនិព្វាន​បាត់​ទៅ​ហើយ​ដែរ គឺ​លែង​មាន​​ឥន្ទ្រីយ៍​ទាំង​ ៦ (ភ្នែក, ត្រចៀក, ​ច្រមុះ, មាត់, អណ្តាត, កាយ, និង ចិត្ត) ដែល​អាច​ទទួល​ដឹង​រស​នៃ​​​វត្ថុ​សព្វ​​យ៉ាង ​ដូច​មនុស្ស​​មាន​ជីវិត​រស់​នៅ​ឡើយ ។ ចុះ​ហេតុដូច​ម្តេច​បាន​ជា​មនុស្ស​​ភាគ​ច្រើន​នៅ​​បន្ត​​ច្រៀង​សរសើរ​ព្រះ​ អង្គ, នៅ​តែ​បូជា​ព្រះ​អង្គ​ដោយ​ភ្លើង​ទៀន​ និង ផ្សែង​ធូប​, នៅ​តែ​ដាក់​ដង្វាយ​ឬ​ចង្ហាន់​ប្រគេន​ព្រះ​អង្គ​​, បន្ត​សុំ​ខមាទោស​ចំពោះ​ព្រះ​អង្គ, នៅ​តែ​សន្សំ​ទុក​ និងបូជា​ចំពោះ​ឆ្អឹង​​របស់​ព្រះ​អង្គ​​ដែល​អគ្គី​បានឆាប​ឆេះ​​អស់​នោះ​​ទៀត​ ? កិច្ច​ទាំង​អស់​នោះ​គឺ​ជា​សំណល់​​ នៃ​កិច្ច​ខាង​សាសនា​ព្រាហ្មណ៍ ​ដែល​មនុស្ស​នៅ​រស់​បាន​ទទួល​ប្រយោជន៍​បន្តិច​​ៗ​ម្នាក់​ ពី​ការ​ធ្វើ​កិច្ច​ទាំង​នោះ ។ កិច្ច​ទាំង​នោះ​មិន​មែន​ជា​កិច្ច​ធ្វើ​ឡើង​សម្រាប់​មនុស្ស​ដែល​បាន​ស្លាប់​ ទៅ​ហើយ​ទេ ព្រោះ​​មនុស្ស​ស្លាប់​គ្មាន​​សល់​ការ​ឈឺ​ចាប់, ការ​ស្រេក​ឃ្លាន, ការ​ចង់​បាន ​ឬ​វត្ថុ​​សម្រាប់​​​ទទួល​ទេ ​ប្រៀប​ដូច​ជា​​គោ​ងាប់​ដែល​មិន​អាច​ងើប​ឡើង​ឆី​ចំបើង ​និង​ទឹក​​ដែល​កសិករ​ដាក់​នៅ​ចំពោះ​មុខ​វា​នោះ​ដែរ ។ ​
ផ្សឹកវាលុកចេតិយ
ក្រោយពីការធ្វើកិច្ចសព្វគ្រប់ហើយ លោកអាចារ្យសូត្របួងសួង និងថ្វាយគ្រឿងសក្ការៈដល់អស់ទេវតា ព្រះយមរាជ ដែលតែង​តែ​ត្រួត​ត្រា​មើល​ការ​ខុស​ត្រូវ​ដល់​មនុស្ស​លោក ដើម្បី​សុំខមាទោសចំពោះអំពើខុសឆ្គងទាំងឡាយកន្លងមក ដោយការអនុគ្រោះ សុំឲ្យផ្តាច់កម្ម ផ្តាច់ពៀរ និង​សុំ​សេចក្តី​សុខ​ចំរើន​តរៀងទៅ ។ បន្ទាប់លោកអាចារ្យបានឧទ្ទិសកុសលជូនដល់អ្នកដែលចែក​ឋានទៅ មានមាតាបិតាជីដូន ជីតា​ព្រម​ទាំង​ញតិ​មិត្ត​ទាំង​អស់ផង។ ថ្ងៃបន្ទាប់ ពុទ្ធបរិស័ទមកជួបជុំគ្នា លោកអាចារ្យចាប់ដំណើរការ​ថ្វាយបង្គំព្រះ សមាទានសីលនៅធម្មសាលា ។ បន្ទាប់​មក​គេ​នាំ​គ្នា​រាប់​បាត្របន្តហូរហែ ទាល់តែអស់អ្នកដែលមានសទ្ធា ។ នៅពេលបញ្ចប់ការរាប់បាត្រ គេបានកាន់ទៀន ធូប ផ្កាគ្រប់ដៃ ទៅកាន់ភ្នំខ្សាច់ ។ អាចារ្យចាប់ផ្តើមពិធីនៅភ្នំខ្សាច់ ដូចកាលពីល្ងាច​​​ម្តង​​ទៀត ។ ជាមួយគ្នានេះដែរព្រះសង្ឃសូត្រពុទ្ធមន្តប្រសិទ្ធិពរជ័យសិរីមង្គលនៅធម្មសាលា ។ អាចារ្យបានបន្តពិធីនៅខាងក្រៅមុខ​ភ្នំ គឺឆ្លងបុណ្យ ហើយធ្វើកិច្ចផ្សឹកភ្នំវិញដោយពោលថា : «ឥមំ វាលុកចេតិយំ បច្ចក្ខាមិ» ប្រែថា៖ «ខ្ញុំផ្សឹកឥលូវនេះនូវវាលុកចេតិយនេះចេញ» គឺលែងប្រកាន់ថាជាចេតិយទៀតហើយ អ្នកណារំលាយក៏គ្មានបាបដែរ ។ គេ​នាំ​គ្នា​ចូល​ធម្មសាលា​ដើម្បីវេរ​ភត្ត​​ប្រគេនព្រះសង្ឃឆាន់ត្រង់ ។ ពេលរសៀលគេជួបជុំគ្នា ដើម្បីនមស្សការថ្វាយបង្គំព្រះ និង អរាធនា​ព្រះសង្ឃ​សំដែង​ធម្មទេសនា។ កម្មវិធីជាបន្ត គេនាំគ្នាសំអាតព្រះពុទ្ធរូប ហើយបាចផ្កា បាញ់ទឹកអប់ (ស្រង់ព្រះ) ។ នេះជាពិធីតាមបែបសាសនា ។
ការធ្វើពិធីបុណ្យចូលឆ្នាំខ្មែរ
បុណ្យចូលឆ្នាំខ្មែរ ជា​បុណ្យ​ប្រពៃណី​ជាតិ ដែល​ប្រជាជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែងតែ​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ ឆ្នាំ ។ នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ មាន​ការ​រៀបចំ​ដូច​តទៅ ៖ ពិធី​បុណ្យ​ចូល​ឆ្នាំ​ ប្រព្រឹត្ដ​ទៅ​ ៣ ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី ១៣, ១៤, ឬ ១៥ ខែ មេសា ព្រោះ​ជា​រដូវ​កាល​ដែល​ប្រជាជន​ខ្មែរ​មាន​ពេល​ទំនេរ​ពី​ការ​ប្រមូល​ផល​ស្រូវ ​ និង ដំណាំ​កសិកម្ម​ផ្សេងៗ ។ មុន​ពេល​ប្រារព្ធ ពិធី​បុណ្យ​ចូល​ឆ្នាំ ១ ឬ ២ ថ្ងៃ ប្រជាជន​ខ្មែរ​តែង​តែ​នាំ​គ្នា សំអាត តុបតែងផ្ទះសម្បែង និង រៀបចំ​គ្រឿង​សម្ភារៈ​​ផ្សេងៗ ដើម្បី​ត្រៀម​ទទួល​ទេវតា​ឆ្នាំ​ថ្មី ។ នៅ​ពេល​ចូល​ដល់​ថ្ងៃ​ទី ១ នៃ​ថ្ងៃ​បុណ្យ​ចូល ឆ្នាំ​ខ្មែរ ដែល​ក្នុង​ប្រពៃណី​ខ្មែរ​តែង​ហៅ​ថ្ងៃ​នោះ​ថា​ជាថ្ងៃ​មហាសង្រ្កាន្ត (sankranti) ។ នៅ​ពេល​នោះ​ប្រជាពលរដ្ឋ​ខ្មែរ​​ដែល​កាន់​ជំនឿ​តាម​ព្រះ​ពុទ្ធសាសនា បាន​រៀបចំ​កន្លែង​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដែល​​មាន​គ្រឿង​រណ្ដាប់​ផ្សេង​ៗ និង មាន​តុបតែង​លម្អ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​​តាម​ផ្ទះ​របស់​ពួក​គេ​ ។ ​គ្រឿង​រណ្ដាប់ មានដូច​ជា ៖ ទឹក​ផ្ដិល​អប់​ដោយ​ផ្កា, ទៀន ៥, ​ ធូប ៥, ផ្កា​ភ្ញី, ភេសជ្ជៈ, និង នំចំណី, ផ្លែឈើជាច្រើន ។ល ។ បន្ទាប់មក ពួក​គេ​នឹង​ធ្វើ​ការ​សែន​ព្រេន ដោយ​មាន​អុជ​ធូប និង ទៀន តាម​​គេហដ្ឋាន​​របស់​ខ្លួន ។ នៅ​ពេល​ដល់​​កំណត់​ថា​​ទេវតា​ឆ្នាំ​ថ្មី យាង​ចុះ​មក​ប្រសិទ្ធិ​ពរជ័យ សិរី​សួស្ដី ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​សេចក្ដី​សុខ​ពេញ​មួយ​ឆ្នាំ ។ នៅ​ពេល​ចូល​ថ្ងៃទី​​ ២ នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ គេ​ហៅ​ថ្ងៃ​នោះ ថា​ជា វារៈវ៍នបត ប្រជាជន ​​នាំ​គ្នា​ទៅ​វត្ដ​អារាម​ដើម្បី​យក ចង្ហាន់ នំចំណី ផ្លែឈើ ​ ទៅ​ប្រគេន​ព្រះសង្ឃ ។ លើស​ពី​នេះ​ទៅ​ទៀត ក៏​មាន​ការ​រៀបចំ​លេង​ល្បែង​ប្រជាប្រិយ ដូចជា៖ ចោលឈូង បោះអង្គញ់ លាក់កន្សែង និង​មាន​ការ​ច្រៀង​រាំ​​បទ​ចម្រៀង​ប្រពៃណី ផង​ដែរ នៅ​តាម​វត្ដ​អារាម និង តាម​បណ្ដា​តំបន់​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ​ថ្ងៃទី ៣ ជា​ថ្ងៃ​បញ្ចប់​ពិធី​បុណ្យ​ចូល​ឆ្នាំ គេ​ហៅថា វារៈឡើងស័ក ឬ ថ្ងៃ​ឆ្លង ។ នៅ​ថ្ងៃនោះ គេ​តែង​ប្រារព្ធ​ធ្វើ​ពិធី ស្រង់​ទឹក​រូប​បដិមា​របស់​ព្រះពុទ្ធ នៅ​តាម​វត្ដ​អារាម ដើម្បី​សុំសេចក្ដី​សុខ​ ហើយ​ក៏​ជា​ថ្ងៃ​បញ្ចប់​នៃ​ការ​ប្រារព្ធ​ធ្វើ​ពីធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ដែរ ៕ដកស្រង់ពីវិគីភីឌា fpmonline.net

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s