ចរណៈ ១៥ យ៉ាង​របស់​ព្រះសម្មាសម្ពុទ្ធ​


ចរណៈ ១៥ យ៉ាង​របស់​ព្រះសម្មាសម្ពុទ្ធ​ មានប៉ុន្មាសូមទស្សនាដូចខាងក្រោមៈ

ចរណៈ ១៥ យ៉ាងគឺ

buddha.gif

ក្នុង​ អត្ថបទ​នេះ​នឹង​លើក​យក​ចរណៈ​១៥​របស់​ព្រះសម្មាសម្ពុទ្ធ​មក និយាយ​ជា​បន្ត​ទៅ​ទៀត គ្រាន់​បាន​ជា​ឈ្នួន​នៃ​សតិបញ្ញា​ក្នុង​ការ​សិក្សា​រិះ​គិត​ត​ទៅ។
ចរណៈ ប្រែថា “ការប្រព្រឹត្ត, ការ​ត្រាច់​ទៅ ឬការដើរ” ។ ចរណៈ​នេះ​ជា​ឈ្មោះ​បដិបទា របស់​ព្រះពុទ្ធ​ជាម្ចាស់ ឬ ពុទ្ធសាវ័ក ដែល​ព្រះអង្គ​មាន​ចរណៈ​ដ៏​បរិបូណ៌ សំដៅ​យក​ការ ប្រព្រឹត្ត​ល្អ​ដោយ​កាយ វាចា ចិត្ត​​ឥត​មាន​បុគ្គល​ណា​មួយ ចាប់​ថ្នាក់ ចោទ​ប្រកាន់ ក្នុង​ផ្លូវ​សីលធម៌ ឬ រង្កៀស​ចំពោះ​សេចក្តី​ប្រព្រឹត្តិ​ព្រះអង្គ​បាន​ឡើយ។ ចរណៈ​ទាំង​១៥ ចែក​ចេញ​ជា​៣​ពួក​គឺ សីល ជា​ពួក​ទី១ សទ្ធម្ម ជា​ពួក​ទី២ ឈាន ជាពួកទី៣។

ពួកទី១ សីល

១-សីល​សំវរៈ សង្រួម​កាយ​វាចា​តាម​សិក្ខាបទ​នៃ​សីល។
២-ឥន្ទ្រិយ ​សំវរៈ សង្រួម​ឥន្ទ្រិយ​ទាំង ៦ បាន​ដល់ ១-ចក្ខុន្ទ្រីយ គឺភ្នែក, ២-សោតិន្ទ្រិយ គឺត្រចៀក, ៣-ឃានិន្ទ្រិយ គឺច្រមុះ, ៤-ជីវ្ហិន្ទ្រិយ គឺអណ្តាត, ៥-កាយិន្ទ្រិយ គឺកាយ និង ៦-មនិន្ទ្រិយ គឺចិត្ត។
៣-ភោជនេ មត្តញ្ញុតា សេចក្តី​ដឹង​ប្រមាណ​ក្នុង​ភោជន។
៤-ជាគរិយានុយោគៈ ប្រកប​រឿយ​ៗ​ក្នុង​ការ​ភ្ញាក់​រលឹក។

ពួកទី២ សទ្ធម្ម ៧យ៉ាង
៥-សទ្ធា ការ​ជឿ​ហេតុផល​ដែល​គួរជឿ។
៦-ហិរិ សេចក្តី​ខ្មាស់​បាប។
៧-ឱតប្បៈ សេចក្តី​តក់​ស្លុត​ខ្លាច​បាប។
៨-ពាហុសច្ចៈ ភាព​ជា​អ្នក​រៀន​សូត្រ​ច្រើន។
៩-វីរយៈ សេចក្តី​ប្រឹងប្រែង។
១០-សតិ សេចក្តី​រលឹក​ចាំ​បាន។
១១-បញ្ញា ការ​ដឹង​ច្បាស់​ទូទៅ។
ពួកទី៣ រូបជ្ឈាន
ពាក្យថា “ឈាន” ប្រែថា “ការ​ដុត​កំដៅ​នូវ​នីវរណៈ, ការ​ពិនិត្យ​សម្លឹង​នូវ​អារម្មណ៍” ដើម្បី បង្វឹក​ចិត្ត​ទាល់​តែ​កើត អប្បនាសមាធិ​ជា​លំដាប់ តាំង​ពី​ឈាន​ថ្នាក់​ទាប​រហូត​ដល់ ថ្នាក់ខ្ពស់។
១២-បឋមជ្ឈាន ឈានទី ១ ប្រកប​ដោយ​អង្គ​៥ គឺ ១-វិតក្កៈ សេចក្ដី​នឹក​សំដៅ​ឆ្ពោះ​ទៅ​រក អារម្មណ៍​ដែល​កំពុង ភាវនា។ ២-វិចារៈ សេចក្ដី​រំពឹង​ពិចារណា​អារម្មណ៍​ដែល​កំពុង​ភាវនា។ ៣-បីតិ សេចក្ដី​ឆ្អែត​ចិត្ត ។ ៤-សុខៈ សេចក្ដី​សប្បាយ​ក្នុង​ចិត្ត។ ៥-ឯកគ្គតា ដំណើរ​មូល​ចិត្ត​ស្លុង​ទៅ ក្នុង​អារម្មណ៍​តែ​មួយ។
១៣-ទុតិយជ្ឈាន ឈាន​ទី២ ប្រកប​ដោយ​អង្គ៣ គឺ បីតិ សុខៈ ឯកគ្គតា។ លះ​នូវ​វិតក្កៈ និង វិចារៈ។
១៤-តតិយជ្ឈាន ឈានទី ៣ ប្រកប​ដោយ​អង្គ​២ គឺសុខៈ ឯកគ្គតា។ លះ​វិតក្កៈ វិចារៈ និង បីតិ ។
១៥-ចតុត្ថជ្ឈាន ឈានទី៤ ប្រកប​ដោយ​អង្គ​២ គឺ ឯកគ្គតា និង ឧបេក្ខា។ លះ​វិតក្កៈ វិចារៈ បីតិ និង សុខៈ។
ឈាន ​ទាំង​បួន​ថ្នាក់​នេះ ហៅថា រូបជ្ឈាន ជា​ឈាន​មាន​រូបធម៌​ជា​អារម្មណ៍​រាប់​បញ្ចូល ក្នុង​រូបាវចរ​ភូមិ ។ បុគ្គល​អ្នក​ចម្រើន​ភាវនា បាន​សម្រេច​ផ្លូវ​ឈាន សូម្បី​ត្រឹម​តែ បឋមជ្ឈាន​ប៉ុណ្ណោះ ក៏​ជួប​ប្រទះ​សេចក្ដី​សុខ​សប្បាយ​ធម្មតា ឆ្ងាញ់​ពិសា​ជាង​រសជាតិ​អ្វី​ៗ ទាំង អស់។
ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​បរិបូណ៌​ដោយ​ចរណៈទាំង១៥​នេះ​ឥត​មាន​ខ្វះចន្លោះ​ត្រង់​ណា​ឡើយ។
សិក្សាពាក្យ
រូបជ្ឈាន (រូបុ័ច-ឈាន) ឈាន​ដែល​មាន​រូបធម៌​ជាអារម្មណ៍ ។
អប្បនាសមាធិ (អ័ប-ប៉ៈ ន៉ា–) សមាធិ​ដែល​ចុះ​ស្លុង​ស៊ប់​ក្នុង​អង្គឈាន​ពេញ​បរិបូរ ។
រូបភព (រូប៉ៈភប់) កន្លែង​កើត​នៃ​រូបព្រហ្ម។
រូបាវចរ (រូប៉ាវ៉ៈចៈរៈ ឬ-ច; បា. < រូប + អវចរ) ចិត្ត​ដែល​ត្រាច់​រង្គាត់ ឬ​អន្ទោល​ទៅ ក្នុង​រូប​ភព ។
រូបាវចរភូមិ (រូប៉ាវៈចៈរៈ ភូម; បា. < រូប + អវចរ + ភូមិ) ភូមិ, ទី ឬ​ថ្នាក់​របស់​រូបាវចរ ។
ឥន្ទ្រិយ ឬ ឥន្ទ្រីយ៍ (អិន-ទ្រី)ភាវៈជាធំ, ឥស្សរភាព; អានុភាព, អំណាច; គុណានុភាព​ឬ​គុណសម្បត្តិ​របស់​ព្រះឥន្រ្ទ​ឬ​ដែល​ជាប់​ទាក់​ទង​អំពី​ព្រះ ឥន្រ្ទកម; រូបកាយ; កម្លាំង, កម្លាំងកាយ; សេចក្ដីដឹង, ប្រាជ្ញា; អារម្មណ៍; មុខការ, នាទី; អាយតនៈខាងក្នុង, ប្រសាទ​ឬ​ប្រសាទរូប : សង្រួម ឥន្រ្ទិយ ប្រុង​ប្រយ័ត្ន​អាយតនៈ​ខាង​ក្នុង​មាន​ភ្នែក​ជា​ដើម។ ឥន្រ្ទិយ សព្ទ​នេះ​មាន​ន័យ​ច្រើន​យ៉ាង​ណាស់, ព. ពុ. ប្រាប់​ថា​អ្វី​ដែល​ជា​ធំ តាម​មុខ​តាម​នាទី​របស់​ខ្លួន​ឬ​ដែល​មាន​បែប​ភាព​ផ្សេង​ដោយ​ឡែក​ហៅ​ថា ឥន្រ្ទិយ, ដូចជា ភ្នែក ហៅ ចក្ខុន្រ្ទិយ; ត្រចៀក ហៅ សោតិន្រ្ទិយ; ច្រមុះ ហៅ ឃានិន្រ្ទិយ; អណ្ដាត ហៅ ជីវ្ហិន្រ្ទិយ; កាយ ហៅ កាយិន្រ្ទិយ; មនោ ឬ ចិត្ត ហៅ មនិន្រ្ទិយ (ព្រោះ​អាយតនៈ​ខាង​ក្នុង​ទាំង ៦ នេះ​ជា​ធំ​ក្នុង​ការ​ទទួល អារម្មណ៍​តាម​នាទី​របស់​ខ្លួន ជា​ជំនួស​គ្នាពុំ​បាន) ។ (វចនានុក្រម​សម្តេច​ព្រះសង្ឃរាជ ជួន ណាត)
សិក្ខាបទ (–បត់) ចំណែក, មាត្រា​របស់​សីល​ឬ​របស់​វិន័យ ។
នីវរណៈ = ធម៌​ដែល​ជា​គ្រឿង​រារាំង​ចិត្ត​មិន​ឲ​បាន​សម្រេច​សេចក្តី​ល្អ ហៅថា នីវរណធម៌ មាន ៥យ៉ាងគឺៈ
១- កាមច្ឆន្ទៈ​ស្រឡាញ់​ចូល​ចិត្ត​ក្នុង​អារម្មណ៍​មាន​រូប​ជា​ដើម ដែល​ជា​ទី​គាប់​ចិត្ត។
២- ព្យាបាទៈ ចង​ចិត្ត​គំនុំ​គុំគួន​អ្នក​ដទៃ។
៣- ថីនមិទ្ធៈ ដំណើរ​ដែល​ចិត្ត​រុញ​ថយ និង​ដំណើរ​ងុយ​ងោក​ងក់។
៤- ឧទ្ធច្ចកុកុក្កុច្ចៈ (អ៊ុត-ធាច់ចៈ – កុកកុច ចៈ) ដំណើរ​ដែល​ចិត្ត​រាយ​មាយ​និង​រសាប់រសល់។
៥- វិចិកិច្ឆា សេចក្តី​សង្ស័យ​មិន​ចេះ​ដាច់​ស្រេច។ចរណៈ ១៥ យ៉ាង
បានផ្សាយ​នៅ​ ខែកក្កដា 28, 2011 ដោយ
ភិក្ខុធម្មានន្ទដកស្រង់ចេញទាំងស្រុងពី​​​
http://khmerbuddhism.wordpress.com/​2010/07/23/ចរណៈ-១៥-យ៉ាង/
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s