​​​​ព្រះ​ពុទ្ធសាសនា នឹង​វិនាសសាប​សូន្យ តើនឹងវិនាសដោយសារអ្វីខ្លះ សូមទស្សនា..


​​​​ព្រះ​ពុទ្ធសាសនា កាល​នឹង​សាប​សូន្យ នឹង​សាបសូន្យ​ព្រោះ​អន្តរធាន​ ៥ យ៉ាង គឺ៖
buddhanewlate20121.gif
បញ្ចន្តរធានៈ អន្តរធាន៥យ៉ាង
ក)- បរិយត្តិ​អន្តរធាន សាប​សូន្យ​ព្រះ​បរិយត្តិ,
ខ)- បដិបត្តិ​អន្តរ​ធាន សាប​សូន្យ​បដិបត្តិ,
គ)- បដិវេធ​អន្តរធាន សាប​សូន្យ​សេចក្ដី​ត្រាស់​ដឹង,
ឃ)- លិង្គ​អន្តរធាន សាប​សូន្យ​ភេទ​អ្នក​បួស,​
ង)- ធាតុ​អន្តរធាន សាប​សូន្យ​ព្រះសារី​រិក​ធាតុ ។
ក)- បរិយត្តិអន្តរធាន
ព្រះ ​បរិយត្តិ​នឹង​សាប​សូន្យ​យ៉ាងនេះ កាល​កន្លង​ទៅ ៗ កើត​កលិយុគ, មនុស្ស​ក្នុង​សាកល​លោក​ប្រាស​ចាក​មនុស្សធម៌ ព្រោះ​ចំហាយ​អយុត្តិធម៌ ធម្មជាតិ​ដែល​ជា​ឧបការ​មិន​ប្រព្រឹត្ត​ទៅ​ដោយ​ប្រពៃ ដូច​ជា​ភ្លៀង​បង្អុរ​មិន​ស្រួល ស្រូវ​មិន​សម្រេច​ផល​ជា​ដើម​ ។ ម៉្លោះ​ហើយ​ទាយក​អ្នក​ផ្គង​បច្ច័យ​សម្រាប់​ការ​សិក្សា​មិន​អាច​ប្រគេន​ បច្ច័យ​ដល់​ភិក្ខុ​សង្ឃ ពួក​ភិក្ខុ​លំបាក​ដោយ​បច្ច័យ មិន​អាច​សង្គ្រោះ​អន្តេវាសិក​អ្នក​សិក្សា​បរិយត្តិ​បាន ។ កាល​កន្លង​ទៅ ៗ ភិក្ខុ​មិន​អាច​ទ្រទ្រង់​អត្ថ​បាន ទ្រទ្រង់​បាន​ត្រឹម​បាលី។​ ត​ទៅ, កាល​កន្លង​ទៅ​ៗ ភិក្ខុ​មិន​អាច​ទ្រទ្រង់​បាលី​ទាំង​អស់ ។ ដំបូង អភិធម្ម​បិដក​សាបសូន្យ ៗ ពី​ចុង​មក​មុន​គឺ មហាបដ្ឋាន; ត​មក, យមកៈ, កថាវត្ថុ, បុគ្គលប្បញ្ញត្តិ, ធាតុកថា, វិភង្គ, ធម្មសង្គណី ។ តមក, សុត្តន្តបិដក សាបសូន្យ, អង្គុត្តរ​និកាយ​សាបសូន្យ​ចាប់​ដើម​អំពី​ឯ​កាទសកៈ ដល់​ឯកកៈ ; តមក, សំយុត្តនិកាយ សាប​សូន្យ​ចាប់​ដើម​អំពី​ចក្ក​បេយ្យាលៈ ដល់​ឱឃ​តរណៈ ; តមក, មជ្ឈិ​មនិកាយ​សាបសូន្យ​ចាប់​ដើម​អំពី​ឥន្ទ្រិយ​ភាវ​នៈ ដល់​មូល​បរិយាយៈ ; តមក, ទីឃ​និកាយ​សាប​សូន្យ​ចាប់​ដើម​អំពី ទសុត្តរៈ ដល់​ព្រហ្មជា​លៈ ។ បុច្ឆា​គា​ថា​មួយ​ក្ដី ពីរ​ក្ដី ឋិត​នៅ​អស់​កាល​វែង​ក៏​ដោយ ក៏​មិន​អាច​ទ្រទ្រង់​សាសនា​បាន ដូច​ជា​សព្ភិ​យបុច្ឆា អាឡវក​បុច្ឆា ក្នុង​កស្សប​ពុទ្ធ​សាសនា ។ តមក, ពួក​លជ្ជី​ភិក្ខុ​ទ្រ​ទ្រង់​វិន័យ​ ; ពួក​ភិក្ខុ​ប្រាថ្នា​លាភ,​ កាល​សុត្តន្តបិដក​ឋិត​នៅ ទ្រទ្រង់​តែ​ជាតក​ប៉ុណ្ណោះ ។ កាល​កន្លង​ទៅ ៗ ភិក្ខុ​មិន​អាច​ទ្រទ្រង់​ជាតក, វេស្សន្តរ​ជាតក​សាបសូន្យ​ជា​ដំបូង ; តមក, បណ្ណក​ជាតក​មហានារទ​ជាតក ដោយ​លំដាប់​ច្រាស​មក ; អបណ្ណក​ជាតក​សាប​សូន្យ​ទី​បំផុត ។ ភិក្ខុ​នៅ​ទ្រទ្រង់​វិន័យ ។ កាល​កន្លង​ទៅ ៗ វិន័យ​សាប​សូន្យ​ពី​ចុង​មក​មុន​គឺ បរិវារៈ ; តមក, ខន្ធកៈ, ភិក្ខុនីវិភង្គ, មហាវិភង្គ, ភិក្ខុ​ទ្រ​ទ្រង់​តែ​ឧបោសថ​ក្ខន្ធកៈ ។ គាថា ៤ បទ​ប្រព្រឹត្ត​ក្នុង​មនុស្ស​ដរាប​ណា, ដរាប​នោះ បរិយត្តិ​ឈ្មោះ​ថា មិន​ទាន់​អន្តរធាន ។ កាល​នោះ​ស្ដេច​ជ្រះ​ថ្លា​ឲ្យ​គេ​ដាក់​កហាបណៈ​មួយ​ពាន់​ក្នុង​ប្រអប់​ដាក់​ លើក​ដំរី ឲ្យ​វាយ​ស្គរ​សួរ​ថា “ អ្នក​ណា​ចេះ​គាថា ៤ បទ​ដែល​ព្រះពុទ្ធ​ទ្រង់​សំដែង អ្នក​នោះ​ចូរ​យក​កហាបណៈ​មួយ​ពាន់​នេះ​ចុះ” ។ កាល​រាជ​បុរស​វាយ​ស្គរ ៣ ដង មិន​មាន​អ្នក​ណា​ទទួល​យក, ក៏​នាំ​យក​ថង់​ពេញ​ដោយ​កហាបណៈ ១ ពាន់​ចូល​ទៅ​កាន់​រាជ​ត្រកូល​វិញ ។
កាល​នោះ​ឯង​ហៅ​ថា​បរិយត្តិអន្តរធាន ។
cropped-images.jpeg
ខ) បដិបត្តិអន្តរធាន
បដិបត្តិ ​នឹង​សាប​សូន្យ​យ៉ាង​នេះ កាល​កន្លង​ទៅ ៗ ពួក​ភិក្ខុ​មិន​អាច​ញ៉ាំង​ឈាន វិបស្សនា មគ្គ​ផល​ឲ្យ​កើត, រក្សា​តែ​ចាតុប្បា​រិសុទ្ធិ​សីល ។ កាល​កន្លង​ទៅ ៗ ពួក​ភិក្ខុ​ដល់​នូវ​សេចក្ដី​បន្ធូរ​បន្ថយ​ថា “ យើង​រក្សា​ច​តុប្បារិសុទ្ធិ​សីល​ផង ប្រកប​រឿយ ៗ នូវ​ប្រធាន​ផង មិន​អាច​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​មគ្គផល​បាន, ឥឡូវ​នេះ អរិយ​ធម្មប្បដិវេធ​ធម៌​​មិន​មាន” ហើយ​ក៏​ល្មោភ​ខ្ជិល មិន​ដាស់​តឿន​រំលឹក​ទៅ​វិញ​ទៅ​មក មិន​មាន​សង្ស័យ ; ត​មក, ក៏​ញាំ​ញីខុ​​ទ្ទានុខិទ្ទក​សិក្ខាបទ ។ កាល​កន្លង​ទៅ ៗ ភិក្ខុ​ត្រូវ​អាបត្តិបាចិត្តិយៈ ថុល្លច្ច័យ តពី​នោះ​គរុ​កាបត្តិ​បារាជិក​ឋិត​នៅ ។ កាល​បើ​ពួក​ភិក្ខុ​រក្សា​បារាជិក ៤ មាន​មួយ​រយ​អង្គ​ក្ដី មួយ​ពាន់​អង្គ​ក្ដី, បដិបត្តិ​មិន​ទាន់​អន្តរធានទេ ។ លុះ​តែ​ភិក្ខុ​ក្រោយ​បង្អស់​បែក​ធ្លាយ​សីលក្ដី, អស់​អាយុក្ដី បដិបត្តិ​ឈ្មោះ​ថា អន្តរធាន ។គ) បដិវេធអន្តរធាន
បដិវេធៈ គឺអធិគមៈ បាន​ដល់​មគ្គ ៤, ផល ៤, បដិសម្ភិទា ៤, វិជ្ជា, អភិញ្ញា ៦ ។ អធិគមៈ​សាប​សូន្យ​អំពី​បដិសម្ភិទា​មក​មុន ។ លុះ​សោតា​បន្នបុគ្គល​ក្រោយ​បង្អស់​អស់​ជីវិត, អធិមគៈ​ឈ្មោះ​ថា អន្តរធាន ។ឃ) លិង្គអន្តរធាន
កាល ​កន្លង​ទៅ ៗ, ការ​កាន់​បាត្រ​កាន់​ចីវរ, បត់ លា ឈាន ឈាន​ទៅ​មុខ ឈា​នថយ មើល​ទៅ​មុខ មើល​ឆ្វេង ស្ដាំ មិន​សម​រម្យ តាម​សមណ​សារុប្ប មិន​ជាទី​ជ្រះ​ថ្លា ។ ពួក​ភិក្ខុ​ដាក់​បាត្រ​ត្រង់​អគ្គ​ពាហា (ចុង​ដើម​ដៃ) ត្រាច់​ទៅ ដូច​និគ្គន្ថស្សមណី​កាន់​បាត្រ​រលា​ឃ្លោក ។ ប៉ុណ្ណេះ លិង្គ​នៅ​មិន​ទាន់​អន្តរធាន ។ កាល​កន្លង​ទៅ ៗ ពួក​ភិក្ខុ​ដាក់​បាត្រ​អំពី​អគ្គពាហា​យួរ​ដោយ​ដៃ ដោយ​សង្រែក​ត្រាច់​ទៅ ។ កាល​កន្លង​ទៅ ៗ ភិក្ខុ​មិន​ជ្រលក់​ចីវរ កាត់​សំពត់​ធ្វើ​ចីវរ​ចោះ​តែ​ក្រវិល​ពិន្ទុកប្បៈ​ប៉ុណ្ណោះ​ប្រើ​ប្រាស់​ទៅ ​។តមក, ចោះ​តែ​ក្រវិល មិន​ធ្វើ​ពិន្ទុ​កប្បៈ ។ តមក, មិន​ធ្វើ​ទាំង​ពីរ កាត់​តែ​សំពត់​ស្លៀក​ត្រាច់​ទៅ​ដូច​បរិព្វាជក ។ កាល​កន្លង​ទៅ ៗ ពួក​ភិក្ខុ​គិត​ថា គ្មាន​ប្រយោជន៍​អ្វី​ដោយ​សំពត់ ក៏​ចង​ខុទ្ទក​សា​ដកនឹង​ដៃ​ខ្លះ​នឹង​ក​ខ្លះ ផ្សើម​សក់​ឲ្យ​ទទឹក​ខ្លះ ចិញ្ចឹម​កូន​ប្រពន្ធ​ធ្វើ​ស្រែ​ចិញ្ចឹម​ជីវិត ។ កាល​នោះ​ជន​ណា​មាន​ទក្ខិណាទាន​ដល់​ជន​ពួក​នេះ ឧទ្ទិស​ចំពោះ​សង្ឃ​បាន​ផល​ច្រើន ។ ព្រះ​មា​ន​ជោគ​ត្រាស់ំ​ដៅ​រឿង​នេះ​ថា “ ម្នាល​អានន្ទ ក្នុង​កាល​អង្វែង​ទៅ​អនាគត​នឹង​មាន​ពួក​គោត្រភូ​កាសាវៈ​នឹង​ក ទ្រុស្ត​សីល មាន​ធម៌​អាក្រក់, ពួក​ជន​នឹង​ឲ្យ​ទាន​ក្នុង​គោត្រភូ​ទាំង​នោះ ; ម្នាល​អានន្ទ ក្នុង​កាល​នោះ តថាគត​ពោល​ថា សង្ឃគតា​ទក្ខិណាទាន​នោះ មាន​ផល​រាប់​មិន​បាន​ស្មាន​មិន​ត្រូវ” ។ តមក, កាល​កន្លង​ទៅ ៗ ពួក​ជន​នោះ​នាំ​គ្នា​ធ្វើ​អំពើ​ផ្សេង ៗ គិត​ថា​ការ​នេះ​នាំ​យឺត​យូរ យើង​មាន​ប្រយោជន៍​អ្វី​ដល់​វត្ថុ​នោះ ហើយ​ក៏​គ្រវាត់​សំពត់​កាសាវៈ​នោះ​ចោល​ក្នុង​ព្រៃ ។ ក្នុង​កាល​នោះ លិង្គ ឈ្មោះ​ថា អន្តរធាន ។ង) ធាតុអន្តរធាន

បរិនិព្វាន​មាន ៣ គឺ-កិលេស​បរិនិព្វាន មាន​ហើយ​លើ​ពោធិបល្លង្ក,
-ខន្ធ​បរិនិព្វាន មាន​ហើយ​ក្នុង​ក្រុង​កុសិនារា,
-ធាតុ​បរិនិព្វាន នឹង​មាន​ក្នុង​កាល​អនាគត ។

ធាតុបរិនិព្វាន, ព្រះ​ធាតុ​ទាំង​ឡាយ​កាល​មិន​បាន​សក្ការៈ រាប់​អាន​ក្នុង​ទីនោះ ៗ ក៏​ទៅ​កាន់​កន្លែង​ដែល​បាន​សក្ការៈ​បូជា​រាប់​អាន ដោយ​កំលាំង​អធិដ្ឋាន​ព្រះពុទ្ធ​ទាំង​ឡាយ ។ កាល​កន្លង​ទៅ ៗ សក្ការៈ​បូជា​រាប់​អាន​មិន​មាន​សព្វ​ឋាន ។ ឮ​ថា ក្នុង​កាល​សាសនា​រៀវ​រោយ ព្រះ​ធាតុ​ទាំង​ឡាយ​ទៅ​ប្រជុំ​ក្នុង​តាម្ព​បណ្ណិ​ទ្វីប នឹង​ទៅ​កាន់​មហា​ចេតិយ ចេញ​ពី​នោះ​ទៅ​កាន់​រាជា​យតនចេតិយ​ក្នុង​នាគ​ទ្វីប ចេញ​ពី​នោះ​នឹង​ទៅ​កាន់​មហាពោធិបល្លង្ក ។ ព្រះ​ធាតុ​ទាំង​ឡាយ​នឹង​មក​អំពី​នាគភព​ផង ទេវលោកផង ព្រហ្មលោកផង ទៅ​កាន់​ពោធិបល្លង្កដែរ ។ ព្រះ​ធាតុ​សូម្បី​ប៉ុន​គ្រាប់​ស្ពៃ​ក៏​មិន​វិនាស​ក្នុង​ចន្លោះ ។ ព្រះ​ធាតុ​ទាំង​ឡាយ ប្រជុំ​នៅ​មហាពោធិ​បល្លង្ក​កាន់​យក​នូវ​ពុទ្ធ​រូប​ផ្ទឹម​នឹង​ពុទ្ធសរីរៈ​ដែល ​គង់​ព្ធ​ដ៏​ពោធិ​មណ្ឌៈ ; មហាបុរិស​លក្ខណៈ ៣២, អនុ​ព្យញ្ជនៈ ៨០ ; ពន្លឺ​ផ្សាយ​ចេញ ​១ ព្យាម​មាន​គ្រប់​ទាំង​អស់ ។ លំ​ដាប់​នោះ, ព្រះ​ធាតុ​ទាំង​ឡាយ​នឹង​ធ្វើ​បាដិហារ្យ​បញ្ចេញ​ឆព្វណ្ណ​រំសី​ដូច​ក្នុង​ថ្ងៃ ​យមកប្បា​ដិហារ្យ ។ រស្មី​ទាំង​នោះ​នឹង​ផ្សាយ​ទៅ​អស់ ១ ម៉ឺន​លោក​ធាតុ ។ ពួក​មនុស្ស​មិន​មាន​ក្នុង​ទី​នោះ​ទេ ។ មាន​តែ​ពួក​ទេវតា សន្និបាត​ក្នុង ១ ម៉ឺន​ចក្រវាឡ ធ្វើ​នូវ​ការុញ្ញ​ភាព​ធំ​ជាង​ក្នុង​ថ្ងៃ​បរិនិព្វាន​នៃ​ព្រះ​ទស​ពល​ថា “ ព្រះ​ទស​ពល​បរិព្វាន​ក្នុង​ថ្ងៃ​នេះ សាសនា​នឹង​ឱន​ថយ​ក្នុង​ថ្ងៃ​នេះ, នេះ​ជា​បច្ចិម​ទស្សន៍ នៃ​ពួក​យើង” ។ លើក​លែង​តែ​អា​នាគាមី​ ខីណាសវៈ, ពួក​ទេវតា​ដ៏​សេស​នឹង​មិន​អាច​ទ្រទ្រង់​ដោយ​សកភាព​បាន ។ លំដាប់​នោះ តេជោធាតុ​តាំង​ឡើង​អំពី​ធាតុ​ស​រីរៈ ញ៉ាំង​សរីរៈ​នោះ​ឲ្យ​ដល់​នូវ​អបណ្ណត្តិក​ភាព ។ អណ្ដាត​ភ្លើង​ឡើង​ទៅ​ដល់​ព្រហ្មលោក ។ បើ​ព្រះ​ធាតុ​នៅ​សល់​ប៉ុន​គ្រាប់​ស្ពៃ អណ្ដាត​ភ្លើង​នៅ ។ កាល​បើ​ព្រះធាតុ​ទាំ​ងឡាយ​ដល់​នូវ​បរិយា​ទាន, អណ្ដាត​ភ្លើង​នឹង​ដាច់​សូន្យ ​។ ព្រះ​ធាតុ​ទាំង​ឡាយ​សំដែង​អានុភាព​ធំ​យ៉ាង​នេះ ទើប​បរិនិព្វាន ។

កាលនោះ ពួក​ទេវតា ដែល​ប្រជុំគ្នា​ធ្វើ​សក្ការៈ​បូជា​ដោយ​គ្រឿង​ក្រ​អូប ប្រេង​ផ្កា​ទិព្វនឹង​តូរ្យតន្ត្រីទិព្វ​ជាដើម ដូច​ក្នុង​ថ្ងៃ​ព្រះ​ពុទ្ធ​ទាំង​ឡាយ​គង់​នៅ​ធ្វើ​ប្រទក្សិណ​ថ្វាយ​បង្គំ ៣ ដង​ហើយ​ពោល​ថា “ បពិ​ត្រ​ព្រះ​មាន​ជោគ យើង​ទាំង​ឡាយ​នឹង​បាន​ឃើញ​ព្រះពុទ្ធ​ទាំង​ឡាយ​ត្រាស់​ឯ​អនាគត” ​ ។

បរិយត្តិ​អន្តរធាន ជា​ប្រធាន​នៃ​អន្តរធាន​ទាំង ៥ នេះ ព្រោះ​បរិយត្តិ​ជា​ប្រមាណ​នៃ​សាស​នដ្ឋិតិ (ការ​ទ្រទ្រង់​ពុទ្ធ​សាសនា) ។

(ដក​ស្រង់​ចេញ​ពី ធម្មប្បជោត រៀប​រៀង​ដោយ​ព្រះ​មហា អ៊ុក អ៊ឺន ក្នុង​ទស្សនា​វដ្តី​កម្ពុជ​សុរិយា ឆ្នាំ​១៩៥៨ ចុះ​ផ្សាយ​ដោយ​វិទ្យា​ស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ)

ដកស្រង់ពី http://khmerbuddhism.wordpress.com/
ដោយ ៥០០០ឆ្នាំ
ទ្រឹស្តីពុទ្ធចក្រ
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s