សេចក្តីមិនប្រមាទជាកំពូលនៃកុសលធម៌ទាំងឡាយ


 

អប្បមាទសូត្រ

[ សេចក្តីមិនប្រមាទជាកំពូលនៃកុសលធម៌ទាំងឡាយ ]

67148_422383751154028_167523812_n
ម្នាលភិក្ខុទាំងឡាយ ពួកសត្វទាំងអម្បាលម៉ាន ទោះបីមិនមានជើងក្តី មានជើងពីរក្តី មានជើងបួនក្តី មានជើងច្រើនក្តី មានរូបក្តី មិនមានរូបក្តី មានសញ្ញាក្តី មិនមានសញ្ញាក្តី មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនក្តី ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ប្រាកដជាប្រសើរ ជាងពួកសត្វទាំងអម្បាលនោះ ( យ៉ាងណាមិញ ) ម្នាលភិក្ខុទាំងឡាយ កងធម៌ជាកុសលឯណានីមួយ កងធម៌ជាកុសលទាំងអស់នោះ មានអប្បមាទ ជាឫសប្រជុំចុះក្នុងអប្បមាទ អប្បមាទ ប្រាកដជាប្រសើរជាងកងធម៌ជាកុសលទាំងនោះ ក៏យ៉ាងនោះដែរ ។
Buddha

សេចក្តីប្រៀបធៀបនឹងដានជើងដំរី
ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាស្នាមជើងទាំងឡាយណាមួយ របស់ពួកសត្វ ដែលដើរលើផ្ទៃផែនដី ស្នាមជើងទាំងអស់នោះ រមែងដល់នូវការប្រជុំចុះ ក្នុងស្នាមជើងនៃដំរី ស្នាមជើងនៃដំរី ប្រាកដជាប្រសើរជាងស្នាមជើងនៃសត្វទាំងនោះ ព្រោះជាស្នាមជើងធំ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កងធម៌ជាកុសលឯណានីមួយ កងធម៌ ជាកុសលទាំងអស់នោះ មានអប្បមាទ ជាឫសប្រជុំចុះ ក្នុងអប្បមាទ អប្បមាទ ប្រាកដជាប្រសើរជាងកងធម៌ ជាកុសលទាំងអស់នោះ ក៏យ៉ាងនោះដែរ ។

សេចក្តីប្រៀបធៀបនឹងបង្កង់របស់កូដាគារ
ម្នាលភិក្ខុទាំងឡាយ ដូចជាបង្កង់ទាំងឡាយ ឯណានីមួយ របស់កូដាគារ ( ផ្ទះដែលគេសង្គ្រោះដោយកំពូល ) បង្កង់ទាំងអស់នោះ ឈមទៅរកកំពូល ទេរទៅរកកំពូល ប្រជុំទៅត្រង់កំពូល កំពូលប្រាកដជាប្រសើរជាងបង្កង់ទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កងធម៌ជាកុសលឯណានីមួយ កងធម៌ជាកុសលទាំងអស់នោះ មានអប្បមាទ ជាឫសប្រជុំចុះក្នុងអប្បមាទ អប្បមាទ ប្រាកដជាប្រសើរជាងកងធម៌ជាកុសលទាំងនោះ ក៏យ៉ាងនោះដែរ ។

សេចក្តីប្រៀបធៀបនឹងក្លិនឫសក្លាំពាក់
ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាក្លិនឫសឈើទាំងឡាយ ឯណានីមួយ ក្លិនឫសក្លាំពាក់ ប្រាកដជាប្រសើរជាងក្លិនឫសឈើទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ។ល។ ក៏យ៉ាងនោះដែរ ។

សេចក្តីប្រៀបធៀបនឹងក្លិនខ្លឹមចន្ទន៍ក្រហម
ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាក្លិនខ្លឹមទាំងឡាយឯណានីមួយ ក្លិនខ្លឹមចន្ទន៍ក្រហមប្រាកដជាប្រសើរជាងក្លិនខ្លឹមទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ។ល។ យ៉ាងនោះដែរ ។

សេចក្តីប្រៀបធៀបនឹងក្លិនផ្កាម្លិៈ
ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាក្លិនផ្កាឈើទាំងឡាយ ឯណានីមួយ ក្លិនផ្កាម្លិះ ប្រាកដជាប្រសើរ ជាងក្លិនផ្កាឈើទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ។ល។ ក៏យ៉ាងនោះដែរ ។

សេចក្តីប្រៀបធៀបនឹងស្តេចចក្រពត្តិ
ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាពួកស្តេចតូចៗ ឯណានីមួយ ពួកស្តេចតូចៗ ទាំងអស់នោះ រមែងជាចំណុះរបស់ស្តេចចក្រពត្តិ ស្តេចចក្រពត្តិ ប្រាកដជាប្រសើរជាងពួកស្តេចតូចៗ ទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ។ល។ ក៏យ៉ាងនោះដែរ ។

សេចក្តីប្រៀបធៀបនឹងពន្លឺព្រះចន្ទ្រ
ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាពន្លឺ របស់រូបផ្កាយទាំងឡាយឯណានីមួយ ពន្លឺទាំងអស់នោះ មិនបានដល់នូវចំណិត ជាគម្រប់ ១៦ៗ ដង នៃពន្លឺព្រះចន្ទ្រ ពន្លឺព្រះចន្ទ្រប្រាកដ ជាប្រសើរ ជាងពន្លឺនៃរូបផ្កាយទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ។ល។ ក៏យ៉ាងនោះដែរ ។

សេចក្តីប្រៀបធៀបនឹងព្រះអាទិត្យ
ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាព្រះអាទិត្យ កាលបើភ្លៀងស្វាង ប្រាសចាកពពកក្នុងសរទសម័យ ខ្ពស់ផុតពពក កម្ចាត់បង់នូវងងឹតទាំងអស់ ដែលនៅលើអាកាស ហើយភ្លឺស្វាងរុងរឿង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ។ល។ ក៏យ៉ាងនោះដែរ ។

សេចក្តីប្រៀបធៀបនឹងមហាសមុទ្រ
ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាទន្លេធំទាំងឡាយ ឯណានីមួយ គឺទន្លេគង្គា យមុនា អចិរវតី សរភូ មហី ទន្លេទាំងអស់នោះ ក៏ឈមទៅរកសមុទ្រ ឱនទៅរកសមុទ្រ ទេរទៅរកសមុទ្រ ញោចទៅរកសមុទ្រ មហាសមុទ្រ ប្រាកដជាប្រសើរជាងទន្លេធំទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កងធម៌ ជាកុសលឯណានីមួយ កងធម៌ជាកុសលទាំងអស់នោះ មានអប្បមាទ ជាឫសប្រជុំចុះក្នុងអប្បមាទ អប្បមាទ ប្រាកដជាប្រសើរជាងកងធម៌ ជាកុសលទាំងនោះ ក៏យ៉ាងនោះដែរ ។
( អប្បមាទសូត្រ បិដកលេខ ៥០ ទំព័រ ៤៧-៥០ )

អដ្ឋកថា
ការាបកអប្បមាទ សេចក្តីមិនប្រមាទជាហេតុនាំឲ្យធ្វើកុសល គប្បីយល់ឃើញថា ជាកំពូលនៃកុសលធម៌ទាំងពួង ដូចព្រះសម្មាសម្ពុទ្ធទ្រង់ជាកំពូលនៃសត្វទាំងពួងដូច្នោះ។

សួរថា៖ ក៏ការាបកអប្បមាទនោះ ជាលោកិយ ចំណែកកុសលធម៌ទាំងឡាយ ជាលោកុត្តរក៏មាន ការាបកអប្បមាទនេះ ជាកាមាវចរតែម្យ៉ាង ចំណែកកុសលធម៌ទាំងឡាយ ប្រព្រឹត្តទៅក្នុងភូមិ ៤ មិនមែនឬ ការាបកអប្បមាទនេះជាកំពូលនៃកុសលធម៌ទាំងឡាយនោះ បានយ៉ាងដូចម្តេច?

ឆ្លើយថា៖ ព្រោះអត្ថថា ជាហេតុឲ្យបាន ។ ពិតមែន កុសលធម៌ទាំងឡាយនោះ បុគ្គលរមែងបានដោយសេចក្តីមិនប្រមាទ ព្រោះហេតុនោះ សេចក្តីមិនប្រមាទនោះ ទើបឈ្មោះថា ជាកំពូលនៃកុសលធម៌ទាំងឡាយនោះ ដោយហេតុនោះ ទើបត្រាស់ថា កុសលធម៌ទាំងអស់នោះ មានសេចក្តីមិនប្រមាទជាឫសគល់ ។

67148_422383751154028_167523812_n
អធិប្បាយអំពីសេចក្តីប្រៀបធៀបនឹងផ្កាម្លិះ
បានឮថា ព្រះបាទភាតិយមហារាជទ្រង់ព្រះសណ្តាប់សូត្រនេះហើយ ទ្រង់ប្រាថ្នានឹងពិសោធមើល ទើបឲ្យគេយកផ្កាក្រអូបមកអប់ដោយរបស់ក្រអូប ៤ ប្រភេទ ក្នុងបន្ទប់នីមួយៗ ដាក់ក្តាប់ផ្កាម្លិះទុកកណ្តាលបន្ទប់ ធ្វើផ្កាដទៃទៀតដែលនៅសល់ជាក្តាប់ដាក់ជុំវិញក្តាប់ផ្កាម្លិះនោះ ទ្រង់បិទទ្វារហើយ ស្តេចយាងចេញទៅខាងក្រៅ កាលទ្រង់សម្រាកនៅខាងក្រៅមួយស្របក់ហើយ បើកទ្វារស្តេចយាងចូលទៅ ក្លិនផ្កាម្លិះប៉ះនឹងព្រះនាសិកមុនផ្កាដទៃទាំងអស់ ។ ទ្រង់យាងចុះពីក្រឡាព្រះបន្ទំ ឈរនៅលើព្រះទែនធំនោះឯង បែរព្រះភក្ត្រទៅរកព្រះមហាចេតិយ ទ្រង់ថ្វាយបង្គំព្រះមហាចេតិយ ដោយទ្រង់ព្រមទទួលថា ព្រះសម្មាសម្ពុទ្ធកាលត្រាស់ថា ក្លិនផ្កាម្លិះជាកំពូលនៃបុប្ផគន្ធជាតិទាំងនោះ ឈ្មោះថា ត្រាស់ដោយប្រពៃហើយ ។ ៥០០០ឆ្នាំ
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s