ប្រវត្តិ​និង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​សកល


ពិធីបុណ្យនេះបានជះឥទ្ធិពលជា បន្តបន្ទាប់ទៅលើប្រទេសនានា នៃទ្វីបដទៃទៀតនៅលើពិភពលោក ដែលទោះបីជាមានពិធីបុណ្យ ចូលឆ្នាំជាប្រពៃណីជាតិរបស់ខ្លួនក្តី ក៏តែងនិយមនាំគ្នាប្រារព្ធទិវា បុណ្យចូលឆ្នាំសាកលនេះ ជារៀងរាល់ឆ្នាំផងដែរ។

ការប្រារព្ធទិវាបុណ្យចូលឆ្នាំសាកល ឯកសារខ្លះបញ្ជាក់ថា បានចាប់ផ្ដើមជាដំបូងបង្អស់កាលពីប្រមាណ ៤ពាន់ឆ្នាំមុន ដោយកំណត់តាមប្រតិទិនចន្ទគតិ ឬដំណើរគោចរនៃព្រះចន្ទ ដូចជាទិវាបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្មែរដែរ។

ប៉ុន្តែការកំណត់យកថ្ងៃទី១ នៃខែមករា តាមប្រតិទិនសុរិយគតិ ឬដំណើរគោចរនៃព្រះអាទិត្យ ជាទិវាបុណ្យចូលឆ្នាំថ្មីឆ្នាំសាកល គឺចាប់ផ្ដើមក្នុងអំឡុងឆ្នាំ៤៦ មុនគ្រិស្តសករាជ ដោយព្រះចៅអធិរាជមួយអង្គនៃចក្រភពរ៉ូម៉ាំង។

មកដល់បច្ចុប្បន្ន ទិវាបុណ្យចូលឆ្នាំសាកល គឺជាវេលាឈប់សម្រាកការងារជួបជុំក្រុមគ្រួសារញាតិមិត្តជិតឆ្ងាយទទួលទានអាហាររួមគ្នា និងការជូនវត្ថុអនុស្សាវរីយ៍ដល់គ្នាទៅវិញទៅមក ដែលភាសាអង់គ្លេសហៅថា ហ្គីវ្ទ (Gift)។

ពលរដ្ឋខ្មែរ-អាមេរិកាំងម្នាក់នៅរដ្ឋញីវយ៉ក សហរដ្ឋអាមេរិក លោក សេង សុផាណា រៀបរាប់ថា ប្រពៃណីក្នុងការទិញរបស់ផ្សេងៗជូនដល់ម្ដាយឪពុក បងប្អូនកូនចៅ និងញាតិមិត្ត គឺជាផ្នែកមួយដ៏សំខាន់ក្នុងឱកាសបុណ្យចូលឆ្នាំសាកល ដែលភ្ជាប់ជាមួយនឹងបុណ្យគ្រិស្តម៉ាស់៖ «ជាការចាំបាច់ហើយនៅស្រុកនេះ ជាទម្លាប់អាមេរិកាំង ហើយយើងមានបងប្អូន ជាពិសេសកូនតូចៗ យើងដាច់ខាតត្រូវតែធ្វើ។ ទាំងខ្ញុំ ទាំងបងប្អូនខ្មែរយើងទាំងអស់ដែលនៅក្នុងនេះ ពីមុនមួយអាទិត្យទៅ គេចាប់ផ្ដើមទិញហ្គីវ្ទ (អំណោយ) ទុករួចហើយស្រេចទៅហើយ ដើម្បីដល់ពេលបងប្អូនមកជួបជុំគ្នាទៅ យើងជូនគេទៅ។ អ្នកខ្លះគេឱ្យតែម្ដង គេឱ្យទាំងគ្រិស្តម៉ាស់ ហ្គីវ្ទ ទាំងញីវយា ហ្គីវ្ទ…»

ទាក់ទងនឹងការជូនរបស់របរដល់ញាតិមិត្តក្នុងឱកាសចូលឆ្នាំថ្មី ដែលខ្មែរយើងនិយមហៅតាមភាសាបារាំងថា «កាដូ» ឯកសារខ្លះកត់ត្រាថា គឺមានតាំងពីសម័យបុរេប្រវត្តិ (Pre-historic Area) ហើយក៏នៅពេញនិយមរហូតមកដល់សព្វថ្ងៃនេះ នៅតាមប្រទេសនានាលើពិភពលោក។

ប្រពៃណីពិសេសមួយទៀតនៃការប្រារព្ធពិធីបុណ្យ គឺការជួបជុំគ្នានារាត្រីឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី។ ១0 វិនាទី មុនម៉ោង ១២ ពាក់កណ្ដាលអធ្រាត្រ គេចាប់ផ្ដើមស្រែកព្រមៗគ្នា ដោយរាប់ថយរហូតដល់ទ្រនិចនាឡិកាដើរដល់ម៉ោង ១២ គត់ គេក៏ចាប់ផ្ដើមបាញ់កាំជ្រួច ជះពន្លឺព្រោងព្រាយចម្រុះពណ៌គួរឱ្យគយគន់ និងលាន់សូរកងរំពងទៅលើអាកាស លាយឡំនឹងសំឡេងស្រែកអបអរសាទរស្វាគមន៍ឆ្នាំថ្មីពីមនុស្សម្នាដែលចូលរួមនាឱកាសនោះ។

នៅសហរដ្ឋអាមេរិក ពិធីជួបជុំគ្នានារាត្រីចុងក្រោយនៃឆ្នាំចាស់ ដើម្បីទទួលស្វាគមន៍ឆ្នាំសាកលដែលល្បីជាងគេ គឺនៅទីក្រុងញីវយ៉ក។ អ្វីដែលពិសេសនោះ គឺប្រពៃណីទម្លាក់ «បាល់ជូនពរ» (Wishing Ball) ធ្វើអំពីគ្រីស្តាល់ ដែលគេចុចគន្លឹះយន្តទម្លាក់យឺតៗ នៅវេលាពាក់កណ្ដាលអធ្រាត្រ នៅទីលាន «ថែមស្គ្វែរ» (Times Square) ដើម្បីស្វាគមន៍ឆ្នាំថ្មី។ បាល់គ្រីស្តាល់នេះ មានចារសព្ទសាធុការពរដែលមនុស្សពីទីផ្សេងៗបានសរសេរទៅកាន់អ្នកជាទីស្រឡាញ់របស់គេ ព្រមទាំងក្ដីសង្ឃឹម បំណងប្រាថ្នា និងការតាំងចិត្តសម្រាប់ឆ្នាំថ្មី។

បំណងប្រាថ្នា និងការតាំងចិត្តសម្រាប់ឆ្នាំថ្មីនេះ គឺជាប្រពៃណីដ៏សំខាន់មួយទៀតនៃការប្រារព្ធបុណ្យចូលឆ្នាំសកល។

យុវជនខ្មែរម្នាក់នៅខេត្តសៀមរាប យល់ថា ការតាំងចិត្តកំណត់ទិសដៅជាក់លាក់ក្នុងកិច្ចការងារជាប្រយោជន៍អ្វីមួយ គឺជាប្រការល្អប្រសើរសម្រាប់ជីវិតផ្ទាល់នៃបុគ្គលម្នាក់ៗ ដែលក៏នឹងជួយដល់ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល៖ «ខ្ញុំបាទឈ្មោះ នៅ ចៅស្រេង ខ្ញុំសព្វថ្ងៃកំពុងបន្តការសិក្សាផ្នែកអគ្គិសនី និងអេឡិចត្រូនិក។ ក្នុងការផ្លាស់ឆ្នាំចាស់ ចូលឆ្នាំថ្មី ជាបំណងចង់បញ្ចប់ថ្នាក់មហាវិទ្យាល័យក្នុងឆ្នាំថ្មីនេះឱ្យបានកម្រិតល្អប្រសើរជាងឆ្នាំចាស់»

ពិធីស្វាគមន៍ឆ្នាំថ្មី ឆ្នាំសាកលនេះ គេតែងរៀបចំធ្វើនៅទីតាំងសំខាន់ៗ ជាប្រវត្តិសាស្ត្រ និងជានិមិត្តរូបតំណាងនៃប្រទេស ឬទីក្រុងនីមួយៗ។

នៅប្រទេសអ៊ីតាលី មនុស្សជាច្រើនម៉ឺននាក់តែងមកប្រជុំគ្នានៅទីក្រុងរ៉ូម (Rome) អតីតរាជធានីនៃចក្រភពរ៉ូម៉ាំង និងជាប្រភពដើមកំណើតនៃទិវាឆ្នាំថ្មី ឆ្នាំសាកល។ នាឱកាសនោះ តែងមានរៀបចំពិធីដើរក្បួនព្យុហយាត្រា និងក្រុមតន្ត្រីបុរាណ បង្ហាញពីវប្បធម៌ប្រពៃណីរបស់ជនជាតិអ៊ីតាលី។

ការបរិភោគអាហារល្ងាចជុំគ្នាជាមួយម្ដាយឪពុក និងបងប្អូនមិត្តភ័ក្ដិនារាត្រីឆ្លងឆ្នាំឈានចូលឆ្នាំថ្មី គឺប្រពៃណីមួយនៃជនជាតិអ៊ីតាលី ក្នុងនោះមានអាហារពិសេសម្យ៉ាងដែលគេរម្ងាស់គ្រាប់សណ្ដែកជាមួយនិងបន្លែផ្សេងៗ។ អាហារពិសេសនេះ គេទុកទទួលទាននៅវេលាម៉ោង ១២ ពាក់កណ្តាលអធ្រាត្រ។ នៅពេលស្នូរជួង ឬអន្លូងនាឡិកាវាយម្ដង គេទទួលទានសម្លពិសេសនេះមួយស្លាបព្រា ដរាបដល់ឆ្លងផុតឆ្នាំចាស់ ដែលគេជឿថា នឹងនាំមកនូវសិរីសួស្តី ជ័យមង្គល ក្នុងឆ្នាំថ្មី។

ចំណែកនៅប្រទេសកម្ពុជាវិញ ប្រជាពលរដ្ឋតែងយកឱកាសចូលឆ្នាំសាកលនេះ ជួបជុំគ្រួសារ ញាតិមិត្តបងប្អូន ទទួលទានអាហារ និងជូនកាដូគ្នាទៅតាមធនធានរៀងៗខ្លួន៖ «ខ្ញុំឈ្មោះ ពិន ណារិន ខាងពង្រឹងសិទ្ធិអំណាចស្ត្រីវ័យក្មេងនៅកម្ពុជា។ ធម្មតាចូលឆ្នាំគ្រាន់ជួបជុំគ្នាញ៉ាំអីតិចតួច និងជួបជុំដើរលេងជាលក្ខណៈគ្រួសារ»

ចំណែកយុវជន-យុវតីខ្មែរខ្លះទៀត ក៏បានយកឱកាសទិវាចូលឆ្នាំសាកលនេះជាការបង្ហាញនូវទឹកចិត្តដឹងគុណចំពោះលោកឪពុកអ្នកម្ដាយ៖ «ខ្ញុំឈ្មោះ ភីរម្យ ពីខេត្តកំពង់ឆ្នាំង ធ្វើការនៅរោងចក្រទឹកកក។ ឆ្នាំនេះខ្ញុំបានទិញវត្ថុអនុស្សាវរីយ៍ជូនពួកគាត់ សងគុណដែលគាត់បានចិញ្ចឹមបីបាច់ថែរក្សាពួកខ្ញុំ ផ្ដល់ឱកាសឱ្យបានរៀនសូត្ររហូតដល់ចប់រៀងៗខ្លួន។ ខ្ញុំឈ្មោះ ឃាង សុខហៃ ជានិស្សិតរៀនខាងផ្នែក Business and Management (ជំនួញ និងការគ្រប់គ្រង)។ ដល់ថ្ងៃហ្នឹង មានការជួបជុំគ្នា មានការជូនពរដល់ឪពុកម៉ែខ្ញុំឱ្យគាត់មានអាយុវែង មានសុខភាពល្អ ខ្ញុំក៏ធ្វើការបានប្រាក់កម្រៃខ្លះៗ ខ្ញុំនឹងទិញសំលៀកបំពាក់ជូនពួកគាត់ ឱ្យគាត់សប្បាយចិត្ត និងភ្ញាក់ផ្អើលផង…»

ដូចជាប្រពៃណីឆ្នាំថ្មីរបស់ខ្មែរ ឬក៏ជាតិសាសន៍ផ្សេងទៀតដែរ ការជូនពរសព្ទសាធុការគ្នាទៅវិញទៅមក គឺជាផ្នែកមួយទៀតនៃប្រពៃណីបុណ្យចូលឆ្នាំសកល។

បទចម្រៀង «អូល ឡាង ស្ហាន-Auld Lang Syne» មានន័យថា៖ «លាឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី» ដែលពលរដ្ឋនៃប្រទេសនិយាយភាសាអង់គ្លេសស្ទើរទាំងអស់នៅលើពិភពលោក តែងនិយមនាំគ្នាច្រៀងបន្ទរនាឱកាសរាត្រីទទួលស្វាគមន៍ឆ្នាំថ្មី។

ពិធីស្វាគមន៍ឆ្នាំសាកលឆ្នាំថ្មី២០១៣ នេះ មានលក្ខណៈពិសេសជាប្រវត្តិសាស្ត្រ ដោយពិភពលោកបានឆ្លងផុតពីគ្រោះមហន្តរាយនៃការទស្សន៍ទាយរបស់ប្រតិទិនដ៏ចំណាស់មួយ ឈ្មោះ «ម៉ាយ៉ា» ដែលគេជឿថា ភពផែនដីយើងនេះនឹងវិនាសសាបសូន្យនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២៕

ប្រភពពី៖ វិទ្យុអាស៊ីសេរី

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s