ប្រវត្តិសាស្រ្តព្រះពុទ្ធសាសនាក្នុងកម្ពុជា(ត…)


ប្រវត្តិសាស្រ្តព្រះពុទ្ធសាសនាក្នុងកម្ពុជា(ត…)

ប៉ុន្តែយ៉ាងណាក៏ដោយ ព្រះពុទ្ធសាសនាក៏ចាប់ផ្តើមចម្រើនរុងរឿងឡើងម្តងទៀតក្នុងរជ្ជកាលរបស់ព្រះបាទអង្គដួងដែលទ្រង់ ​ឡើង​គ្រងរាជ្យក្នុងក្រុងឧត្តុង្គមានជ័យ(ព.ស.២៣៨៤ គ.ស. ១៨៤១ ដល់ ព.ស.២៤០៤ គ.ស.១៨៥៩) ព្រះបាទអង្គដួងជាព្រះរាជ​បុត្រ​របស់ព្រះបាទនរាយណ៍រាជាធិរាជឬព្រះបាទអង្គអេង ទ្រង់សម្ភពនៅព.ស. ២៣៣៩ ព្រះអង្គត្រូវចាប់ជាឈ្លើយទៅប្រថាប់​នៅក្នុងទីក្រុងបាងកកក្នុងព.ស.២៣៥៥  ក្រោយមក ព.ស. ២៣៦០​ ទ្រង់បានសម្រេចព្រះទ័យបួសរៀនក្នុងវត្តមហាធាតុដែលមាន​ សម្តេចព្រះសង្ឃរាជ(ដន)ជាព្រះឧបជ្ឈាយ៍ ទ្រង់សិក្សាបួសរៀនបាលីបាន ៧ ប្រយោគ​ ទ្រង់បានសន្ទនាធម៌ជាមួយនឹង​ព្រះបាទ​សម្តេច​ ព្រះចមក្លៅជាប្រចាំដែលទ្រង់បួសរៀនដែរ ព្រះបាទអង្គដួងទ្រង់ជ្រះថ្លាយ៉ាងខ្លាំងក្នុងគណៈធម្មយុត្តិកនិកាយ និងទ្រង់​ណែនាំឲ្យ​ ព្រះមហាប៉ានគង់នៅវត្តស្រះកេស(សៈកេត)ចូលបួសក្នុងវត្តបរមនិវាស លុះដល់ ព.ស. ២៣៧៧ ទ្រង់បានលាសិក្ខ​ព្រោះត្រូវព្រះបាទសម្តេច​ព្រះណាំង​ ក្លៅទ្រង់ណែនាំនិងទ្រង់ព្រះមេត្តាប្រោសព្រះរាជទានតាំងឲ្យធ្វើជាចៅហ្វាយខេត្តមង្គលបុរី និងជួយចៅពញាបតិន្រ្ទតេជោ​ធ្វើ​សង្រ្គាម​ជាមួយនឹងវៀតណាម ។

ក្រោយពីបានបណ្តេញកងទ័ពវៀតណាមចេញពីប្រទេសកម្ពុជាបានសម្រេច ព្រះបាទអង្គដួងត្រូវបានព្រះបាទសម្តេចព្រះណាំង​ក្លៅ​ ទ្រង់ព្រះមេត្តាប្រោសព្រះរាជទានតាំងជាក្សត្រប្រទេសរាជក្នុងក្រុងឧត្តុង្គមានជ័យ ក្នុងព.ស. ២៣៩០ ដោយមានព្រះ​រាជ​ទិន្ននាមថា

ព្រះហរិរក្សរាមាធិបតី ស្រីសុរិយោពណ៌ ធម្មិកវរោត្តម បរមស្រីឥន្ទ្រា មហាចក្រពត្តិរាជ បរមនាថបរមបពិត្រ ស្ថិតជា​ឥស្វរ​កម្ពុជា រតនរាជ ឱភាសជាតិវរវង្ស ទ្រទ្រង់កម្ពុជាមហាប្រទេសរាជនរ បវរវិវឌ្ឃនាតិរេក ឯកអគ្គមហាខេមរាធិបតិន្រ្ទ នរិន្ទ្រវិសុទ្ធិឧត្តម បរមបពិត្រ

ព្រះបាទអង្គដួងទ្រង់យកព្រះទ័យទុកដាក់ក្នុងកិច្ចការសាសនាយ៉ាងខ្លាំងព្រោះទ្រង់យល់ឃើញថាព្រះពុទ្ធសាសនាធ្លាក់ចុះដុនដាបយ៉ាងខ្លាំងក្នុងកំលុងការគ្រប់គ្រងរបស់ក្សត្រីអង្គម៉ី ព្រះអង្គលើកតម្កើងស្ថាប័នព្រះពុទ្ធសាសនាឡើងវិញដោយទ្រង់បង្កើត​សាលាបាលី ឈ្មោះ ព្រះបរិយត្តិធម៌ ក្នុងព.ស. ២៣៩៣ ដែលមានព្រះមហានិល ទៀង មហា ៩ ប្រយោគជាអធិបតី ក្រោយ​មក​ ក៏ទ្រង់តែងតាំងព្រះមហា និល ទៀង ឲ្យមានងារជាព្រះព្រហ្មមុនីគង់នៅ​ក្នុងវត្តអដ្ឋរស្សលើភ្នំព្រះរាជទ្រព្យ​ ក្នុងក្រុងឧត្តុង្គមានជ័យ ក្នុងការបង្កើតសាលាបាលីមានវត្ថុបំណង ៣ ប្រការ គឺ

  1. ដើម្បីរក្សាការពារព្រះពុទ្ធសាសនា
  2. ដើម្បីកម្ចាត់អ្នកចូលមកអាស្រ័យសាសនាដោយវិធីការមិនសមគួរ
  3. ដើម្បីសេចក្តីចម្រើនរុងរឿងនៃព្រះសទ្ធម្ម

សិក្ខាវិធី ៦ ប្រយោគ

  1. ប្រយោគ ១ ឲ្យទន្ទេញមេសូត្រកច្ចាយនូ
  2. ប្រយោគ ២ ឲ្យប្រែធម្មបទដ្ឋកថា ភាគ ១ ដល់ ភាគ ៤
  3. ប្រយោគ ៣ ឲ្យប្រែធម្មបទដ្ឋកថា ភាគ ៥ ដល់ ភាគ ៨ ឡើងជាទីមហា
  4. ប្រយោគ ៤ ឲ្យប្រែមង្គលត្ថទីបនីភាគ ១ ដល់ ភាគ ៤
  5. ប្រយោគ ៥ ឲ្យប្រែសាមន្តប្បាសាទិកាភាគ ១ ដល់ ភាគ ៣
  6. ប្រយោគ ៦ ឲ្យប្រែវិសុទ្ធិមគ្គភាគ ១ ដល់ ភាគ ៣

ក្នុងការសិក្សាព្រះបរិយត្តិធម៌ កំណត់ឲ្យអ្នកសិក្សាប្រែប្រយោគបាលីដោយមាត់ទទេ និង ចាត់ឲ្យ​ប្រឡងរាល់ឆ្នាំ នៅពេល​ប្រឡង​ដេញប្រយោគ ព្រះបាទ​អង្គដួងទ្រង់គង់​ជាអធិបតី ព្រះព្រហ្មមុនីចេញវិញ្ញាសាប្រឡង ដោយអនុញ្ញាតឲ្យ​សមណៈ​ សិស្សប្រឡងសូធ្យមេសូត្រកច្ចាយនូនិងប្រែបាលីធម្មបទដោយមាត់ទទេ អនុញ្ញាតឲ្យសូធ្យនិងប្រែរអាក់រអួលតែ ៣ ដង បើ​លើស​ពី ៣ ដងចាត់ទុកថា ប្រឡងធ្លាក់ ។

ព្រះបាទអង្គដួងទ្រង់ឧបត្ថម្ភសមណៈសិស្សដោយវិធីការផ្សេង ៗ គឺ បើសមណៈសិស្សណាប្រឡងបាលីបាន ក៏ទ្រង់ប្រទាន​រង្វាន់ជាត្រៃចីវរប្រណីត បើប្រឡងបានទីមហា ទ្រង់តែងតាំងឲ្យជាព្រះរាជាគណៈ និងចិញ្ចឹមបីបាច់ញោមប្រុសញោមស្រី ដែលរងទុក្ខលំបាក បើសិក្ខទៅវិញ ទ្រង់ឲ្យចូលបម្រើការជាមន្រ្តីរាជការក្នុងក្រុមសង្ឃការីតាមសេចក្តីពេញចិត្ត ។

ព្រះបាទសម្តេចព្រះហរិរក្សទ្រង់បង្កើតក្រុមសង្ឃការីដើម្បីជួយបម្រើរាជកិច្ចទាក់ទងនឹងព្រះសង្ឃ ក្រុមរាជបណ្ឌិត​ដើម្បីប្រឹក្សា​រាជកិច្ចគ្រប់គ្រងផែនដី ក្រុមបរិយត្តិធម៌ដើម្បីឲ្យកុលបុត្រខ្មែរដែលចូលមកបួស​ បានសិក្សាព្រះបរិយត្តិធម៌​នៅក្នុងវត្ត​នានា​ទូទាំងព្រះរាជាណាចក្រ ពោលគឺ វត្តអារាមជាសាលារៀន ទ្រង់តម្កើងងារជាទីព្រះមហា​ដល់សមណៈសិស្សដែល​ប្រឡងដេញ​ប្រយោគបាន ៣ ប្រយោគ ។

​នៅព.ស. ២៣៩៦ គ.ស. ១៨៥៣ ច.ស. ១២១៥ ម.ស. ១៧៧៥ ដើម្បីពង្រឹងព្រះពុទ្ធសាសនាឲ្យបានរឹងមាំ ព្រះបាទអង្គដួងទ្រង់​បានបញ្ជូន​គណៈប្រភូទៅ​អារាធនា​ព្រះមហាប៉ាន បញ្ញាសីលោ គង់​នៅវត្តបរមនិវាសក្នុងទីក្រុងបាងកកឲ្យមកជួយការងារ​បរិយត្តិធម៌ជាមួយនឹង​ ព្រះព្រហ្មមុនី និល ទៀង នៅព.ស. ២៣៩៧ គ.ស. ១៨៥៤ ច.ស. ១២១៦ ម.ស. ១៧៧៦ ព្រះមហាប៉ាន​ ព្រមទាំងគណៈក៏បានធ្វើដំណើរមកដល់ក្រុងឧត្តុង្គមានជ័យនិងស្នាក់នៅក្នុងវត្តសាលាគូ ។

លុះដល់ព.ស. ២៣៩៩ គ.ស.១៨៥៦ ច.ស.១២១៨​ ម.ស.១៧៧៨ ​ព្រះបាទអង្គដួងក៏ទ្រង់សរសេរ​ព្រះរាជសុភអក្សរទៅថ្វាយ​ ព្រះបាទសម្តេចព្រះចមក្លៅសូមរាជានុញ្ញាតព្រះមហា ប៉ាន មហា ៩ ប្រយោគឲ្យគង់នៅក្នុងក្រុងឧត្តុង្គមានជ័យ​ដើម្បីជួយ​ការ​ងារ​ ព្រះបរិយត្តិធម៌បាលី និងទូលសុំព្រះរាជានុញ្ញាតឲ្យព្រះរាជបុត្រនរោត្តមទទួលគោរម្យងារជា​ ទីឧបរាជដើម្បីស្នងរាជ្យ​បន្តពីព្រះអង្គ នៅឆ្នាំដដែលនោះក៏ទ្រង់សរសេរព្រះបរមរាជសាសន៍ទៅថ្វាយព្រះចៅអធិរាជបារាំងណាប៉ូលេអុងទី ៣ ឲ្យជួយ​ការពារ​ប្រទេសកម្ពុជា ។  សូមអានអណ្ណាមស្យាមយុទ្ធ១៨៣៣-១៨៤៧

នៅព.ស.២៤០១ ​គ.ស.១៨៥៨ ច.ស.១២២០ ម.ស.១៧៨០ ព្រះបាទអង្គដួងទ្រង់លើកព្រះព្រហ្មមុនី និល ទៀងឲ្យឡើងជាទី​សម្តេចព្រះមហាសង្ឃរាជា និងព្រះមហាវិមលធម្ម ប៉ាន ឲ្យឡើងជាទីសម្តេចព្រះសុគន្ធាធិបតី គ្រប់គ្រងព្រះពុទ្ធសាសនាក្នុង​ប្រទេសកម្ពុជា នៅព.ស.២៤០២ គ.ស.១៨៥៨ ច.ស.១២២១ ម.ស១៧៨១ ទើបរៀបពិធីមុទ្ធាភិសេកឡើងជាសម្តេច​ព្រះសង្ឃ​ រាជពេញទីដោយព្រះព្រហ្មមុនីមានរាជទិន្ននាមក្នុងព្រះសុវណ្ណបដ្តថា

សម្តេចព្រះមហាសង្ឃរាជា គណាធិបតី សិរីបរមបពិត្រ ជាសង្ឃនាយកតិលកា លោកាចរិយោត្តមបរមមេធាសង្ឃជេដ្ឋា មហាសង្ឃរាជា ធម្មិកវរោត្តមបរមបពិត្រដ៏ជាអធិបតីឰដ៏គណៈសង្ឃក្នុងក្រុងកម្ពុជាជេដ្ឋាមហាឥន្ទបត្តនគរបវរបុរីរម្យ ​ឧត្តមរាជបនិជាមហាមគ្គនាយក “។

http://www.khmerbuddhism.ca

 

EBS 3D Documentary [The Land of Gods, Angkor]

The Great Khmer Empire [ HD ] Angkor Wat Temple

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s