ប្រវត្តិសាស្រ្តព្រះពុទ្ធសាសនាក្នុងកម្ពុជា(ត)


ប្រវត្តិសាស្រ្តព្រះពុទ្ធសាសនាក្នុងកម្ពុជា(ត)

២.យុគចេនឡា(ព.ស.១១០០-ព.ស.១៣៤៤) ចេនឡាជាពាក្យដែលចិនហៅប្រទេសកម្ពុជាដែលតាំងនៅភាគខាងជើង​របស់​នគរភ្នំ ពាក្យនេះប្រហែលជាល្អៀងមកពីពាក្យថា ជាន់លើ ព្រះបាទភវវរ្ម័នជាបឋមក្សត្រគ្រងរាជ្យក្នុងព.ស.១០៩៣ ព្រះមហា​ក្សត្រ​ក្នុងយុគដំបូងនៅកាន់សាសនាព្រហ្មណ៍និកាយសិវៈ ចំណេរកាលតមកក្នុងរជ្ជកាលរបស់ព្រះបាទឦសានវរ្ម័នទី ១ (ព.ស.១១៥៩​-ព.ស.១១៦៩) តាមពង្សាវតារចិននៃរាជវង្សស៊ុយកត់ត្រាទុកថា “ក្នុងរជ្ជកាលរបស់ព្រះបាទឦសានវរ្ម័ននេះ មានភិក្ខុ ភិក្ខុណី​ជា​ច្រើនរូប…”  ។

ក្នុងរជ្ជកាលរបស់ព្រះបាទជយវរ្ម័នទី ១(ព.ស.១២០០-ព.ស.១២២៤)មានភស្តុតាងក្នុងកំណត់ហេតុរបស់ភិក្ខុចិនអ៊ីជិងដែល​ ធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌានិងឆ្លងកាត់ដែនដីបរិវេណនេះកត់ត្រាទុកថា សម័យនោះ ព្រះពុទ្ធសាសនាចម្រើនរុងរឿង​ណាស់ មានវត្តទូទៅសព្វកន្លែង ប្រជាជនទូទៅនិយមបួសក្នុងព្រះពុទ្ធសាសនា សូម្បីតែមន្រ្តីរាជការក៏និយមបួសដែរ ​លុះដល់​ពុទ្ធសតវត្សទី ១៤ ព្រះពុទ្ធសាសនាមហាយានបានចូលមកផ្សព្វផ្សាយក្នុងអាស៊ីអាគ្នេយ៍ ប្រទេសកម្ពុជាក៏ទទួលយកព្រះពុទ្ធ​សាសនា​មហាយានមកបដិបត្តិដែរ ប៉ុន្តែមិនសូវមានឥទ្ធិពលដូចយ៉ាងព្រះពុទ្ធសាសនាថេរវាទទេ ក្រោយពីរជ្ជកាលរបស់ព្រះបាទ ជយវរ្ម័នទី ១ មិនយូរប៉ុន្មាន អាណាចក្រចេនឡាក៏ផុតរលត់ទៅ ។

៣.យុគមហានគរ(ព.ស.១៣៤៥-ព.ស.១៩៧៥) យុគមហានគរ សំដៅដល់ យុគអង្គរតូចឬអង្គរវត្ត ឬ នគរតូចឬនគរវត្ត និង យុគអង្គរធំឬ​នគរធំ ចាត់ជាយុគសម័យដែលអារ្យធម៏ខ្មែរចម្រើនរុងរឿងបំផុតក្នុងប្រវត្តិសាស្រ្ត យុគសម័យនេះរាប់ចាប់តាំងពី​រជ្ជកាលរបស់ព្រះបាទជយវរ្ម័នទី ២ (ព.ស.១៣៤៥-ព.ស.១៤២០)រហូតដល់ព្រះបាទពញាយ៉ាត(ព.ស.១៩៧៥) ដែល​ទ្រង់​ចេញចាកចោលព្រះរាជវាំងបាសាណនៅខេត្តស្រីសន្ធរ​ មកតាំងព្រះរាជវាំងនៅទិសអាគ្នេយ៍នៃ​ភ្នំដូនពេញនាត្រើយ​ខាង​លិច​ទន្លេច្រាបឈាម កាលនោះទ្រង់បានសន្មតតាំងគោរមនាមព្រះនគរជាដំបូងថា “ក្រុងចតុម្មុខមង្គលសកលកម្ពុជាធិបតី​សិរីសោធរ បវរឥន្ទបត្តបុរីរដ្ឋរាជសីមាមហានគរ”  ឯទន្លេច្រាបឈាមទ្រង់បញ្ញត្តឲ្យហៅថា ទន្លេចតុម្មុខ  និងក្រោយ​មក​ហៅទីក្រុងដោយខ្លីថា ភ្នំពេញ​ រហូតមកដល់សព្វថ្ងៃនេះ ទីក្រុងភ្នំពេញមានអាយុកាល ៥៨០ ឆ្នាំនៅឆ្នាំ ២០១២ នេះ(២០១២-១៤៣២=៥៨០)  ។

បន្ទាប់ពីព្រះបាទជយវរ្ម័នទី ២ គ្រងរាជ្យក្នុងព.ស.១៣៤៥ ហើយផ្លាស់មហានគរមកតាំងនៅលើភ្នំមហិន្ទ្របព៌ត ឬ ភ្នំគូលេន​បច្ចុប្បន្ន ព្រះអង្គទ្រង់កាន់សាសនាព្រាហ្មណ៍ ប៉ុន្តែព្រះពុទ្ធសាសនានៅជាទីគោរពបូជាក្នុងចំណោមប្រជាជន ។

ក្រោយពីយុគរបស់ព្រះបាទជយវរ្ម័នទី ២ ព្រះមហាក្សត្រអង្គនីមួយ ៗកាន់សាសនាព្រាហ្មណ៍ក៏មាន កាន់ព្រះពុទ្ធសាសនា​ក៏មាន ប៉ុន្តែសាសនាទាំងពីរក៏រស់នៅជាមួយគ្នាយ៉ាងសុខដុមរមនា ។

លុះដល់រជ្ជកាលរបស់ព្រះបាទសុរិយវរ្ម័នទី ១ ទ្រង់ឡើងគ្រងរាជ្យក្នុងព.ស.១៥៤៥-ព.ស.១៥៩៣ ព្រះអង្គជាបឋមក្សត្រ​ដែល​លើក​ស្ទួយ​ ព្រះពុទ្ធសាសនាមហាយានជាសាសនារបស់រដ្ឋជាផ្លូវការ លុះដល់ព្រះបាទសុរិយវរ្ម័នទី ២ ទ្រង់ឡើងគ្រងរាជ្យក្នុង​កំលុងព.ស. ១៦៥៦ ដល់ ព.ស. ១៦៩៣ ព្រះអង្គទ្រង់គោរពកាន់សាសនាព្រាហ្មណ៍និងកសាងប្រាសាទនគរតូចឡើង​ដើម្បី​ បូជាព្រះវិស្ណុ ចំណេរកាលតមក ក្នុងរជ្ជកាលរបស់ព្រះបាទជយវរ្ម័នទី ៧ ព្រះអង្គបានកែប្រែនគរតូចឲ្យទៅជានគរវត្តតាម​បែបព្រះពុទ្ធសាសនាដែលជាប់នាមថា នគរវត្ត រហូតមកដល់សព្វថ្ងៃនេះ ។

នគរវត្តឬអង្គរវត្តតាំងនៅក្នុងខេត្តសៀមរាប ចាត់ជាអច្ឆរិយវត្ថមួយរបស់ពិភពលោកដែលចុះបញ្ជីជាបេតិកភណ្ឌពិភព​លោក​នៅឆ្នាំ ១៩៩២  (ព.ស.២៥៣៥)មានទំហំដល់ទៅ ២០០០០០ ម៉ែត្រការេ មានកំពែងខាងក្រៅខាងនីមួយ ៗ ប្រវែង ១,៥ គ.ម. មានថ្មទាំងអស់ ៦០០០០០ ម៉ែត្រគូប ប្រើដំរីជាង ៤០០០០ ក្បាលនិងពលករជាង ១០០០០០ នាក់ក្នុងការជញ្ជូនថ្មនិងអូសថ្ម មានសសរ ១៨០០ ​ដើម ទម្ងន់ក្នងមួយដើមជាង ១០ ​តោន រយៈពេលកសាង ១០០ ឆ្នាំ ប្រើជាងចម្លាក់ ៥០០០ នាក់ និងប្រើ​ពេលឆ្លាក់ ៤០ ឆ្នាំ ។

http://www.khmerbuddhism.ca

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s