ម៉ាឡេស៊ី

ប្រទេស​ម៉ាឡេ​ស៊ី

ប្រទេសម៉ាឡេស៊ី ជារាជាណាចក្រសហព័ន្ធ​អាស្រ័យរដ្ឋធម្មនុញ្ញមួយ​នៅអាស៊ីអាគ្នេយ៍។ ម៉ាឡេស៊ីមានផ្ទៃដីសរុប ៣២៩ ៨៤៧ គ.ម។ ម៉ាឡេស៊ីមានរដ្ឋ ១៣ និង ដែនដីសហព័ន្ធ៣។ ភូមិសាស្ត្រម៉ាឡេស៊ីបែងចែកជា២តំបន់គឺ ម៉ាឡេស៊ីឧបទ្វីប (ឬម៉ាឡេស៊ីខាងលិច) និង ម៉ាឡេស៊ីបរនេអូ (ឬម៉ាឡេស៊ីខាងកើត) ដែលតំបន់ទាំង២នេះត្រូវខណ្ឌចែកដោយសមុទ្រចិនខាងត្បូង។ ម៉ាឡេស៊ី​មាន​ព្រំដែន​គោក​ជាប់​ប្រទេសថៃ ឥណ្ឌូនេស៊ី និង ប្រ៊ុយណេ ហើយជាប់ព្រំដែនទឹកជាមួយ សិង្ហបុរី វៀតណាម និង ហ្វីលីពីន។ ដោយ​សារ​ម៉ាឡេស៊ី​ស្ថិត​នៅក្បែរខ្សែអេក្វាទ័រ ប្រទេសនេះមានអាកាសធាតុត្រូពិច។ រដ្ឋធានីគឺនៅ ទីក្រុងកូឡាឡាំពួរ ចំនែកទីក្រុងរដ្ឋបាល​(កន្លែងការិយា​ល័យ​រដ្ឋាភិបាលតាំងនៅ)​គឺនៅពុត្រាចាយ៉ា

ម៉ាឡេស៊ីមានការអភិវឌ្ឍន៍និងការរីកចំរើនផ្នែកសេដ្ឋកិច្ចខ្លាំងនៅអំលុងសតវត្សរ៍ទី២០។ ជាមួយនឹងផលិតផលក្នុងស្រុក (GDP) ១៣០០០$ ម៉ាឡេស៊ីបានក្លាយខ្លួនបន្តិចម្តងៗជា ប្រទេសឧស្សាហកម្មថ្មី។ ដោយសារ​ម៉ាឡេស៊ី​ជាប្រទេស១​ក្នុងចំនោមប្រទេស​ទាំង៣ដែលគ្របគ្រងច្រកម៉ាឡាកា សេដ្ឋកិច្ចម៉ាឡេស៊ីក៏ពឹងផ្អែកសំខាន់ផងដែរលើពាណិជ្ជកម្មអន្តរជាតិ។ ផលិតកម្មក៏មានឥទ្ឋិ​ពលសំខាន់ផងដែរទៅលើសេដ្ឋកិច្ចម៉ាឡេស៊ី។ ម៉ាឡេស៊ីនាំមុខលើក្នុងផលិតកម្ម សំណរប៉ាហាំង កៅស៊ូ និង ប្រេងដូង។

ប្រជាជនម៉ាឡេស៊ីមានប្រមាណ ២៨លាននាក់ (ឆ្នាំ២០១០)។ ភាគច្រើននៃប្រជាជនម៉ាឡេស៊ីជា ជនជាតិម៉ាឡេ។ ក្រៅពីនេះមានជន​ជាតិ​ចិន និង ឥណ្ឌា។ សាសនាឥស្លាមជាសាសនាធំជាងគេនៅម៉ាឡេស៊ី និង ជាសាសនារបស់រដ្ឋ។ ភាសាប្រើប្រាស់​ផ្លូវការគឺ​ភាសា​ម៉ាឡេ

ម៉ាឡេស៊ីជាសមាជិកស្ថាបនិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ASEAN។ ម៉ាឡេស៊ីក៏ជាសមាជិកនៃអង្គការសហប្រជាជាតិ ប្រជា​ជាតិខំមិនវ៉ែល និង ប្រទេសកំពុងអភិវឌ្ឍទាំង៨។

ឈ្មោះ

ឈ្មោះថា «ម៉ាឡេស៊ី»ត្រូវបានអោយប្រើតាំងពីឆ្នាំ ១៩៦៣ គឺនៅពេលដែលសហព័ន្ឋម៉ាឡាយ៉ា សិង្ហបុរី បរណេអូខាងជើង និង សារ៉ាវ៉ាក់ រួមគ្នាបង្កើតជាសហព័ន្ឋដែលមាន១៤រដ្ឋ។

ប្រវត្តិសាស្ត្រ

បុរេប្រវត្តិ

ស្លាកស្នាមប្រវត្តិសាស្ត្រជាច្រើនត្រូវបានគេរកឃើញនៅម៉ាឡេស៊ីឧបទ្វីប រដ្ឋសាបា និង រដ្ឋសារ៉ាវ៉ាក់។ សេម៉ាង ជាក្រុមមនុស្ស​ដែល​គេ​ជឿថាបានធ្វើដំនើរមកពីទ្វីបអាហ្វ្រិក មករស់នៅឧបទ្វីបម៉ាឡេមុនគេ គឺនៅប្រហែល៥ម៉ឺនឆ្នាំមុន។ សេណូយ ជាក្រុមជំនាន់​ក្រោយ​ដែល​មានឈាមជ័រពាក់កណ្តាលពីបុព្វបុរសសេម៉ាង និង ពាក់កណ្តាលពីឥណ្ឌូចិន

ប្រវត្តិសាស្ត្រដើម

តាមប្រភពពីឯកសារចិនបាននិយាយថា មានរាជាណាចក្រម៉ាឡេប្រមាណ៣០ប្រទេសនៅសតវត្សរ៍ទី២ និងទី៣។ រដ្ឋកេដាស (ជាភាសាប៉ាឡាវ៉ាបុរាណ កេដារ៉ាម ជាភាសាសំស្ក្រឹត កត្តហៈ) ស្ថិតនៅចំផ្លូវនៃការឈ្លានពានពីសំនាក់ស្តេចនិងពាណិជ្ជករឥណ្ឌា។ ព្រះចៅអធិរាជទមិឡ ព្រះចៅរាជិន្ទ្រ ចូឡា បានដាក់រដ្ឋកេដាស ជាចំនុះនៅឆ្នាំ១០២៥។ ការមកដល់នៃព្រះចៅចូឡា បានធ្វើ៎អោយ​អំណាចស្តេចស្រីវិជ័យ ដែលធ្លាប់តែមានឥទ្ឋិពលលើរដ្ឋកេដាស រដ្ឋប៉័ត្តានី និង រដ្ឋលីហ្គរ ធ្លាក់ចុះខ្សោយ។ក្រោយបន្តិចមក រាជាណា​ចក្រ​លីហ្គរ ដែលកាន់ព្រះពុទ្ឋសាសនា បានកាន់កាប់រដ្ឋកេដាស ហើយព្រះចៅចាន់ដ្រាបានុបានប្រើវាជាទីតាំងវាយកោះស្រីលង្កា នៅសតវត្សរ៍ទី១១។ នៅសហសវត្សរ៍ដំបូង ប្រជាជននៅឧបទ្វីបម៉ាឡេ កាន់ព្រហ្មញ្ញសាសនា និង ព្រះពុទ្ឋសាសនា និង​ប្រើ​ប្រាស់​ភាសាសំស្ក្រឹត

នៅដើមសតវត្សរ៍ទី១៥ រាជាណាចក្រស៊ុលតង់នៃម៉ាឡាកា ត្រូវបានបង្កើតដោយរាជវង្សរបស់ស្តេច១អង្គព្រះនាម បរមេស្វរៈ។ ស្តេច​អង្គនេះមកពីតំបន់ប៉ាឡេមបាង និងមានខ្សែស្រលាយពីរាជវង្សស្រីវិជ័យ ដែលបានភៀសខ្លួនពីតំបន់តេម៉ាសេក(បច្ចុប្បន្នសិង្ហបុរី)។ រាជាណាចក្រស៊ុលតង់នេះបានគ្រប់គ្រងម៉ាឡេស៊ីឧបទ្វីបបច្ចុប្បន្ន ខេត្តប៉័ត្តានី(ភាគខាងត្បូងប្រទេសថៃ) និង កោះស៊ូម៉ាត្រាខាងកើត។ រាជាណាចក្រស៊ុលតង់មានអត្ថិភាពរយៈពេល១ទសវស្សរ៍ ដែលក្នុងអំលុងពេលនោះ សាសនាឥស្លាម​បានរីក​សាយភាយពាស​ពេញ​កម្រង​កោះម៉ាឡេ។ ម៉ាឡាកាជាកំពង់ផែមមាញឹកជាងគេនៅអាស៊ីអាគ្នេយ៍នៅពេលនោះ។

តឹកតាងដំបូងស្តីអំពីសាសនាឥស្លាមនៅឧបទ្វីបម៉ាឡេដែលរកឃើញនៅតំបន់តេរេងហ្គានុ បានអោយដឹងថា​ឥស្លាម​មាន​នៅទីនោះ​តាំង​ពី​ទសវត្សរ៍ទី១៤។ នៅឆ្នាំ ១៥១១ ព័រទុយហ្គាល់បានដាក់អាណានិគមលើម៉ាឡាកា។ រាជបុត្រទាំង​ឡាយនៃរាជា​ណាចក្រ​ស៊ុល​តង់នៃម៉ាឡាកា បានបែកបាក់ដោយចែកចេញជារាជាណាចក្រស៊ុលតង់២គឺ រាជណាចក្រស៊ុលតង់នៃពេរ៉ាក់ (នៅខាងជើង) និង រាជា​ណាចក្រស៊ុលតង់នៃចូហរ (នៅខាងត្បូង)។ ការបែកបាក់នេះបន្តរហូតដល់ឆ្នាំ ១៦៤១ គឺនៅពេលដែលហុលឡង់ (សំព័ន្ឋមិត្តរបស់រាជាណាចក្រស៊ុលតង់ចូហរ) បានកាន់កាប់ម៉ាឡាកាទាំងស្រុង។

ការមកដល់នៃចក្រភពអង់គ្លេស

ចក្រភពអង់គ្លេសបានដាក់អាណានិគមជាលើកដំបូងនៅឧបទ្វីបម៉ាឡេ នៅឆ្នាំ ១៧៨៦ គឺនៅពេលដែលព្រះចៅស៊ុល​តង់នៃ​កេដាស​បានអោយខ្វីកោះប៉េណាងទៅក្រុមហ៊ុន British East India របស់អង់គ្លេស។ តាមរយៈសន្ឋិសញ្ញាអង់គ្លេស ហុលឡង់ឆ្នាំ១៨៤២។

ភូមិវិទ្យា

ដែនដីសំខាន់ម៉ាឡេស៊ីត្រូវខណ្ឌចែកជា២ដោយសមុទ្រចិនខាងត្បូង។ តែដែនដីទាំង២មានទេសភាពរួមដែលសំបូរដោយច្រាំងសមុទ្រ និងខ្ពង់រាបនិងភ្នំប្រកបដោយព្រៃក្រាស់ៗ។ ភ្នំ​ដែលមាន​កំពស់​ខ្ពស់ជាងគេនៅម៉ាឡេស៊ីឈ្មោះ​​ភ្នំគីណាបាលូ (៤០៩៥,២ម) ដែលស្ថិត​នៅកោះបរណេអូ។ ម៉ាឡេស៊ីមានអាកាសធាតុត្រូពិច ទទួលឥទ្ឋិពលពី​ខ្យល់មូសុង ដែលបក់ពី​ទិសនិរតី​ពីខែ​មេសាដល់ខែតុលា និង​បក់​ពី​ទិសឦសាន​ ពីខែតុលាដល់ខែកុម្ភៈជារៀងរាល់ឆ្នាំ។ច្រកម៉ាឡាកាដែលស្ថិតនៅចន្លោះរវាងឧបទ្វីបម៉ាឡេ និង កោះស៊ូម៉ាត្រា ជាច្រកសមុទ្រដ៏សំខាន់របស់ពិភពលោក។

ទីក្រុងពុត្រាចាយ៉ា ជាទីក្រុងរដ្ឋបាលដែលទើបត្រូវបានបង្កើតថ្មីដោយរដ្ឋាភិបាលសហព័ន្ឋ ក្នុងគោលដៅបន្ឋូរបន្ថយ​ភាពកកកុញនៅ​រដ្ឋធានីកូឡាឡាំពួរ។ កូឡាឡាំពូរនៅតែជាទីក្រុងដែលសភាតាំងនៅ ក៏ដូចជាទីក្រុងពាណិជ្ជកម្មនិងហិរញ្ញវត្ថុរបស់ម៉ាឡេស៊ីដដែល។ ទីក្រុងសំខាន់ៗផ្សេងទៀតមាន ចចថោន អ៊ីប៉ូ ចូហរបារូ គូជីង កុតាគីណាបាលូ មីរី អាឡរស្តារ ម៉ាឡាកាថោន និង ក្លាង ជាដើម។

ប្រជាសាស្ត្រ

ប្រជាជនម៉ាឡេស៊ីមានជនជាតិច្រើនជាតិសាសន៍ ដែលនៅក្នុងនោះជនជាតិម៉ាឡេ មានច្រើនជាងគេ(៦២%)។ តាមនិយមន័យក្នុង​រដ្ឋ​ធម្មនុញ្ញម៉ាឡេស៊ី ជនជាតិម៉ាឡេ​ជាអ្នកកាន់​សាសនាមូស្លីម​ ដែលប្រណិប័តតាមវប្បធម៌ម៉ាឡេ។ និយាយម្យ៉ាងទៀត អ្នកណាក៏ដោយ មិនថាមានដើមកំនើតពីសាសន៍ណាក៏ដោយ អោយតែកាន់សាសនាមូស្លីម ហើយគោរពប្រណិប័តតាមវប្បធម៌ម៉ាឡេ អាចត្រូវ​ចាត់ទុក​ជា​ជនជាតិម៉ាឡេ ហើយមានសិទ្ឋិស្មើជនជាតិម៉ាឡេដែរ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ២៤%នៃប្រជាជន​មានខ្សែ​ស្រលាយ​ពីជន​ជាតិចិន និង ៨%មានដើមកំនើតពី​ជនជាតិឥណ្ឌា។ ៩០%នៃសហគមន៍ជនជាតិម៉ាឡេស៊ីឥណ្ឌានេះជាជនជាតិតាមិល។ ជនជាតិ​ដែល​នៅ​សល់ជាជនជាតិភាគតិចច្រើនអំបូរដែលមិនមែនជាជនជាតិម៉ាឡេ។ ពួកនេះច្រើនមាននៅ​ម៉ាឡេស៊ីខាងកើត(ម៉ាឡេស៊ីបរណេអូ)។ ច្រើនជាង៥០%នៃប្រជាជននៃរដ្ឋសាបា និង រដ្ឋសារ៉ាវ៉ាក់ ជាជនជាតិទាំងនេះ។ តាមឯកសារ គេរកឃើញជនជាតិ​ភាគតិច​ទាំងនេះ​រាប់សិប​ក្រុម តែពួកគេ​ទាំងនោះមានវប្បធម៌មិនខុសគ្នាប៉ុន្មានទេ។ ជនជាតិម៉ាឡេស៊ីផ្សេងទៀតមានដើមកំនើតពីអឺរ៉ុប មជ្ឈិមបូព៌ា កម្ពុជា ថៃ និងវៀតណាម។ ជនជាតិអឺរ៉ុបទាំងនោះជាកូនចៅ​ជនជាតិអង់គ្លេស​និង​ ព័រទុយហ្គាល់​ដែលមក​រស់នៅ​តាំង​ពីសម័យ​អាណា​និគម។ ជនជាតិកម្ពុជា និង វៀតណាម១ចំនួនតូចនេះ ជាជនភៀសខ្លួនពីសង្គ្រាមវៀតណាម។

របាយប្រជាជនមិនស្មើទេ។ ប្រជាជនប្រមាណ២០លាននាក់ប្រមូលផ្ដុំគ្នាកកកុញនៅម៉ាឡេស៊ីឧបទ្វីប ខណៈម៉ាឡេស៊ី​ខាងកើតមាន​ប្រជាជន​តិចតួច។ ដោយសារកំនើនយ៉ាងគំហុក​នៃឧស្សាហកម្មការងារ កំលាំងពលករពី១០%ទៅ២០% ជាជនជាតិបរទេស ដែល​ភាគ​ច្រើនជាជនជាតិឥណ្ឌួនេស៊ី។ មានពលករប្រហែល១លាននាក់ជាពលករ​ស្របច្បាប់ និងប្រហែល១លាន​នាក់ទៀតជាពលករ​ខុស​ច្បាប់​។

ជំនឿ សាសនា

ម៉ាឡេស៊ីជារដ្ឋ ពហុសាសនា ដែលមានសាសនាឥស្លាមជាសាសនារបស់រដ្ឋ។ តាមលទ្ឋផលពីការជំរឿនប្រជាជន​និងភូមិដ្ឋាន​ក្នុងឆ្នាំ​២០០០ បានអោយដឹងថា ប្រជាជន ៦០,៣% កាន់សាសនាឥស្លាម ១៩,២ កាន់សាសនាព្រះពុទ្ឋ ៩,១% កាន់សាសនាគ្រឹស្ត និង ៦,៣% កាន់សាសនាព្រាហ្ម។ នៅសល់៥%ទៀតត្រូវបានរាប់បញ្ចូលក្នុងក្រុមអ្នកកាន់សាសនាដទៃ មាន សាសនាព្រលឹង សាសនាសាម៉ាន់ សាសនាស៊ីក សាសនាបាហាអ៊ី សាសនាតាវ សាសនាខុងជឺ និងសាសនាប្រពៃណីរបស់ចិន។

ទោះជាក្នុងរដ្ឋធម្មនុញ្ញបានធានានូវសេរីភាពខាងជំនឿសាសនាក៏ដោយ ការអនុវត្តជាក់ស្តែងវាមិនងាយស្រួលដូចនោះទេ។ តាមរដ្ឋ​ធម្មនុញ្ញជនជាតិម៉ាឡេត្រូវតែកាន់សាសនាឥស្លាម។ អ្នកដែលមិនមែនជាមូស្លីម ហើយរៀបការជាមួយមូស្លីម ត្រូវតែប្តូរ​ទៅកាន់​សាសនា​ឥស្លាម។ ប៉ុន្តែគេមិនឃើញមានការហាមឃាត់ការសាងសង់អគារសាសនា និង​ សកម្មភាពនៃការប្រារព្ឋ​ពិធីសាសនា​ដែលធ្វើ​ឡើងដោយពួកមិនមែនមូស្លីមទេ។ ជនជាតិមូស្លីមត្រូវឆ្លងកាត់ការសំរេចពី តុលាការសារៀ នៅពេល​មាន​បញ្ហា​ផ្សេងៗ​ទាក់​ទិននឹង​ជំនឿ​និងកាតព្វកិច្ចជាមូស្លីម មានដូចជា ការរៀបអាពាហ៍ពិពាហ៍ ការបន្តកេរ្តិ៍មរតក ការប្តូរសាសនា និង ការលែងលះ។

ការប្រព្រឹត្ត​បទល្មើសបវេណី និង ឧក្រិដ្ឋកម្ម មិនស្ថិតនៅក្រោមការកាត់ក្តីរបស់តុលាការសារៀទេ។ តាមច្បាប់ ទាំងតុលាការស៊ីវិល ទាំងតុលាការ​សហព័ន្ឋមិនមានសិទ្ឋិលើការសំរេចពីតុលាការសារៀទេ។ តុលាការសារៀមានអំនាចប្រហាក់ប្រហែល​នឹងតុលាការ​ស៊ីវិល​ដែរ។ តាម​ច្បាប់ ពួកមូស្លីមមិនអាចប្តូរទៅកាន់សាសនាផ្សេងដោយសេរីបានទេ ដោយអំពើនេះត្រូវតែ​មានការឆ្លងកាត់​ពីតុលា​ការសារៀ។ តុលា​ការសារៀគ្រប់គ្រងដោយតុលាការ​ដែលបានរៀនសូត្រ​ពីច្បាប់សារៀ។ ជាទូទៅ អ្នកដែលចង់​ចាកចេញពី​សាសនា​ឥស្លាម អាច​ធ្វើ​ការ​ប្រកាសតាមនីតិវិធី តែការណ៍នេះមិនត្រួវបានទទួលស្គាល់ដោយតុលាការស៊ីវិលទេ ដរាបណាមិនមានការប្រកាស​សំរេចពីតុលាការសារៀនោះ។ តុលាការសារៀអាចសំរេចអនុញ្ញាត​ អោយនរណាម្នាក់ដែលគេជឿពិតប្រាកដថាគ្មានជំនឿលើសាសនា​ឥស្លាមតទៅទៀត។

សេដ្ឋកិច្ច

 

អាគារភ្លោះប៉េត្រូណាស់ (Petronas Twin Tower) ៖ និមិត្តិរូបម៉ាឡេស៊ី

ឧបទ្វីបម៉ាឡេ និង អាស៊ីអាគ្នេយ៍ ជាស្នូលពាណិជ្ជកម្មជាច្រើនសតវត្សរ៍។ គេឃើញមានការធ្វើជំនួញប៉រសឺឡែន និង គ្រឿងទេស តាំងពីម៉ាឡេស៊ីមិនទាន់កើតជាសហព័ន្ឋតែ១។ ពេលអង់គ្លេសមកកាន់កាប់ម៉ាឡាកា កៅស៊ូនិងដូងប្រេងត្រូវបាននាំមកម៉ាឡេស៊ី។ បន្តិចម្ដងៗ ម៉ាឡាយ៉ាបានក្លាយជាអ្នកនាំមុខគេក្នុងការផលិតកៅស៊ូ ប្រេងដូង និង សំណប៉ាហាំង។ វត្ថុធាតុដើមទាំង៣នេះហើយ ដែល​នាំសេដ្ឋកិច្ចម៉ាឡេស៊ីអោយរីកចំរើនរហូតដល់ពាក់កណ្តាលសតវត្សរ៍ទី២០។ នៅទសវត្សរ៍៧០ ម៉ាឡេស៊ីបានក្លាយជា ខ្លានៅអាស៊ី ដោយប្រែក្លាយសេដ្ឋកិច្ច​ដែលពឹងផ្អែកលើកសិកម្ម និង រ៉ែ មកជាសេដ្ឋកិច្ចពឹងផ្អែកលើផលិតកម្មឧស្សាហកម្ម។ ការវិនិយោគពីជប៉ុនក្នុងឧស្សាហកម្មធុនធ្ងន់ បានជំរុញអោយការនាំចេញជា​ចលករសេដ្ឋកិច្ចចំបងជាងគេ​នៅម៉ាឡេស៊ី។

វប្បធម៌

ម៉ាឡេស៊ីជាសង្គម ពហុជាតិសាសន៍ ពហុវប្បធម៌ និង ពហុភាសា។ ប្រជាជននៅខែកុម្ភៈ ២០០៧ មានចំនូន ២៦,៦លាននាក់ ដែលក្នុងនោះ ៦២%ជាជនជាតិម៉ាឡេ ២៤%ជាជនជាតិចិន ៨%ជាជនជាតិឥណ្ឌា និងក្រៅពីនេះជាជនជាតិភាគតិចច្រើនអំបូរ។

ជនជាតិម៉ាឡេបង្កើតជាសហគមន៍ធំជាងគេ។ ពួកគេកាន់សាសនាឥស្លាម ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ជនជាតិម៉ាឡេ​ដើរ​តួនាទី​សំខាន់ក្នុងគ្រប់វិស័យ ជាពិសេសគឺវិស័យនយោបាយ។ ភាសាកំនើតរបស់ពួកគេគឺភាសាម៉ាឡេ (Bahasa Melayu)។ ភាសាម៉ាឡេ​ជាភាសាជាតិ។

កាលពីអតីតកាល ភាសាម៉ាឡេសរសេដោយប្រើអក្ខរក្រមសំស្ក្រឹត តែត្រូវបានសរសេរ​ដោយប្រើអក្ខរក្រមអារ៉ាប់វិញ​នៅសតវត្សរ៍​ទី​១៥​។ ឥទ្ឋិពលពីអាណានិគម​បានប្តូរការសំនេរដោយប្រើ​ អក្ខរក្រមរ៉ូម៉ង់ដូចបច្ចុប្បន្នវិញ ដោយប្រព័ន្ឋអប់រំនៅ​សម័យអាណានិគម​ប្រើ​ប្រាស់អក្សររ៉ូម៉ង់ក្នុងការបង្រៀន។

ជនជាតិភាគតិចមិនមែនម៉ាឡេ ច្រើនជាងគេគឺ កុលសម្ព័ន្ឋអ៊ីបាន’ (Iban) នៅរដ្ឋសារ៉ាវ៉ាក់។ ពួកគេមានគ្នាដល់ទៅ ៦សែននាក់។ ពួក​គេ​មានប្រពៃណីរស់នៅក្នុងផ្ទះវែងៗ ក្នុងភូមិព្រៃភ្នំ តាមដងទន្លេរ៉ាចាង (Rajang River) និង ទន្លេលូប៉ា (Lupar River)។ កុលសម្ព័ន្ឋ​ប៊ីដាយុស (Bidayuhs) ដែលមានគ្នាដល់ទៅ ១៧ម៉ឺននាក់ ប្រមូលផ្តុំគ្នារស់នៅភាគនិរតីរដ្ឋសារ៉ាវ៉ាក់។ កុលសម្ព័ន្ឋជន​ជាតិភាគ​តិចធំ​ជាងគេនៅរដ្ឋសាបា គឺកុលសម្ព័ន្ឋកាដាហ្សាន់ (Kadazan)។ ពួកគេជាកសិករកាន់សាសនាគ្រឹស្ត។។ ជនជាតិភាគតិចធំ​ជាង​គេនៅ​ម៉ាឡេស៊ីឧបទ្វីប ជាជនជាតិអូរ៉ាងអាស្លី (Orang Asli) ដែលមានគ្នាដល់ទៅ១៤ម៉ឺននាក់។ ពួកគេជាជនជាតិដើម ជាអ្នក​ប្រមាញ់​និង​កសិករ។

ជនជាតិចិននៅម៉ាឡេស៊ីភាគច្រើនកាន់ពុទ្ឋសាសនាមហាយាន និង សាសនាតាវ។ ពួកគេនិយាយភាសាចិនតំបន់ផ្សេងៗដូចជា ភាសា​ចិនកុកងឺ ភាសាចិនហុកគាន ភាសាចិនកន្តាំង ភាសាចិនហាក់កា និង ភាសាចិនទាជីវ។ ជាប្រវត្តិសាស្ត្រ ជនជាតិចិន​បានដើរតួ​​យ៉ាង​សំខាន់ក្នុងសហគមន៍ជំនួញនៅម៉ាឡេស៊ី។

ជនជាតិឥណ្ឌានៅម៉ាឡេស៊ីភាគច្រើនជាជនជាតិតាមិល កាន់សាសនាព្រាហ្ម។ ពួកគេរត់មកពីភាគខាងត្បូង​ឥណ្ឌាក្នុងឋានៈ​ជាគ្រូ​បង្រៀន អ្នកជំនួញ និងកម្មករជំនាញ ហើយមានភាសាកំនើតគឺភាសាតាមិល។ ជនជាតិ​ឥណ្ឌា​ភាគ​ច្រើន​ដែល​មានជីវ​ភាព​មធ្យម​និងធូធារ និយាយភាសាអង់គ្លេសជាភាសាទី១។ សហគមន៍តាមិលមូស្លីមមានគ្នា២សែននាក់។ សហគមន៍​ស៊ីក​មានគ្នាជាង​៨ម៉ឺន​នាក់។

ភ្លេងប្រពៃណីម៉ាឡេស៊ីមានទំរង់ជាល្បាយនៃតន្ត្រីចិននិងតន្ត្រីឥស្លាម។ ឧបករណ៍ភ្លេងសំខាន់គឺ ស្គរ។ ម៉ាឡេស៊ីមានរបាំប្រពៃណី និង របាំល្ខោន ដែលមួយចំនួនមានប្រភពមកពីថៃ ឥណ្ឌា និង ព័រទុយហ្គាល់។ ទំរង់សិល្បៈផ្សេងទៀតមាន ល្ខោនស្រមោល និង ស៊ីឡាត (សិល្បៈនៃការប្រយុទ្ឋរបស់ម៉ាឡេស៊ី) និងសិប្បកម្ម ដូចជា បាទីក (ការជ្រលក់ពណ៌ក្រណាត់) តំបាញ និង សិប្បកម្មប្រាក់និងស្ពាន់។

ម៉ាឡេស៊ី
Malaysia
Flag of Malaysia.svg
ទង់ជាតិ សញ្ញាជាតិ
បាវចនា៖ “Bersekutu Bertambah Mutu” (ភាសាម៉ាឡេ)
ឯកភាពជាកំលាំង
ភ្លេងនិងចំរៀងជាតិ៖Negaraku
បទ នេហ្គារ៉ាគូ (ប្រទេសខ្ញុំ) 

Menu
0:00
LocationMalaysia.png
រដ្ឋធានី កូឡាឡាំពូរ
ពុត្រាចាយ៉ា (ទីក្រុងរដ្ឋបាល)
ភាសា​ផ្លូវ​ការ​ ភាសាម៉ាឡេ
របបដឹកនាំ រាជានិយម
រដ្ឋធម្មនុញ្ញសហព័ន្ឋ
ប្រជាធិបតេយ្យអាស្រ័យសភា
រដ្ឋាភិបាល
-កំពូលប្រមុខសហព័ន្ឋ
នាយករដ្ឋមន្ត្រី
មីហ្សាន់ ហ្សៃណាល់ អាប៊ីឌីន
ណាជីប ទុន រ៉ាហ្ស៊ីក
ឯករាជ្យភាព
-ម៉ាឡាយ៉ា
-សហព័ន្ឋទាំងមូល
ពីអង់គ្លេស
៣១ សីហា ១៩៥៧
១៦ កញ្ញា ១៩៦៣
ផ្ទៃប្រទេស
-សរុប
-ផ្ទៃទឹក
៣២៩ ៨៤៧គ.ម(លំដាប់ទី៦៦)
០,៣%
ចំនួនប្រជាជន
-ជំរឿនឆ្នាំ២០១០
-ដង់ស៊ីតេ
២៧ ៥៦៥ ៨២១
៨៣.៥៧នាក់/គ.ម(លំដាប់ទី១១៤)
រូបិយប័ណ្ណ រីងហ្គីត (RM) ឬ (MYR)
ល្វែង​ម៉ោង​ UTC +៨
កូដទូរស័ព្ទប្រទេស +៦០
TLD អ៊ីនធឺណិត
(TLD:Top Level Domain)
.my
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s